ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ផ្ទុះ​រោងចក្រ​គីមី​ចិន​ សម្លាប់​មនុស្ស​៦២​នាក់ ​ខណៈ​លោក Xi បញ្ជា​ឲ្យ​ស៊ើបអង្កេត

កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​មូលដ្ឋាន​ទប់ស្កាត់​គ្រោះមហន្តរាយ​ឧស្សាហកម្ម​ណាមួយ​បន្ថែមទៀត​ បន្ទាប់ពី​ការផ្ទុះ​រោងចក្រ​គីមី​មួយ​បានសម្លាប់​មនុស្ស​ចំនួន​៦២​នាក់ ​ខណៈ​រាប់រយ​នាក់​រងរបួស​និង​បំផ្លាញ​តំបន់ឧស្សាហកម្ម​មួយ​នៅក្នុង​គ្រោះមហន្តរាយ​ប្រភេទ​នេះ​ចុងក្រោយបង្អស់​ដែល​វាយប្រហារ​ប្រទេស​។​

ការផ្ទុះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ភាគ​ខាងកើត Yancheng នៃ​ខេត្ត Jiangsu គឺជា​គ្រោះមហន្តរាយ​ឧស្សាហកម្ម​ដ៏​អាក្រក់​បំផុត​មួយ​ដែល​បាន​វាយប្រហារ​ប្រទេស​ចិន​ខណៈ​លោក Xi បាន​ទទួលស្គាល់ថា ប្រទេស​នេះ​បាន​ជួបប្រទះ​គ្រោះថ្នាក់​ធំៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​

យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹងថា លោក Xi ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីតាលី​បាន​ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​ជាប់​នៅក្នុង​នោះ​និង​ត្រូវ​កំណត់​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ឲ្យ​បាន​ឆាប់​បំផុត​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា ក្រុមប្រឹក្សារដ្ឋ​ដែលជា​គណៈរដ្ឋមន្ត្រី​រប​ស់​ប្រទេស​ចិន​បាន​បង្កើត​ក្រុម​មួយ​ដើម្បី​ស៊ើបអង្កេត​ការផ្ទុះ​នេះ​ខណៈ​សមាជិក​ក្រុមប្រឹក្សារដ្ឋ​លោក Wang Yong បានធ្វើ​ដំណើរ​ទៅ​កន្លែងកើតហេតុ​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​និង​ឆ្លើយតប​។​

ការផ្ទុះ​នេះ​បាន​ផ្តួលរំលំ​អគារ​ជាច្រើន​នៅក្នុង​សួន​ឧស្សាហកម្ម​និង​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ដ៏​ធំ​សម្បើម​ដែល​បាន​ឆាបឆេះ​រហូតដល់​ពេលយប់​ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ព្យាយាម​ស្វែងរក​អ្នក​រស់រានមានជីវិត​នៅក្នុង​បំណែក​នៃ​រោងចក្រ​នេះ​។​

យោងតាម​រដ្ឋាភិបាល​ក្រុង​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង​៦០០​នាក់​បានទទួល​ការព្យាបាល​បន្ទាប់ពី​ការផ្ទុះ​នេះ​។ ក្នុងចំណោម​ពួកគេ មាន​៣៤​នាក់​រងរបួស​ធ្ងន់ធ្ង​រ​បំផុត​ហើយ​៦០​នាក់​ទៀត​រងរបួស​ធ្ងន់​។ មនុស្ស​២៨​នាក់​ក៏​កំពុង​បាត់​ខ្លួន​ផងដែរ​។​

អ្នក​ជួយសង្គ្រោះ​រាប់រយ​នាក់​ត្រូវបាន​បញ្ជូនទៅ​កន្លែងកើតហេតុ​ហើយ​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ប្រមាណ​៤,០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែង​ផ្ទុះ​។​

អាជ្ញាធរ​មូលដ្ឋាន​ដែល​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​បាន​និយាយថា ចំនួន​មនុស្ស​ដែល​មិនបាន​បញ្ជាក់​ត្រូវបាន​គេ​នាំទៅ​ឃុំឃាំង​កាលពី​ថ្ងៃ​សុក្រ​៕ REUTERS