ព័ត៌មានជាតិ
កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នៅរសៀលថ្ងៃទី ១៨ ធ្នូ នេះ នឹងមានមហាជនចូលរួមប្រមាណ ៣ ម៉ឺននាក់
កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នឹងមានមហាជនចូលរួមប្រមាណ ៣ ម៉ឺននាក់ ដោយមិនគិតពីប្រជាពលរដ្ឋចូលរួមបន្ថែមនោះទេ។ កម្មវិធីនេះធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ដើរព្យុហយាត្រាដើម្បីសន្តិភាព។ យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។


នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៨ ធ្នូ នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីដើរដើម្បីសន្តិភាព (March for Peace) ឱ្យបានល្អប្រសើរ មិនមានអ្វីរាំងស្ទះ។ កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណងចង់បានរបស់ប្រជាពលរដ្ឋខ្មែរ គឺ ស្មារតីស្រឡាញ់សន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

លោកស្នើឱ្យអាជ្ញាធរ និងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឱ្យបានល្អបំផុត ជាមួយនឹងការពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិនៅតាមទីសាធារណៈ ពិសេសជុំវិញកន្លែងប្រារព្ធពិធី។ ជាមួយនេះការពិនិត្យអាវុធជាតិផ្ទុះ ក៏ត្រូវធ្វើឡើងផងដែរ ដើម្បីធានាថា សន្តិសុខ សុវត្ថិភាព សម្រាប់មហាជនអ្នកចូលរួមក្នុងពិធីគឺបានល្អ ១០០ ភាគរយ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមអាជ្ញាធរ ក៏ដូចជាកងកម្លាំងទាំងអស់ ក៏ត្រូវពិនិត្យមើលរាល់ទង្វើរបស់ប្រជាពលរដ្ឋយើង ដែលចូលរួមក្នុងពិធីនេះផងដែរ ដោយមិនត្រូវឱ្យពួកគាត់ធ្វើសកម្មភាពអ្វីដែលជ្រុល ប្រាសចាកនូវអ្វីដែលជាគោលបំណងរបស់កម្មវិធីរបស់យើងចង់បានឡើយ ដូចជាការប្រមាទព្រះមហាក្សត្រ ថ្នាក់ដឹកនាំថៃ ក៏ដូចការយករូបថតព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំថៃ មកជាន់ឈ្លី ឬដុតចោលជាដើម ដែលនេះមិនបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជានោះទេ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ជាគម្រោងក្នុងពិធីនេះ នឹងមានមហាជនចូលរួមប្រមាណ ៣ ម៉ឺននាក់។ ដូច្នេះទេ កងកម្លាំងរបស់យើងត្រូវអនុវត្តនូវអ្វីដែលជាគម្រោងផែនការដែលយើងបានគ្រោងទុក ហើយក្រោយកម្មវិធីត្រូវបានបញ្ចប់ យើងក៏បានគិតគូរទៅដល់ការប្រមូលសំអាតសំរាមផងដែរ មានន័យថា កម្មវិធីបញ្ចប់នៅទីតាំងប្រារព្ធពិធី គឺមិនមានសំរាម និងមានបរិស្ថានល្អប្រសើរជាធម្មតាឡើងវិញ។


គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ លោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ទីតាំងផ្ទាល់ផងដែរ ដោយចាប់ផ្ដើមដើរត្រួតពិនិត្យពីផ្សាររាត្រី រហូតទៅដល់រង្វង់មូល សម្ដេច ជួន ណាត និងបន្តទៅដល់វិមានឯករាជ្យដែលជាកន្លែងប្រារព្ធពិធីធំ ដើម្បីធានាថា អ្វីដែលជាគម្រោងដែលបានរៀបចំ គឺដាច់ខាត ត្រូវតែទទួលបានជោគជ័យ ១០០ ភាគរយ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


