Connect with us

ព័ត៌មានជាតិ

មន្ទីរព្យាបាលចំនួន ២ បន្ថែមទៀត នៅរាជធានីភ្នំពេញ ត្រូវ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្ដល់សេវា

បានផុស

នៅ

មន្ទីរ​សម្រាក​ព្យាបាល​មង្គល​ទួល​ពង្រ​ និង​មន្ទីរ​សម្រាក​ព្យាបាល ពន្លឺ​អង្គរ​ ដែលមាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ​ត្រូវបាន ប​.​ស​.​ស បញ្ចប់​កិច្ចព្រមព្រៀង​លែងឱ្យ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស​.​ជា​បន្ត​ទៀតហើយ ដោយសារ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​ ២ ​នេះ​ មិនមាន​លទ្ធភាព​បន្ត​ការផ្តល់សេវា​ជា​បន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១៨ ​ធ្នូ​ នេះ​ថា ការបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរ​សម្រាក​ព្យាបាល​ទាំងពីរ​នេះ គឺ​ដោយសារ​មន្ទីរ​សម្រាក​ព្យាបាល​ទាំងពីរ​មិនមាន​លទ្ធភាព​ក្នុង​ការផ្តល់សេវា​សុខាភិបាល ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ហានិភ័យ​ការងារ ជូន​សមាជិក ប​.​ស​.​ស​. បន្តទៀត​បាន​។ លើសពីនេះ​ទៀត​ មិនអាច​ទប់ទល់​ទៅលើ​ការចំណាយ ​និង​មិនមាន​លទ្ធភាព​ក្នុងការ​ផ្តល់ប្រាក់​ជូន​បុគ្គលិក​គ្រប់ផ្នែក​នៅ​មន្ទីរ​សម្រាក​ព្យាបាល។

លោក​បណ្ឌិត បាន​បន្តទៀតថា ​មន្ទីរ​សម្រាក​ព្យាបាល មង្គល​ទួល​ពង្រ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ ស ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស​. ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ និង​បានដាក់​លិខិត​ស្នើសុំ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​សេវា​សុខាភិបាល ផ្នែក​ថែទាំ​សុខភាព និង ផ្នែក​ហានិភ័យ​ការងារ​មក ប​.​ស​.​ស​. នៅ​ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ ​២០២៥ និង​បានការ​ឯកភាព​ពី​និយ័ត​ករ​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៥។

លោក​បណ្ឌិត​បាន​បន្ថែម​ថា ​ការបញ្ចប់​កិច្ចព្រមព្រៀង​របស់​មន្ទីរ​សម្រាក​ព្យាបាល មង្គល​ទួល​ពង្រ មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស​.​ក្នុង​តំបន់​ក្បែរ​មន្ទីរ​សម្រាក​ព្យាបាល​នោះទេ ដោយមាន​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ ប​.​ស​.​ស​. ចំនួន​ ៥ មូលដ្ឋាន​សុខាភិបាល (​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន​ ២ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន​ ៣) ដែលមាន​លទ្ធភាព​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស​. នៅក្នុង​តំបន់​នោះ។

លោក​បណ្ឌិត បញ្ជាក់​ទៀតថា ចំណែក​មន្ទីរ​សម្រាក​ព្យាបាល ពន្លឺ​អង្គរ ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​ ៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស នៅ​ខែតុលា ឆ្នាំ​ ២០២៤ និង​បានដាក់​លិខិត​ស្នើសុំ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​សេវា​សុខាភិបាល ផ្នែក​ថែទាំ​សុខភាព និង ផ្នែក​ហានិភ័យ​ការងារ​មក ប​.​ស​.​ស​. នៅ​ថ្ងៃទី ​១ ខែកញ្ញា ឆ្នាំ ២០២៥ និង​បានការ​ឯកភាព​ពី​និយ័ត​ករ​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី ​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក​បណ្ឌិត​ បានឱ្យដឹង​ទៀតថា ​ការបញ្ចប់​កិច្ចព្រមព្រៀង​របស់​មន្ទីរ​សម្រាក​ព្យាបាល ពន្លឺ​អង្គរ ​ក៏ មិន​មាន​ផល​ប៉ះពាល់​ដល់​ការប្រើប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស ក្នុង​តំបន់​ក្បែរ​មន្ទីរ​សម្រាក​ព្យាបាល នោះទេ ដោយមាន​មូលដ្ឋាន សុខាភិបាល​ដែលជា​ដៃគូ ប​.​ស​.​ស​. ចំនួន​ ៨ មូលដ្ឋាន​សុខាភិបាល (​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន​ ២ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន​ ៦) ដែលមាន​លទ្ធភាព​ផ្តល់​សេវា​ជូន សមាជិក ប​.​ស​.​ស​. នៅក្នុង​តំបន់​នោះ។

លោក​បណ្ឌិត បានបញ្ជាក់​បន្ថែមថា​ គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែធ្នូ​ ឆ្នាំ​ ២០២៥ ប​.​ស​.​ស​. បានបញ្ចប់​កិច្ច​ព្រមព្រៀង​ជាមួយ មូលដ្ឋាន​សុខាភិបាល​ឯកជន ចំនួន ១១​ ខណៈ​បច្ចុប្បន្ន​មាន​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. មាន​ចំនួន ១ ៦១៦ ក្នុងនោះ ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន ១ ៤៤១ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន ១៧៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម