ព័ត៍មានទាន់​ហេតុការណ៏
Search

​ខឹង​មិន​ព្រម​លស់ចិញ្ចៀន ទាញ​កាំបិតផ្គាក់ ​ដេញ​កាប់​ប្រពន្ធ និង​ឪ​ក្មេក​ រត់​ពេញ​ភូមិ

កំពង់ស្ពឺ ៖ ដោយសារ​ខឹង​ប្រពន្ធ​មិន​ព្រម​លស់​ចិញ្ចៀន ​បុរស​ម្នា​ក់ បាន​ទាញ​កាំបិតផ្គាក់​ ដេញ​កាប់​ប្រពន្ធ និង ​ឪ​ក្មេក​ រត់​ពេញ​ភូមិ​។​

ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ខាងលើ បាន​កើតឡើង​នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ក្នុង​ភូមិ​ត្រពាំង​ក្រ​ឡូង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

ជនបង្ក​អំពើហិង្សា​មាន ឈ្មោះ មឿ​ន នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ទាញ​កាំបិតផ្គាក់ ប្រវែង​៥៧​សង់ទីម៉ែត្រ ដេញ​កាប់​ទៅលើ​ឪពុកក្មេក​ ឈ្មោះ មិន មួន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ និង​ប្រពន្ធ​ខ្លួនឯង​ ឈ្មោះ មួន ភឿ​ក អាយុ​៤២​ឆ្នាំ ប៉ុន្តែ​មិន​បណ្ដាលឲ្យ​រង​របួស​ឡើយ​។​

នគរបាល​បាន​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ នៃ​អំពើ​ហិង្សា​នេះ​ ដោយសារតែ​ជនសង្ស័យ​បាន​យក​ចិញ្ចៀន​មាស​ទៅ​បញ្ចាំ​គេ​យកលុយ​ចាយ​អស់ ហើយ​មកដល់​ផ្ទះ​ប្រាប់​ប្រពន្ធ​ឲ្យ​​យកលុយ​ទៅ​លស់​មកវិញ​។ ពេល​ប្រពន្ធ​សួរដេញដោល​ លោក​ប្ដី​ខឹង​ ក៏​កើត​ជា​រឿង​ឈ្លោះប្រកែក​ខ្លាំង​តែម្ដង​។​

ខណៈពេល​មាន​ជម្លោះ ​ឪពុកក្មេក​ចូល​ជួយ​អន្តរាគមន៍​កុំឲ្យ​​ឈ្លោះ​គ្នា ​ក៏​កើត​ជា​កំហឹង​ ស្ទុះ​ទាញ​កាំបិតផ្គាក់ ​ដេញ​កាប់​ផ្អើល ​អ្នកភូមិ​មក​ជួយ​ឃាត់​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ភ្លាមៗ និង​ដក​ហូត​បាន​កាំបិតផ្គាក់​មួយ​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕​