ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ បើកបរ​រថយន្ត​បុក​ម៉ូតូ ​បណ្ដាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​

កំពង់ស្ពឺ ៖ ជនជាតិ​អ៊ុយក្រែន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​ពាក់ព័ន្ធ​ករណី​បើក​រថយន្តបុក​ជា​មួយ​ម៉ូតូ​ដាច់​ជា​ពីរ​កំណាត់ ​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​លើផ្លូវ​ជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ (២-៣) ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅ​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង ម៉ាក​លុ​ច្ស​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2B-3622 បើកបរ​ដោយ​ជនជាតិ​អ៊ុយ​ក្រែ​ន មានឈ្មោះ SKYBIN VLADYSLAY ភេទ​ប្រុស អាយុ៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E937936 ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ E01504604 ផុត​សុពល​ភាព ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ បើកបរ​មកពី​ទិស​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​គ្រឿង ​ម៉ាក​ហុងដា សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-7032 អ្នកបើកបរ ឈ្មោះ ឡេង វុ​ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង និង​អ្នករួមដំណើរ​ជាមួយ​ ឈ្មោះ ជា ជីវន្ត ភេទ​ប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង ​បណ្តាល​ឲ្យ​ដាច់​ម៉ូតូ​ជា​ពីរ​កំណាត់ ​ស្លាប់​ទាំងពីរ​នាក់ ​នៅនឹងកន្លែង​តែម្តង​។​

ប្រភព​បន្តថា ក្រោយពី​កើតហេតុ សព​បុរស​ទាំងពីរ​នា​ក់ បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

បច្ចុប្បន្ន វត្ថុតាង​រថយន្ត និង​ម៉ូតូ ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114