ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​សូល​ទី​ឡូ​អង្គរ ចាប់​ដៃគូ​ជាមួយ Mothers House សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩

​ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បានប្រកាស​ពី​កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយនឹង Mothers House LTD សម្រាប់​រដូវ​កាល​បាល់ទាត់​ឆ្នាំ​២០១៩ នេះ​។

​ក្រោយ​សម្រេច​លើ​កិច្ចព្រមព្រៀង​ជាមួយគ្នានេះ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Mathershouse Ltd លោក Yuzuru Yamada បាន​លើកឡើងថា «​យើង​មាន​មោទនភាព​និង​សប្បាយរីករាយ​ណាស់​ដែល​បាន​បន្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ SOLTILO Angkor Football Club​។ យើង​ជា​អ្នកគ្រប់គ្រង​មើលថែ​មនុស្ស​ចាស់​ជរា នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ​។ ​ហើយ​យើង​ចង់​ដើរ​រួមគ្នា​ជាមួយ​អ្នក​នៅក្នុង​ស្រុក​នឹង​ផ្ទាល់​។ យើង​មាន​អារម្មណ៍​ដិតដាម​ជាមួយ​ក្លឹប​នេះ​ដែល​ស្រឡាញ់​សហគមន៍​។ យើង​កំពុង​នឹង​ទន្ទឹងរង់ចាំ​ការ​បោះ​ជំហាន​ទៅមុខ​របស់​ក្លឹប​នេះ ហើយក៏​មិនអាច​ខ្វះ​បាន​នៅ​ខេត្តសៀមរាប យើង​មាន​មោទនភាព​ក្នុងការ​គាំទ្រ​និង​ឧបត្ថម្ភ​ដល់ SOLTILO Angkor FC នេះ​»​។

ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ ដឹកនាំ​ដោយ​លោក​Kento Fujihara ស្រប​ពេល​ប្រកួត​បើក​រដូវ​កាល​ដំបូង​ក្រុម​នេះ​រកបាន​១​ពិន្ទុ ក្រោយ​ស្មើគ្នា​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា​។ ចំណែក​ប្រកួត​បន្ទាប់​របស់​ក្រុម​សូល​ទី​ឡូ​អង្គរ គឺ​នៅ​ថ្ងៃទី​៣១ ខែមីនា ដោយ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣និង៣០នាទី លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

​កាលពី​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំរ​ប​ស់លោក Yuki Matsuda​ដែល​ជា​គ្រូបង្វឹក​ចាស់ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨ ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺអង្គរថាយហ្គីរ​ ដោយ​លទ្ធផល​ទាំង២ជើង​៣ទល់២៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114