ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ប្រកាស “​រួច​ខ្លួន​ទាំងស្រុង​” បន្ទាប់ពី​លោក Mueller ​រក​មិន​ឃើញ​ការ​ឃុបឃិត

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​រួចខ្លួន​ទាំងស្រុង​បន្ទាប់ពី​យុទ្ធនាការ​របស់លោក​ត្រូវបាន​បញ្ជាក់ថា ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​ដែល​នេះ​ជាការ​ជំរុញ​ដ៏​ធំ​មួយ​សម្រាប់​ក្តីសង្ឃឹម​នៃ​ការ​ជាប់ឆ្នោត​ជាថ្មី​របស់​លោក។

របាយការណ៍​ចុងក្រោយ​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​ស្តីពី​ការស៊ើបអង្កេត​របស់រ​ដ្ឋ​អាជ្ញា​ពិសេស​លោក Robert Mueller ចូលក្នុង​ការជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ​នៅក្នុង​ការបោះឆ្នោត​បា​នស​ន្និ​ដ្ឋា​ន​ថា គ្មាន​សមាជិក​ណា​ម្នាក់​ឬ​សហការី​នៃ​យុទ្ធនាការ​បានរួម​គំនិត​ឬ​សំរបសំរួល​ជាមួយ​រុស្ស៊ី​ក្នុង​ផែនការ​របស់ខ្លួន​ដើម្បី​ជំរុញ​លោក Trump ឲ្យ​ជាប់ឆ្នោត​កាលពី​ជាង​ពីរ​ឆ្នាំមុន​នោះទេ​។​

ខណៈពេលដែល​មិនបាន​បញ្ចប់​ទាំងស្រុង​លើ​ប្រធានាធិបតី​នោះ លិខិត​របស់​អគ្គ​រដ្ឋ​អាជ្ញា​លោក Bill Barr ទៅកាន់​សភា​ដែល​សង្ខេប​របាយការណ៍​របស់លោក Mueller បាន​លុបបំបាត់​ពពក​ខ្មៅ​ដែល​ខ្មួលខ្មាញ់​លើ​ភាពស្របច្បាប់​របស់លោក Trump ចាប់តាំងពី​គាត់​ឡើងកាន់តំណែង​កាលពី​ខែមករា​ឆ្នាំ​២០១៧​។​

លោក Trump បាន​និយាយ​អំពី​ការសន្និដ្ឋាន​របស់លោក Mueller ថា “​មិនមាន​ការឃុបឃិត​ជាមួយ​រុស្ស៊ី​។ មិនមាន​ការរាំងស្ទះ​ទេ​”​។ លោក​បាន​បន្ថែមថា “​វា​ជាការ​អាម៉ាស់​ដែល​ប្រទេស​ត្រូវ​ឆ្លងកាត់​បញ្ហា​នេះ​។ នេះ​គឺជា​ការ​បង្អាប់​ខុសច្បាប់​ដែល​បរាជ័យ​”​។​

ដោយ​សង្ខេប​ពី​ការរកឃើញ​របស់លោក Mueller, លោក Barr បាន​និយាយ​ថា មិនមាន​មន្ត្រី​យុទ្ធនាការ​របស់​លោក Trump ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៦​ដើម្បី Hack កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​និង​បង្ហោះ​ព័ត៌មាន​មិន​ពិត​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​របស់​លោក Trump គឺ​លោកស្រី Hillary Clinton ទេ​។​

លោក​ក៏បាន​ថ្លែង​ផង​ដែរ​ថា មិន​មាន​ការ​ភ្ញាក់ផ្អើល​ថ្មី​កើតឡើង​ពី​ក្រុម​របស់លោក Mueller, មិន​មាន​ការចោទប្រកាន់​បន្ថែម​ទៀត​ត្រូវ​បាន​បញ្ចេញ​និង​មិន​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ចោទប្រកាន់​ទេ​។​

ម្យ៉ាងវិញទៀត យោង​តាម​លិខិត​របស់​លោក Barre បាន​បង្ហាញថា លោក Mueller បាន​ជម្រះ​ភស្តុតាង​មួយចំនួន​ដែល​គាំទ្រ​ការ​រាំងស្ទះ​ ប៉ុន្តែ​មិន​ប្រាកដ​ថា​តើ​វា​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដែរ​ឬទេ​៕ AFP