ព័ត៍មានទាន់​ហេតុការណ៏
Search

AFC បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​មក​សិក្សា​ពី​អាជ្ញា​ប័​ណ្ណ​ក្លិប​បាល់ទាត់​អាជីព​នៅ​កម្ពុជា

​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​បញ្ជូន​មន្ដ្រី​របស់ខ្លួន ២​រូប រួមមាន​លោក Pedro Correia និង​លោក Joern Schlimm មក​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ជាមួយ​ក្លិប​បាល់ទាត់​សមាជិក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ពី​អាជ្ញា​ប័​ណ្ណ​ក្លិប​បាល់ទាត់​អាជីព (AFC Club Licensing) ដើម្បី​មានឱកាស​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​នៅ​ឆ្នាំ​២០២០ ខាងមុខ​។

ជាក់ស្តែង​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី និង​ក្លិប​វិសាខា​អែ​ហ្វ​ស៊ី បញ្ជាក់​ថា ​មន្ត្រី​ទាំង​២​រូប​របស់ AFC សុទ្ធតែ​បានធ្វើ​ដំណើរ​ទៅ​ការិយាល័យ​និង​កីឡដ្ឋាន​របស់​ខ្លួន​ដើម្បី​ត្រួតពិនិត្យ​និង​សិក្សា​ពី​លទ្ធភាព​អាជ្ញា​ប័​ណ្ណ​ក្លិប​កម្រិត​ទ្វីប​នេះ​។ ទន្ទឹម​នឹង​នេះ​ក្លិប​ទាំង​២​សុទ្ធតែ​ទទួល​បាន​ការសរសើរ​និង​លក្ខខណ្ឌ​វិជ្ជា​មាន​ពី​មន្ត្រី​តំណាង​ឲ្យ AFC ផង​ដែរ​។

​យោង​តាម​ការ​បង្ហាញ​បញ្ជី​របស់ AFC សម្រាប់​ឆ្នាំ​២០១៩ នេះ​មាន​ក្លិប​ទាំង​៤​របស់​កម្ពុជា រូ​ម​មាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង បឹងកេត ទទួល​បាន​ពេញលេញ​បូករួម​ជាមួយ ណាហ្គា​វើ​ល និង វិសាខា ដែល​ទាំង​២​ក្លិប​នេះ​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​ពី​សហព័ន្ធ​ដែល​អាច​ដកហូត​វិញ​ក្នុងករណី​ណាមួយ​។ សូម​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​មាន​ក្លិប​បាល់ទាត់​ចំនួន​៦​នៅ​លី​គ​កំពូល​កម្ពុជា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី AFC រួមមាន​បឹង​កេត​, ភ្នំពេញ​ក្រោ​ន​, ព្រះខ័ន​រាជ​ស្វាយរៀង​, ណាហ្គា​វើ​ល​, ក្រសួងការពារជាតិ និង​អង្គ​រថា​ហ្គឺ​រ​។

ជា​គោលការណ៍​ក្លិប​ណាមួយ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​នេះ​គឺ​បានសេចក្ដីថា ទទួល​បាន​ឱកាស​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​សហព័ន្ធ​តំណាង​ប្រទេស​រៀងៗ​ខ្លួន ដូចជា ពាន​កម្រិត​ទី​១ AFC Champions League និង​ពាន​កម្រិតទី​២ AFC Cup ដែល​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​។ ចំពោះ​ក្លិប​មិន​ទទួល​បាន​អាជ្ញា​ប័​ណ្ណ​នេះ ​ទោះបីជា​ឈ្នះ​ជើងឯក​តាម​ប្រទេស​របស់​ខ្លួន​នីមួយៗ ត្រូវ​តំណាង​ឲ្យ​ប្រទេស​ខ្លួន​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដែល​រៀបចំ​ដោយ AFC ក៏ដោយ​ក៏​ត្រូវ​ធ្លាក់​សិទ្ធិ​ទៅ​ក្រុម​ដែល​អាជ្ញា​ប័​ណ្ណ​វិញ​ដោយ​ស្វ័យប្រវត្តិ​។

​ដើម្បី​ទទួល​បាន​អាជ្ញា​ប័​ណ្ណ​នេះ​ក្លិប​នីមួយៗ​ត្រូវ​គោល​តាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា គ្រូបង្វឹក​ក្រុម​ធំ ដែលមាន​អាជ្ញាប័ណ្ណ​គ្រូ “A License”,​មាន​យុវជន​យ៉ាងតិច​២​ក្រុម ហើយ​ចូលរួម​ក្នុង​លីគ​យុវជន ជាមួយនឹង​គ្រូ​ដែល​កាន់​អាជ្ញាប័ណ្ណ​គ្រូ “C License”, មាន​ក្រុមគ្រូពេទ្យ​ប្រចាំ​ក្លិប​,​មាន​កិច្ចសន្យា​ត្រឹមត្រូវ​រវាង​ក្លឹប​ជាមួយ​កីឡាករ​,​មាន​កម្មវិធី​អភិវឌ្ឍន៍​យុវជន​, មាន​កីឡដ្ឋាន​ស្តង់ដារ​,​ទីលាន​ហ្វឹកហាត់​,​ការិយាល័យ​ក្លឹប​និង មន្ត្រី​រដ្ឋបាល ដូចជា​អគ្គលេខាធិការ​ក្លឹប​, ហិរញ្ញិក​, សន្តិសុខ និង​ក្រុមមន្ត្រីព័ត៌មាន​រចនាសម្ព័ន្ធក្លិប​ កញ្ចប់​ហិរញ្ញវត្ថុ​របស់​ក្លិប​ជា​ដើម​៕