Connect with us

ព័ត៌មានជាតិ

ត្រួយស្អំលក់បានតម្លៃ​ដល់ ១៥ ០០០ រៀល​ក្នុងមួយគីឡូ ខណៈខ្សត់​ផ្គត់ផ្គង់មិនគ្រប់គ្រាន់

បានផុស

នៅ

បច្ចុប្បន្នតម្លៃត្រួយស្អំនៅលើទីផ្សារក្នុងក្រុងបាត់ដំបង បានថ្លៃគួរសមដោយសារតែពេលនេះជារដូវប្រាំងហើយស្អំក៏កម្រនិងមានត្រួយណាស់ លុះត្រាតែអ្នកដាំស្អំចេះបច្ចេកទេសដើម្បីធ្វើយ៉ាងណាឲ្យស្អំលាស់ត្រួយ ដើម្បីបានលក់នៅលើទីផ្សារ។

លោក ឆេង សុវណ្ណ ជាអ្នកដាំស្អំទាំងខាងមុខផ្ទះនិងខាងក្រោយផ្ទះ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ការដាំស្អំគឺលោកទើបតែចាប់ផ្ដើមដាំ​ប្រហែល ៣ ឆ្នាំមកនេះ ដោយស្អំខ្លះទើបនឹងងើប​ឈរ គឺកំពុងលាស់ត្រួយបានល្អ ចំណែកដើមស្អំណាដែលលូតខ្ពស់គឺលោកត្រូវរកវិធីសាស្រ្តវាយទម្លាក់ស្លឹកចាស់ចេញ ហើយចាប់ផ្ដើមទាញមែកវា​ឲ្យកោងទាបដើម្បីចងងាយស្រួលបេះត្រួយនៅពេលដែលវាលាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសុវណ្ណបានបន្តថា នៅក្នុងបច្ចេកទេសនៃការដាំស្អំនេះ គឺត្រូវការទឹកច្រើនដើម្បីងាយស្រួលក្នុងការលាស់ត្រួយ ហើយយើងជាអ្នកដាំក៏ងាយស្រួលក្នុងការបេះត្រួយផងដែរ ព្រោះដើមស្អំបានពត់វាចងឲ្យទាបរួចទៅហើយ។ បច្ចុប្បន្នត្រួយស្អំនៅលើទីផ្សារគឺខ្សត់ជាទីបំផុតដោយសារតែរដូវនេះជារដូវប្រាំង ដូច្នេះអ្នកដាំស្អំទាំងប៉ុន្មានមិនសូវមានត្រួយបេះយកមកលក់នោះឡើយ។

ដោយឡែកស្ត្រីម្នាក់ដែលជាអ្នកលក់បន្លែនៅក្នុងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង បានបញ្ជាក់ថា បច្ចុប្បន្នត្រួយស្អំមិនសូវមានអ្នកយកមកលក់ប៉ុន្មានទេដោយហេតុតែបែបនេះទើបជួយស្អំបានថ្លៃខ្ពស់ដោយពេលខ្លះអាចលក់ដល់ ១៥.០០០ រៀលក្នុងមួយគីឡូក្រាម។

ស្ត្រីដដែលបានបន្តថា រហូតមកទល់នឹងពេលនេះ ត្រួយស្អំហាក់បីដូចគេចុះថ្លៃបន្តិច គឺនៅត្រឹមតែចន្លោះពី ១ មុឺនរៀល ដល់ ១២.០០០ រៀលតែប៉ុណ្ណោះ ហើយនៅក្នុងតម្លៃនេះក៏សឹងតែរកស្អំមកលក់ឲ្យអតិថិជនមិនបានទៀតផង ដូច្នេះតម្លៃត្រួយស្អំអាចហក់ឡើងបន្តទៀតប្រសិនបើនៅតែខ្វះបែបនេះ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម