ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Mueller ដាក់​របាយការណ៍​ស្តីពី​ការស៊ើបអង្កេត​ទៅលើ​ទំនាក់ទំនង​រវាង​លោក​Trump និង​រុស្ស៊ី​

រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller កាលពី​ថ្ងៃ​សុក្រ​បានដាក់​របាយការណ៍​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​អំពី​ការស៊ើបអង្កេត​រយៈពេល​ពីរ​ឆ្នាំ​ជុំវិញ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​ជាប់ឆ្នោត​ឆ្នាំ​២០១៦​របស់លោក Donald Trump។

អ្វីដែល​របាយការណ៍​នេះ​និយាយ​គឺជា​ការសម្ងាត់​ប៉ុន្តែ​អគ្គ​រដ្ឋអាជ្ញា​លោក Bill Barr បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​សភា​ថា លោក​អាច​នឹង​សង្ខេប​សេចក្តីសន្និដ្ឋាន​សំខាន់ៗ​របស់​វា​សម្រាប់​សភា​នៅ​ចុង​សប្តាហ៍​នេះ​។​

រឿងរ៉ាវ​របស់លោក Mueller ដែល​ពោរពេញ​ទៅដោយ​ការចោទប្រកាន់​មិន​ធ្លាប់មាន​ពីមុនមក​អំពី​ការឃុបឃិត​ឬ​ការ​ក្បត់ជាតិ​ដោយ​ប្រធានាធិបតី​អាមេរិក​ក្នុង​សម្ព័ន្ធភាព​ជាមួយ​ក្រុង​មូ​ស្គូ​បានដាក់​សម្ពាធ​លើ​លោក Trump ចាប់តាំងពី​គាត់​ឡើងកាន់តំណែង​បន្ទាប់ពី​ការជាប់ឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក​លើ​លោកស្រី Hillary Clinton​។​

តាមរយៈ​រឿងនេះ លោក Trump បាន​អះអាងថា លោក​គឺជា​ជនរងគ្រោះ​នៃ​ការចោទប្រកាន់​មិន​ពិត​ខណៈពេលដែល​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​ដែល​បានឈ្នះ​ការបោះឆ្នោត​សភា​ជាន់​ទាប​កាលពី​ឆ្នាំមុន​បាន​និយាយថា លោក Trump មិនទាន់បាន​ពន្យល់​គ្រប់គ្រាន់​នៅឡើយ​ទេ​អំពី​ទំនាក់ទំនង​របស់លោក​ជាមួយ​ប្រទេស​រុស្ស៊ី​។​

លោក Mueller ដែលជា​អតីត​ទាហាន​ជើងចាស់​ក្នុង​សង្គ្រាម​វៀតណាម​និង​ជា​អតីត​នាយក FBI បានធ្វើការ​ក្នុង​ភាពអាថ៌កំបាំង​អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។ ខណៈ​បេសកកម្ម​របស់គាត់​ក្នុងនាម​ជា​រដ្ឋអាជ្ញា​ពិសេស​បានបញ្ចប់​នោះ ឥឡូវនេះ​វា​គឺជា​ពេល​របស់លោក Barr ដែល​ត្រូវបានតែងតាំង​ដោយ​លោក Trump ដើម្បី​សម្រេច​ថា​តើ​របាយការណ៍​នេះ​មានតម្លៃ​ប៉ុនណា​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

សម្ពាធ​ជា​សាធារណៈ​និង​នយោបាយ​សម្រាប់​ការបញ្ចេញ​ពេញលេញ​គឺ​ខ្លាំងក្លា​ហើយ​លោក Barr បាន​និយាយថា លោក​បាន​ប្តេជ្ញាចិត្ត​ឲ្យ​មាន​តម្លាភាព​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

មាន​ព័ត៌មាន​សំខាន់​មួយ​ដែល​ត្រូវបាន​បញ្ជាក់​រួចទៅហើយ​ដោយ​ក្រសួង​យុ​តិ្ត​ធម៌​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក Mueller មិនបាន​ណែនាំ​ឲ្យ​មានការ​ចោទប្រកាន់​ណាមួយ​បន្ថែមទៀត​ទេ​។​

ក្នុងអំឡុង​ការស៊ើបអង្កេត​របស់គាត់ លោក Mueller បាន​ចោទប្រកាន់​បុគ្គល​និង​អង្គភាព​មួយចំនួន​រួមទាំង​ជនជាតិ​រុស្សី​២៥​នាក់​និង​ជំនួយការ​៦​នាក់​របស់លោក Trump ផងដែរ​៕ AFP