ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អ្នក​ចាក់ដី ​លុប​សមុទ្រ​ លុប​ព្រៃ​លិច​ទឹកa​តំបន់ កោះ​ខ្យង វាតទី​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​ខុសច្បាប់ ឆ្លើយ​ថា​ បាន​ការ​អនុញ្ញាត​ ពី​លោក​មេឃុំ អូជ្រៅ

ព្រះសីហនុ ​៖​ ឆ្នេរ សមុទ្រ និង​ព្រៃ​លិច​ទឹក​តំបន់​កោះ ខ្យង ស្ថិតក្នុង ឃុំ អូរ ជ្រៅ ទំហំ​ប្រមាណ ជិត ២​ហិ​កតា ត្រូវបាន គេ​ឃុបឃិត​គ្នា ចាក់ដី​លុប​យ៉ាង​រលូន ក្នុង​គោលបំណង យក​ដី​នោះ លក់​ឲ្យ​ក្រុមហ៊ុន ចិន តម្លៃ ប្រមាណ ជាង​១​លាន​ដុល្លារ សម្រាប់​ សាងសង់ កំពង់ផែ​ចតទូក។ ដោយ​បញ្ហា​​នេះ ក្រុម​អ្នកការ​ចាក់ដី​បាន​និយាយប្រាប់ អ្នកកាសែត​យ៉ាង​ឡូយ ថា ដី​នេះ ជា​ដី មិត្តភក្ដិ​ របស់លោក មេឃុំ អូរ ជ្រៅ ហើយ​ការចាក់ដី បែបនេះ ក៏បាន ការ​អនុញ្ញាត ពី​លោក មេឃុំ​ផង ដែរ ដូចនេះ បើ​ចង់ដឹងថា​មានច្បាប់​ឬ យ៉ាង ណា​នោះ សូម​ទៅ សួរ​លោក មេឃុំ​ទៅនោះ​នឹង​ដឹង​ហើយ។

ជុំវិញ​បញ្ហា​ចាក់ដី​ខាង​លើ​នេះ បើតាម ប្រជាពលរដ្ឋ រស់ នៅ​តំបន់ កោះ​ខ្យង បាន​និយាយប្រាប់ ឲ្យ​ដឹង​ថា ដី​ចំណុច ដែល​គេ​ចាក់​ដី​លុប​នេះ គឺជា​ដី ឆ្នេរ សមុទ្រ និង​ដី​ព្រៃ​លិច​ទឹក​ ដែល​កន្លងមក ជា​កន្លែង​ចត ទូក​របស់​ក្រុម​អ្នកនេសាទ។

ក្រុម​ប្រជាពលរដ្ឋ បាន​បន្តទៀតថា នៅ​មុនពេល​ចាក់ដី គេ​តែង ឃើញ​រថយន្ត ទំនើប របស់​ជនជាតិ​ចិន​ បាន ទៅ​ឈរ នៅ​លើ​ដី​ខាងលើ និង​បានធ្វើ​កាយវិការ​ ចង្អុល ឆ្វេង ចង្អុល​ស្តាំ ទំនង​ដូចជា​ចង​ធ្វើការ​សាងសង់ អ្វីមួយ អញ្ចឹង​ដែរ លុះ​រំលង បាន​ចំនួន​ប្រមាណ ១០​ថ្ងៃក្រោយ ក៏​ស្រាប់តែ មាន​សកម្មភាព​ចាក់​ដី លុប សមុទ្រ និង ព្រៃ​លិច​ទឹក នៅ​ទីតាំង​ដី​នោះ​តែម្តង ​ដោយ​ការចាក់​នេះ ត្រូវបាន គេ​លួច ប្រាប់​ឲ្យ​ដឹង ថា ដី​ចំណុច​នេះ​ត្រូវបាន គេ​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន ចិន អស់ហើយ ក្នុងតម្លៃ ជាង​១​លាន​ដុល្លារ ដើ​ម្បី​យក​ធ្វើជា​កន្លែង​ផៃ​ចតទូក។

ដោយឡែក សម្រាប់ បុរស​ម្នាក់ ដែលមាន​តួនាទី​ជា​អ្នក​ចាំ​រាប់​ជើង​រថយន្ត​ដឹក​ដី ខណៈ​ពេល ក្រុម​អ្នក សារព័ត៌មាន ធ្វើការ​សួរនាំ បុរស​រូបនោះ បាន​ឆ្លើយ យ៉ាង​ឡូយ​ថា ដី​នេះ​ជា​ដី​មិត្ត​ភក្ដិលោក មេឃុំ អូរជ្រៅ ដូចនេះ​បើ​ចងដឹង មានច្បាប់​ឬ​អត់​ច្បាប់ សូម​អញ្ជើញ​ទៅ​សួរ​លោក មេឃុំ ទៅនោះ​នឹង​ដឹង​ហើយ។

លោក ជីប ចាន់​រ៉ា វី មេឃុំ​អូរជ្រៅ ជុំវិញ​បញ្ហា​​ចាក់ដី​ខាងលើនេះ លោក បាន​ឆ្លើយ បដិសេដ ថា គាត់ មិន​ស្គាល់​អ្នកចាក់ដី​ខាងលើនេះ​ទេ ហើយ​បញ្ហា​ចាក់​ដី​នេះ កន្លងមក លោក ​ក៏​ធ្លាប់ ឲ្យ​មន្ត្រី សាលាឃុំ ចុះទៅ​ធ្វើ ការ​ហាមឃាត់​ដែរ តែ​គេ​មិន​ស្តាប់ នឹង​នៅតែ​បន្ត​ចាក់​រហូត។

លោក សរ​កក្ត​ដា អភិ​បាល​​​​​ស្រុក​ព្រៃនប់ បាន​បញ្ជាក់ថា ជុំវិញ​បញ្ហា​ចាក់ដី​ខាងលើនេះ លោក មិនបាន​ដឹង​ទេ ប៉ុន្តែ​​ទោះជា​យ៉ាងណាក៏ដោយ ករណី​នេះ លោក​នឹង​ឲ្យ​មន្ត្រី ស្រុក ចុះទៅពិនិត្យ​ជាក់ស្តែង ដើម្បី មាន​វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​ក្នុង ករណី ពិនិត្យឃើញថា ការចាក់ដី​នោះ បង្ក​​ផលប៉ះពាល់ ដីព្រៃ​លិច​ទឹក និង ឆ្នេរសមុទ្រ លោក នឹង​ឲ្យ​កាយ​ចេញ​វិញ ឲ្យ​អស់ មិន យោគយល់​នោះឡើយ។

គួរបញ្ជាក់​ផងដែរ​ថា តំបន់​កោះ​ខ្យង ជា​តំបន់ សំបូរ​ទៅ ប្រជាពលរដ្ឋ ប្រកបមុខរបរ នេសាទ ប៉ុន្តែ​ អ្វីដែល គួរ​ឲ្យ​ចាប់​នោះ​គឺ ដីព្រៃ​លិច​ទឹក មួយ​ភាគ​ធំ ត្រូវបាន​គេ​ឃុបឃិត ជាមួយ​ក្រុម​អ្នកមាន​លុយ មានអំណាច ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិ អស់ ទៅ ហើយ ដោយសារតែ ថ្នាក់ដឹកនាំ តំបន់​នោះ ខ្វះ​ការ​ទ​ទួល​ខុស ត្រូវ ឬ អាច និយាយ​បានថា​ជា អំពើ​រលួយ ហើយ ​សម្រាប់​ ប្រជាបលរដ្ឋ ក្រីក្រ ដែល​ប្រកបមុខរបរ នេសាទ បច្ចុប្បន្ន ស្ទើរ រក​កន្លែង​ចត លែង​បាន ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114