Connect with us

ព័ត៌មានជាតិ

នៅមុខអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ពលរដ្ឋខ្មែរស្រែករកសន្តិភាព ក្រោយថៃឈ្លានពានលើកម្ពុជា

បានផុស

នៅ

សហគមន៍ខ្មែរនៅប្រទេសស្វីស បានប្រមូលផ្ដុំគ្នានៅឯមុខស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ដើម្បីទាមទារឱ្យមានសន្តិភាពឡើងវិញសម្រាប់ប្រទេសកម្ពុជា ក្រោយប្រទេសថៃបាននិងកំពុងប្រើកម្លាំងយោធាដ៏សាហាវឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីទីលានកៅអីបាក់ជើង ក្នុងទីក្រុងហ្សឺណែវ ដែលជាទីតាំងនិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ស្មារតីមនុស្សជាតិ សហគមន៍ខ្មែរ រួមជាមួយសិស្សជនជាតិស្វីស និងអ៊ីតាលីមួយចំនួនផងនោះបានប្រកាសថ្កោលទោសចំពោះសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា។

ពលរដ្ឋខែ្មរបានបដិសេធការប្រើកម្លាំងយោធារបស់ថៃ ហើយអំពាវនាវឱ្យមានការគោរពពេញលេញចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដោយបានបញ្ជាក់ឡើងវិញថា វិវាទទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។

ពួកគេបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងឃោរឃៅ និងមិនរើសគោលដៅ សម្បីតែលើជនស៊ីវិល ទីតាំងស៊ីវិល និងបេតិកភណ្ឌវប្បធម៌ រួមទាំងប្រាសាទព្រះវិហារ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ ពលរដ្ឋនៅស្វីស បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើប្រទេសថៃ ដោយបញ្ឈប់សកម្មភាពឈ្លានពាន និងត្រឡប់ទៅរកការទូតដោយសុចរិតភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។

លោក អុិន តារា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ បានសម្ដែងការកោតសរសើរ និងអរគុណចំពោះពលរដ្ឋដែលបានមកចូលរួមដោយបានលើកឡើងថា វត្តមានរបស់ខ្មែរមានសម្លេងរំញ័រឆ្លងកាត់ឆ្ងាយលើសពីទីលាននេះទៅទៀត។

លោក អ៊ិន តារា និយាយថា នេះគឺជាការក្រោកឈដើម្បីសន្តិភាព ដើម្បីយុត្តិធម៌ និងដើម្បីអធិបតេយ្យភាពរបស់កម្ពុជាសម្លេងរួមរបស់ខ្មែរ អត់ធ្មត់តែម៉ឺងម៉ាត់ ក្រោកឈរប្រឆាំងនឹងការឈ្លានពាន និងមានមូលដ្ឋានយ៉ាងមាំមួនលើច្បាប់និងសេចក្តីថ្លៃថ្នូរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម