ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយ​វះកាត់​ជង្គង់​ស្តាំ​កីឡាករ ម៉ាត់ សា​ក់រវី ត្រូវ​សម្រាក​ព្យាបាល​ចន្លោះ​ពី​៦​ទៅ​៨​ខែ​

កីឡាករ ម៉ាត់ សា​ក់រវី ខ្សែប្រយុទ្ធ​របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា និង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា (U22) បាន​ចេញទៅ​វះកាត់​ជង្គង់​ខាងស្ដាំ នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង ក្នុងប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ក្រោយ​រងរបួស​ដាច់​សរសៃ អំឡុងពេល​ជួយ​ក្រុម​ជម្រើសជាតិ U22 កម្ពុជា ក្នុង​យុទ្ធ​ការប្រកួត​ពានរង្វាន់ AFF U22 Championship 2019 លើ​ទឹកដី​កម្ពុជា កាលពីពេល​ថ្មីៗ​។

​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​វិសាខា បាន​លើកឡើងថា​កីឡាករ ម៉ាត់ សា​ក់រវី ត្រូវ​បាន​វេជ្ជបណ្ឌិត​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ នឹង​ធ្វើ​ដំណើរ​ត្រឡប់មក​មាតុភូមិ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​។ ស្រប​ពេល​កីឡាករ មាត់ សា​ក់រវី ចាក​ចេញពី​មន្ទីរពេទ្យ វេជ្ជបណ្ឌិត​តម្រូវឱ្យ​កីឡាករ​រូបនោះ​សម្រាក​ចន្លោះ​ពី​៦​ខែ ទៅ ៨​ខែ ទើប​អាច​វិល​ចូល​ទីលាន​វិញ​បាន​។ តែ​អំឡុង​រយៈពេល ៦​ខែ​បន្ទាប់ពី​ធ្វើការ​វះកាត់ វេជ្ជបណ្ឌិត​តម្រូវ​ឲ្យ​រូបគេ ត្រូវ​ត្រឡប់​ទៅតាម​ដាន​អាការៈ​រៀងរាល់ ១​ខែ​កន្លះ​ម្ដង ដើម្បី​ពិនិត្យ មុន​អនុញ្ញាត​ឲ្យ​រូបគេ​វិល​ចូល​ទីលាន ក៏ដូចជា​ការធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ។

​ថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និង​កីឡាករ​ទាំងអស់ នៃ​គ្រួសារ​ក្លិប​កីឡាបាល់ទាត់ វិសាខា បាន​បួងសួង​គុណបុណ្យ​បារមី និង​វត្ថុ​ស័ក្ដិ​សិទ្ធ​ទាំងឡាយ តាម​ថែរក្សា​កីឡាករ ម៉ាត់ សា​ក់រវី ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការ​វះកាត់​ជង្គង់ ហើយ​ឆាប់​ជាសះស្បើយ ដើម្បី​វិលត្រឡប់​ចូល​ទីលាន រួមចំណែក​ជួយ​ក្លិប និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ដទៀត​។ យ៉ាងណាក្តី​កីឡាករ​រូបនេះ​បាន​អវត្តមាន​មិនអាច​ជួយ​ក្រុម​បាន​នោះទេ​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៩​នេះ​។

ក្លិប​កីឡាបាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ( Metfone Cambodian League) បាន​ថ្លែងអំណរគុណ ចំពោះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម សៅ សុខា ដែល​បាន​យកចិត្តទុកដាក់ សួរសុខទុក្ខ និង​បាន​ចំណាយ​ថវិកា​លើ​ការព្យាបាល​វះកាត់​ជង្គង់​របស់​កីឡាករ ម៉ាក់ សា​ក់រវី ផងដែរ​។​

គួរ​បញ្ជាក់​ថា​ នេះ​គឺជា​លើក​ទី​២ ហើយ ដែល ម៉ាត់ សា​ក់រវី បានធ្វើការ​វះកាត់​ជង្គង់ គ្រា​ដែល​លើក​ទី​១ បាន​វះកាត់​ជង្គង់​ខាងឆ្វេង កាលពី​ឆ្នាំ​២០១៧ ហើយ​អ្វីៗ​បានជា​សះស្បើយ​ក្រោយ​ព្យាបាល​តាម​ការកំណត់​រួចរាល់​។ ចំពោះ​ការវះកាត់​ជង្គង់​ខាងស្ដាំ​លើក​នេះ នៅ​មិន​ទាន់​មាន​ការបញ្ជាក់​ពី​គ្រូពេទ្យ​អំពីរយៈ​ពេល​ត្រូវ​សម្រាក​នោះ​ទេ​ព្រោះ​ក្រុម​វេជ្ជ​បណ្ឌិត​កំពុង​ធ្វើ​ការ​វះកាត់​នៅ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114