ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​នៅ​ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី បាន​ទទួល​ចំណងដៃ​ផ្លូវលំ​មួយ​ខ្សែ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

សៀមរាប ​៖ ​ឆ្លើយតប​ទៅនឹង​ការស្នើ​សុំ​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង​៣០០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ពើង​ឆ័​ត្រ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​ជួសជុល​រួចរាល់ និង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ក្រោម​វត្តមាន លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធាន​មូល​និធិ​អណ្តូងទឹក​ស្អាត​លោកតា ហ៊ុន នាង កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ។

នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​លោកស្រី ប្រធាន​មូល​និធិ បានលើកឡើង​ថា សមិទ្ធផល​ទាំងនេះ ​បានកើត​ចេញពី​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាក់ស្តែង ការចំណាយ​ក្នុងការ​ជួសជុល​ផ្លូវ​នេះ គឺជា​ថវិកា​ផ្ទាល់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ធ្វើការ​ជួសជុល​ដោយ​កង​វិស្វកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន​។ ​​​​សមិទ្ធផល​នេះ ក៏​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដែលជា​សេនាធិការ​ឱ្យ ស្រុក ខេត្ត និង​រាជរដ្ឋាភិបាល​ក្នុងការ​បម្រើ​ដល់​ប្រជាពលរដ្ឋ ដោះស្រាយ​កង្វល់​នានា​របស់​ប្រជាពលរដ្ឋ និង​ដឹកនាំ​កសាង​អភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ដូច្នេះ​សូមអោយ​បងប្អូន ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ ជួយ​ថែរក្សា​ផ្លូវ​នេះ​ទាំងអស់គ្នា ដើម្បី​ជា​ប្រយោជន៍​រួម​។

​ក្នុងឱកាស​នោះ​លោកស្រី​ក៏បាន​ពាំនាំ នូវ​ប្រសាសន៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោកយាយ លោកតា ប្រជាពលរដ្ឋ​ទាំងអស់​នៅទីនេះ ថា​សូមអោយ​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ជាពិសេស​ការបើក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​គំាទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូតមក។

លោក​មេឃុំ​ឃុន​រាម បានអោយដឹង​ដែរ ថា ​កន្លងមក​ផ្លូវ​នេះ ជាពិសេស​ក្នុង​រដូវវស្សា គឺមាន​ទឹក​ដក់ និង​ជង្ហុក​ជាច្រើន ដែល​ពិបាក​ដល់​ការធ្វើដំណើរ​ទៅមក របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​យ៉ាងខ្លាំង​។ លោក​បន្តថា​ ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​នៅទីនេះ ប្រមាណ​ជាង​១៥០​គ្រួសារ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល ផ្លាស់ប្តូរ​ទំនិញ​ផ្សេងៗ។

ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ បានបង្ហាញ​នូវ​ទឹកមុខ​សប្បាយរីករាយ​យ៉ាងខ្លាំង និង​សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ដែល​បាន​យកចិត្តទុកដាក់ ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គ្រប់ទិសទី​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វីៗ​ឡើយ។

សូមបញ្ជាក់ថា កំណាត់​ផ្លូវ​ដែល​បាន​ជួសជុល​រួចរាល់​នេះ គឺធ្វើឡើង​ បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅទីនេះ បានធ្វើការ​ស្នើសុំ ក្រុមការងារ​មូល​និធិ​អណ្តូង​ទឹកស្អាត​ផ្ទាល់ នៅពេលដែល​លោកស្រី និង​ក្រុមការងារ​មក​ប្រគល់​អណ្តូងទឹក ជូន​ប្រជាពលរដ្ឋ​នៅទីនេះ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ កន្លងមក ហើយ​ថ្ងៃ​នេះដែរ​លោកស្រី​ក៏​បានអោយ​ក្រុមការងារ​ធ្វើ​ជូន​បន្ថែម​ប្រវែង​៣០០​ម៉ែត្រ​ទៀត​។ នៅ​ឱកាស​នោះដែរ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន​៤៩​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន ទឹកដោះគោ​ខាប់​២៤​កំប៉ុង និង​សារុង​មួយ​ផងដែរ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114