ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង ​វិល​ត្រលប់​ទៅ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​វិញ

ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ទៅ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឡើងវិញ​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការដកចេញ​ជា​ឯកតោភាគី​ពី​ទីតាំង​រួមគ្នា​នេះ។

ការិយាល័យ​នៅ​ទីក្រុង Kaesong ភាគ​ខាងជើង​ត្រូវបាន​បើក​កាលពី​ខែកញ្ញា​នៅពេលដែល​ប្រទេស​កូរ៉េ​ទាំង​ពីរបាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ប៉ុន្តែ​កូរ៉េខាងជើង​បាន​ដក​បុគ្គលិក​របស់ខ្លួន​ចេញ​កាលពី​សប្តាហ៍​មុន​ចំពេល​មានការ​ជាប់គាំង​ក្នុង​កិច្ចពិភាក្សា​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្យុងយ៉ាង​។​

ក្រសួង​បង្រួបបង្រួម​បាន​និយាយថា បុគ្គលិក​កូរ៉េខាងជើង​មួយចំនួន​បាន​វិល​ត្រលប់មក​ធ្វើការ​វិញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយថា ពួកគេ​បាន​ចូលមក​សម្រាប់​ការផ្លាស់ប្តូរ​វេន​តាម​ធម្ម​តា​។​

ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដូច្នេះ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​បានរៀបចំ​ការពិគ្រោះ​យោបល់​នៅ​ការិយាល័យ​ទំនាក់ទំនង​នៅ​ព្រឹក​នេះហើយ​នឹង​បន្ត​ប្រតិបត្តិការ​ការិយាល័យ​ដូច​ធម្មតា​”​។​

ក្រសួង​និយាយទៀតថា កូរ៉េខាងជើង​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​ដែល​ពួកគេ​វិល​ត្រលប់​ឬ​ដកចេញ​ទេ​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បាន​ជួយ​សម្រួល​ដល់​ដំណើរការ​ចរចារ​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​សំខាន់​របស់​ក្រុង​សេ​អ៊ូ​ល​។​

លោក មូ​ន បាន​គាំទ្រ​ជា​យូរ​មកហើយ​សម្រាប់​ទំនាក់​ទំនង​ជាមួយ​កូរ៉េខាងជើង​ដើម្បី​នាំ​ប្រទេស​នេះ​ទៅកាន់​តុ​ចរចា​ហើយ​បាន​ជំរុញ​ឲ្យ​មាន​គម្រោង​អភិវឌ្ឍន៍​អន្តរ​កូរ៉េ​នៅ​តំបន់ឧស្សាហកម្ម​មួយ​ក្នុង​ខេត្ត Kaesong និង​វិស័យ​ទេសចរណ៍​ឆ្លងកាត់​ព្រំដែន​សម្រាប់​ជនជាតិ​កូរ៉េខាងត្បូង​។​

គួរ​បញ្ជាក់ថា ការិយាល័យ​ទំនាក់ទំនង​នេះ​បាន​បើក​ដំណើរការ​រយៈពេល​បី​ខែ​បន្ទាប់ពី​លោក​គីម​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​នៅឯ​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់លោក​ជាមួយ​លោក​ត្រាំ​ក្នុងប្រទេស​សិង្ហ​បុរី​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​និង​ភ្លាមៗ​មុនពេល​លោក​មូ​ន​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​បី​ជាមួយ​លោក​គីម​កាលពី​ឆ្នាំមុន​។​

នៅពេលដែល​វា​បើក ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ការិយាល័យ​នេះ​នឹង​ក្លាយទៅជា​ការពិគ្រោះ​យោបល់​និង​ទំនាក់ទំនង​គ្រប់ពេលវេលា​សម្រាប់​ការជំរុញ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​និង​បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ហើយ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​៕ AFP