ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ឡាន​ដឹក​ឡាន​ទើប​នាំចូល​ពី​ប្រទេស​កូរ៉េ មក​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ចត​ស្ងៀម​ កៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​ ស្លាប់​ភ្លាមៗ​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បាន​កើត​ឡើង ​រវាង​រថយន្ត​កូរ៉េ​មួយ​គ្រឿង ទើប​នាំចូល​តាម​ច្រក​កំពង់ផែ​កំពង់សោម​ ហើយ​ដឹក​រថយន្ត​កូរ៉េ​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​ទៀត​ នៅ​ពីលើ​ផង​នោះ​ទំនង​រថយន្ត​ទើប​នាំចូល​មិនទាន់​បំពាក់​ប្រព័ន្ធ​បច្ចេកទេស​គ្រប់គ្រាន់ ទើប​ជាន់​ហ្វ្រាំង​មិន​ជា​ប់ ​ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត​កុងតឺន័រ​ចត​ស្ងៀម​ ជាប់​ស្ដុ​ប​ បណ្ដាល​ឲ្យ​រួញ​ខ្ទេច​ឡាន​ ហើយ​អ្នកបើកបរ​គាប​ជាប់​ក្នុង​កាប៊ីន ទាល់តែ​ហៅ​បច្ចេកទេស​មក​វះកាត់​ឡាន ​ទើប​យក​សព​បាន។​

ហេតុការណ៍​គ្រោះ​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤​ ត្រង់ចំណុច​ភ្លើងស្តុប​កែង​មហាវិថី​ឈ្នះ​ឈ្នះ​ ឬ​ផ្លូវ​អូដឹម​ កប់​ស្រូវ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង មាន​ដឹក​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត នៅ​ពីលើ ដែល​គេ​ដឹង​ថា ជា​រថយន្ត​ទើប​ឡើងមក​ពី​ផែ​កំពង់ផែ​កំពង់សោម បើក​បោះពួយ​យ៉ាង​លឿន ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ឈប់​ស្តុ​ប បណ្តាល​ឲ្យ​កៀប​ស្លាប់ ​អ្នកបើកបរ​ក្នុង​កាប៊ីន ត្រូវ​បាន​ក្រុម​សង្គ្រោះ​៧១១ ចេញទៅ​ប្រតិបត្តិការ​ជួយ​វះកាត់​យក​សាកសព​ចេញ​។​

រថយន្ត​បង្ក​ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស អត់​ទាន់​មាន​ស្លាក​លេខ ដឹក​រថយន្ត​សាំ​យ៉ុង ជា​រថយន្ត​ទើប​នាំចូល ឡើង​មកពី​កំពង់ផែ​កំពង់សោម អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​អត្តសញ្ញាណ​មាន ឈ្មោះ ហ៊ាង ស៊ា​ង​ហ៊ុយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ឃ្លាំង​លក់​រថយន្ត មាន​ស្រុកកំណើត នៅ​ភូមិ​ជួរ​កណ្ដាល ឃុំ​កោះ​ពី ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ស្លាប់​ជាប់​ក្នុង​កាប៊ីន។ ចំណែក​ភាគី​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-7061 ជា​រថយន្ត​របស់​ក្រុមហ៊ុន តេង​ឡាយ​។​

មុន​កើតហេតុ រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​រថយន្ត​សាំ​យ៉ុង ​ពណ៌​លឿង ​មួយ​គ្រឿង បើក​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ដោយសារ​រថយន្ត​ទើប នាំ​ចូលមក​ថ្មី បច្ចេកទេស គ្រឿងបន្លាស់​មិនទាន់ បំពាក់​រៀបចំ​ត្រឹមត្រូវ ជាន់​ហ្វ្រាំង​មិន​ជាប់ ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ ដែល​កំពុង​ឈប់​ចត ភ្លើងស្តុប បណ្តាល​ឲ្យ​រុញ​កៀប​ជាប់​អ្នកបើកបរ​រថយន្ត​កូរ៉េ ស្លាប់​ក្នុង​កាប៊ីន ទាញ​យក​សព​មិន​ចេញ ត្រូវ​បាន​សមត្ថកិច្ច ហៅ​រថយន្ត​របស់​អង្គភាព​៧១១ មកជួយ​វះកាត់ ដើម្បី​យក​សាកសព​ចេញ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ដោយឡែក​រថយន្ត​ទាំងពីរ​គ្រឿង​ ត្រូវ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕