ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុម​វិសាខា លើកឡើង​ពី​បញ្ហា​ប្រឈម​ក្រោម​កូនក្រុម​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ច្រើន

​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​វិសាខា​អែ​ហ្វ​ស៊ី សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ក្នុង​ក្រុម​នៅពេល​ដែលមាន​សមាជិក​ជាច្រើន​ជាប់​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី AFC U23 Championship 2020​។

​គ្រូបង្វឹក​កំពុងតែ​កាន់​អាជ្ញា​ប័ណ្ណ AFC A License រូប​នេះ​បាន​លើកឡើង​ថា «​ក្រោយ​ចប់​ប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ពួកគាត់ (​កីឡាករ​) បាន​បន្ដ​ជាប់​ជម្រើសជាតិ U23 ទៀត ហើយ​បក​មកវិញ ខ្ញុំ​មាន​ពេល​ត្រឹមតែ​២ ទៅ​៣​ថ្ងៃ ប៉ុណ្ណោះ ដើម្បី​ធ្វើការ​ជាមួយ​ពួកគាត់ មុន​ប្រកួត​សប្តាហ៍​ទី​២​មកដល់​នៅ​ចុងខែ​នេះ​។ អញ្ចឹង​អ្វី​ដែល​ពិបាក​បំផុត គឺ​កម្មវិធី​ជម្រើសជាតិ ជាមួយ​ពួកយើង​វា​ពិបាក​។ ជារួម​ពេលនេះ​យើង​មាន​សមាជិក​ជាប់​ដល់​ទៅ​៧​នាក់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ហ្វឹកហាត់​របស់​ក្រុម និង​ការលេង​ជាមួយ​ក្រុម​មែនទែន​»​។

កីឡាករ​ទាំង​៧​នាក់​របស់​ក្រុម​វិសាខា ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រុម U23​កម្ពុជា មាន​ដូច​ជា​អ្នកចាំទី កែវ សុខ​សិលា​,​កីឡាករ អ៊ិន សុដាវី​ដ​,​ស៊ិន កក្កដា​, កែន ចាន់​សុ​ភ័​ក្រ​,​អ៊ុក សុវណ្ណ​, ឆេង ម៉េង​, ទៀត គឹម​ហេង​។ សូម​បញ្ជាក់​ថា ​ក្រុម​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពូ​ល H ជាមួយ​យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ​។

ក្រោយ​ចប់​បេសកកម្ម​នេះ​ ក្រុម​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ត្រូវ​ប្រមូល​កូនក្រុម​ឡើងវិញ​ដើម្បី​ប្រកួត​ក្នុង​សប្ដាហ៍​ទី​២ ឡើងវិញ​ខណៈ​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​កំពូល​តារាង​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩​លើ​ទីលាន​កីឡដ្ឋាន​វិសាខា ក្នុង​រាជធានី​ភ្នំ​ពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114