ព័ត៍មានទាន់​ហេតុការណ៏
Search

នាវា​ដឹក​អ្នកទេសចរ​របស់​ន័​រ​វែ​សបាន​ទៅដល់​កំពង់ផែ​បន្ទាប់ពី​ការជម្លៀស​មនុស្ស​តាម​អាកាស​ដ៏​រន្ធត់

នាវា​ដឹក​អ្នកទេសចរ​មួយគ្រឿង​ដែល​ជួប​បញ្ហា​ក្នុង​សមុទ្រ​មាន​ព្យុះ​នៅ​ប្រទេស​ន័​រ​វែ​សបាន​ទៅដល់​កំពង់ផែ​ហើយ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​អ្នកដំណើរ​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព​ដោយ​ឧទ្ធម្ភាគចក្រ​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដ៏​អស្ចារ្យ​មួយ។

រូបភាព​ទូរទស្សន៍​បាន​បង្ហាញថា នាវា Viking Sky បាន​ទៅដល់​កំពង់ផែ Molde នៅ​ម៉ោង​ប្រហែល​៤:១៥​រសៀល​។ ជិត​១​ភាគ​៣​នៃ​អ្នកដំណើរ​និង​នាវិក​ទាំង​១,៣៧៣​នាក់​របស់ខ្លួន​ត្រូវបាន​គេ​ជម្លៀស​តាម​អាកាស​ចេញពី​នាវា​រួចទៅហើយ។

នាវា​ដឹក​អ្នកទេសចរ​មួយគ្រឿង​នេះ​មាន​បញ្ហា​ម៉ាស៊ីន​ហើយ​បានចាប់ផ្តើម​អណ្តែត​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅ​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ន័​រ​វែ​ស​ដែល​ល្បីល្បាញ​បំផុត​សម្រាប់​ការ​លិច​នាវា។

កា​ពី​តែ​ន​បាន​បញ្ជូន​សញ្ញា​សុំ​ជំនួយ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​ការដឹកជញ្ជូន​តាម​អាកាស​ក្នុងស្ថានភាព​ពិបាក​ជាជាង​ប្រឈមមុខ​នឹង​ហានិភ័យ​ក្នុងការ​ទុក​ឲ្យ​មនុស្ស​នៅលើ​នាវា​។​

មនុស្ស​ប្រហែល​៤៦០​នាក់​ក្នុងចំណោម​១,៣៧៣​នាក់​នៅលើ​នាវា​ត្រូវបាន​នាំយក​ចេញ​ដោយ​ឧទ្ធម្ភាគចក្រ​ចំនួន​៥​គ្រឿង​មុនពេល​ការដឹកជញ្ជូន​តាម​អាកាស​ត្រូវបាន​ផ្អាក​។​

ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន​១៧​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ មនុស្ស​ម្នាក់​ដែលមាន​អាយុ​ជាង​៩០​ឆ្នាំ​និង​ពីរ​នាក់​មាន​អាយុ​៧០​ឆ្នាំ​បាន​រង​ការបាក់​ឆ្អឹង​យ៉ាងធ្ងន់ធ្ងរ​។​

ខណៈ​ម៉ាស៊ីន​ចំនួន​៣​ក្នុងចំណោម​៤​បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃអាទិត្យ​នោះ នាវា​សណ្តោង​ពីរ​គ្រឿង​បាន​សណ្តោង​នាវា​ចេញពី​ថ្ម​ប៉ប្រះ​ទឹក​ដ៏​គ្រោះថ្នាក់​មុនពេល​វា​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ Molde ដោយ​ប្រើ​ម៉ាស៊ីន​របស់​វា​ផ្ទាល់។

អ្នកដំណើរ​រាប់សិប​នាក់​ដែល​ពាក់អាវ​ពោង​ត្រូវបាន​គេ​មើលឃើញ​អង្គុយ​រង់ចាំ​ដើម្បី​ចេញពី​នាវា​។​
​មជ្ឈមណ្ឌល​ទទួលភ្ញៀវ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​កន្លែង​ហាត់ប្រាណ​មួយ​លើ​ឆ្នេរសមុទ្រ​សម្រាប់​ជន​ជម្លៀស​ដែល​ភាគច្រើន​គឺជា​មនុស្ស​ចាស់​និង​មកពី​សហរដ្ឋអាមេរិក​និង​អង់គ្លេស។

គួរ​បញ្ជាក់ថា តំបន់​ដែល​នាវា​នេះ​ជួប​បញ្ហា​គឺ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Hustadvika ដែលជា​កន្លែង​ពិបាក​ក្នុងការ​ធ្វើដំណើរ​៕ AFP