ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌូនេស៊ី​ចាប់ខ្លួន​ជនជាតិ​រុស្ស៊ី​ដែល​រត់ពន្ធ​សត្វ​ស្វា​អូ​រ៉ង់​អ៊ូ​តង់

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា អ្នកទេសចរ​រុស្ស៊ី​ម្នាក់​ដែល​ប៉ុនប៉ង​រត់ពន្ធ​សត្វ​ស្វា​អូ​រ៉ង់​អ៊ូ​តង់​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​នៅក្នុង​វ៉ា​លី​របស់គាត់​ដើម្បី​នាំយកទៅ​ផ្ទះ​និង​រក្សាទុក​ធ្វើជា​សត្វ​ចិញ្ចឹម​ត្រូវបាន​ចាប់ខ្លួន​នៅលើ​កោះ​បាលី។

លោក Andrei Zhestkov ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ Denpasar កាលពី​យប់​ថ្ងៃ​សុក្រ​ខណៈពេល​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ​មុនពេល​ឡើង​ជិះ​យន្តហោះ​តាម​ការគ្រោងទុក​វិល​ត្រលប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​។​

មន្ត្រី​ដែលមាន​ការសង្ស័យ​បាន​បញ្ឈប់​គាត់​និង​បើក​វ៉ា​លី​របស់គាត់​ហើយ​បាន​រក​សត្វ​ស្វា​អូ​រ៉ង់​អ៊ូ​តង់​ឈ្មោល​អាយុ​ពីរ​ឆ្នាំ​មួយ​ក្បាល​ដែល​កំពុង​ដេក​ក្នុង​កន្ត្រក​ផ្តៅ​។​

មន្ត្រី​របស់​ទីភ្នាក់ងារ​អភិរក្ស​កោះ​បាលី​ឈ្មោះ I Ketut Catur Marbawa បាន​ប្រាប់ AFP កាលពី​ថ្ងៃ​សៅរ៍​ថា “​យើង​ជឿថា សត្វ​ស្វា​អូ​រ៉ង់​អ៊ូ​តង់​ត្រូវបាន​គេ​បញ្ចុក​ថ្នាំ​អា​ឡែ​រ​ហ្សី​ដែល​ធ្វើ​ឲ្យ​វា​ដេក​ហើយ​យើង​បាន​រកឃើញ​ថ្នាំ​គ្រាប់​នេះ​នៅក្នុង​វ៉ា​លី​របស់គាត់​”​។ ប៉ូលិស​ក៏បាន​រកឃើញ​សត្វ​តុកកែ​មានជីវិត​ពីរ​ក្បាល​និង​បង្គួ​យ​ប្រាំ​ក្បាល​នៅក្នុង​វ៉ា​លី​ផងដែរ​។​

លោក Zhestkov បាន​ប្រាប់​អាជ្ញាធរ​ថា ប្រភេទ​សត្វ​ដែល​ត្រូវបាន​ការពារ​ទាំងនេះ​ត្រូវបាន​ផ្តល់​ជា​កាដូ​ដោយ​មិត្តភក្តិ​របស់គាត់​ដែលជា​អ្នកទេសចរ​រុស្ស៊ី​ម្នាក់ទៀត​ដែល​បាន​ទិញ​សត្វ​នេះ​ក្នុងតម្លៃ​៣,០០០​ដុល្លារ​ពី​ទីផ្សារ​តាមផ្លូវ​នៅ​កោះ​ជ្វា​។​

គាត់​បាន​អះអាងថា មិត្តភក្តិ​របស់គាត់​បា​ន​បញ្ចុះបញ្ចូល​គាត់​ថា គាត់​អាច​នាំយក​សត្វ​ស្វា​នេះ​ទៅផ្ទះ​ដើម្បី​ធ្វើជា​សត្វ​ចិញ្ចឹម​បាន​។​

លោក Marbawa បាន​និយាយថា ជនជាតិ​រុស្ស៊ី​រូបនេះ​អាច​ប្រឈម​នឹង​ការជាប់គុក​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៧,០០០​ដុល្លារ​សម្រាប់​ការរត់​ពន្ធ​នេះ​។​

យោងតាម​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ​បាន​ឲ្យ​ដឹងថា ស្វា​អូ​រ៉ង់​អ៊ូ​តង់​គឺជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​យ៉ាងធ្ងន់ធ្ងរ​ដោយមាន​ប្រហែល​តែ​១០០,០០០​ក្បាល​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក​៕ AFP