ព័ត៍មានទាន់​ហេតុការណ៏
Search

នូ​វែ​ល​ហ្សេ​ឡង់​ បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​កម្រិត​កំពូល​ទៅលើ​ការសម្លាប់​រង្គាល​នៅ​វិហារ​ឥស្លាម

នាយករដ្ឋមន្ត្រី​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ចូលទៅក្នុង​ថា​តើ​ប៉ូលិស​និង​សេវា​ចារកម្ម​អាច​រារាំង​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​ក្រុង Christchurch កាលពី​ថ្ងៃទី​១៥​ខែមីនា​បានដែរ​ឬក៏​អត់​។​

លោកស្រី Ardern បាន​និយាយថា គណៈកម្មាការ​ភូមិន្ទ​ដែលជា​ការស៊ើបអង្កេត​យុត្តិធម៌​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្រោម​ច្បាប់​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​រក​ឲ្យ​ឃើញ​អំពី​របៀប​ដែល​ខ្មាន់កាំភ្លើង​តែ​ម្នាក់​អាច​សម្លាប់​មនុស្ស​ចំនួន​៥០​នាក់​នៅក្នុង​ការវាយប្រហា​រ​មួយ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ័យរន្ធត់។

លោកស្រី​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​វា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹងថា​តើ​អំពើ​ភេរវកម្ម​នេះ​បានកើត​ឡើង​ដោយ​របៀប​ណា​និង​ថា​តើ​យើង​អាច​បញ្ឈប់​វា​បាន​ដោយ​របៀប​ណា​”​។​

ភ្នាក់ងារ​ចារកម្ម​នូ​វែ​ល​ហ្សេ​ឡង់​បាន​ប្រឈមមុខ​នឹង​ការរិះគន់​បន្ទាប់ពី​ការវាយប្រហារ​នេះ​។​
​ជនរងគ្រោះ​ទាំងអស់​គឺជា​អ្នក​កាន់សាសនា​មូស្លីម​ហើយ​ការសម្លាប់​រង្គាល​នេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា​ធ្វើឡើង​ដោយ​អ្នក​និយម​ស្បែក​.​សម្នាក់​ដែល​អះអាងថា ពួក​ឥស្លាម​និយម​មាន​ផែនការ​ឈ្លានពាន​ប្រទេស​លោកខាងលិច។

លោកស្រី Ardern បាន​និយាយថា “​សំណួរ​មួយ​ដែល​យើង​ត្រូវ​ឆ្លើយ​គឺថា តើ​យើង​អាច​ឬ​គួរ​ដឹង​បន្ថែមទៀត​ដែរ​ឬ​អត់​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោកស្រី Ardern បាន​ច្រានចោល​នូវ​ការណែនាំ​ឡើងវិញ​នៃ​ទោស​ប្រហារជីវិត​សម្រាប់​ខ្មាន់កាំភ្លើង​ឈ្មោះ Brenton Tarrant អាយុ​២៨​ឆ្នាំ​ដែល​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការវាយប្រហារ​នៅ​វិហារ​ឥស្លាម​ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​។​

លោកស្រី​បាន​និយាយទៀតថា ព័ត៌មាន​លម្អិត​នៃ​គណៈកម្មាការ​ភូមិន្ទ​កំពុង​ត្រូវបាន​សម្រេច​ប៉ុន្តែ​វា​នឹង​ទូលំទូលាយ​ហើយនឹង​រាយការណ៍​ឲ្យ​ទាន់ពេលវេលា។

វា​នឹង​ពិនិត្យមើល​សកម្មភាពរ​បស់​សេវា​ចារកម្ម ប៉ូលិស គយ អន្តោប្រវេសន៍​និង​ភ្នាក់ងារ​រដ្ឋបាល​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​៕ AFP