ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ W&D ទទួលយក​កម្មករ​ជាង​១០០​នាក់​ឲ្យ​ចូលធ្វើការ​វិញ​

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​រោងចក្រ W&D (Cambodia) Co., Ltd.​ទទួលយក​កម្មករក​ម្ម​ការិនី​ចូលធ្វើការ​វិញ​។ ការអំពាវនាវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្វើឡើង​ បន្ទាប់ពី​រោងចក្រ​W&D បាន​បណ្ដេញ​កម្មករ​ក​ម្ម​ការិនី ប្រមាណ​ជាង ១០០​នាក់ ​មិន​ឲ្យ​ចូល​ធ្វើ​ការ​ក្រោយ​ពួកគេ​ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​អតីតភាព​ផ្តាច់​តែម្តង​។

​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី២៥ ខែមីនា​នេះ​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង ដែល​កម្មករ​ជាង​១០០​នាក់​ បាន​កំពុងធ្វើការ​ជួបជុំគ្នា​សុំ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ចូល​ធ្វើ​ការងារ​នៅ​រោងចក្រ​វិញ​។

​តាមរយៈ​កិច្ច​អន្តរាគមន៍​ជា​សាធារណៈ​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ W&D បើកទ្វារ​ទទួលយក​កម្មករ កម្មការិនី​ប្រមាណ​ជា​១០០​នាក់ ​ក្នុងចំណោម​អ្នកធ្វើ​កូដកម្ម​១.៨០០​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំឭក​ឲ្យ​ក្រុម​កម្មករ​កម្មការិនី​មិន​ត្រូវ​ទាមទារ​ហួសហេតុ​ពេក​ទេ​នៅ​ពេល​ដែល​ខ្លួន​អាក់ខាន​មិនបាន​បំពេញការងារ​សោះ ហើយ​បែរជា​ទាមទារ​បើកប្រាក់​ខែ​នោះ​វា​គឺជា​ការ​ហួសហេតុ​ពេក​ហើយ​។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន កូដកម្ម​មិនមែន​ជា​ដំណោះស្រាយ​ហើយ​ការបណ្ដេញ​កម្មករ កម្មការិនី ក៏​មិនមែន​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដែរ​។ ដូចនេះ​សម្តេច​បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​ផ្ដល់​ភាព​កក់ក្ដៅ​ទៅវិញទៅមក​រវាង​ថៅកែ​និង​កម្មករ​។

​ជុំវិញ​សំណុំ​រឿង​នេះ​ កាលពី​សប្ដាហ៍​មុន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ប្រាប់​ក្រុម​កម្មករ​ឈប់​ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​អតីតភាព​សរុប​ក្នុង​ពេល​តែមួយ ព្រោះ​ការ​ទាមទារ​នេះ​ជា​ទង្វើ​ខុសច្បាប់​ខណៈ​ច្បាប់​ការងារ​តម្រូវ​ឲ្យ​បើកប្រាក់ អតីតភាព​ការងារ​៦​ខែម្ដង​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ស្វាគមន៍​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​រោងចក្រ​W&D ទទួលយក​កម្ម​ករក​ម្ម​ការិនី​ចូល​ធ្វើ​ការ​វិញ​។ បើ​តាម​លោក អាត់​ធន់​កន្លងមក​ក្រសួង​ការងារ​ធ្លាប់​ចរចា​ជាមួយ​រោងចក្រ​ដែរ​តែ​ខាង​រោងចក្រ​នៅតែ​មិន​ទទួល​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​ទេ​។ ​ចូល​ធ្វើ​ការ​វិញ​បាន​លុះត្រា​ជា​កម្មករ​ថ្មី​ដែល​ប្រឈម​នឹង​ការ​បាត់​បង់ប្រាក់​អតីតភាព​ដែល​ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​ក្រុមកម្មករ​មិន​សុខចិត្ត​។

គួរ​រំឭក​ថា​ ដំបូង​ឡើយ​កម្មករ កម្មការិនី​១.៨០០​នាក់ ធ្វើការ​នៅ​រោងចក្រ W&D ស្ថិតនៅ​ខណ្ឌមានជ័យ បាន​ធ្វើ​កូដកម្ម​កាលពី​ចុងឆ្នាំ​២០១៨ និង​បាន​ហែ​ញត្តិ​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ស្នើសុំ​បើកប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ឲ្យ​អស់​សិន មុននឹង​អនុវត្ត​ច្បាប់​ថ្មី ដែល​នឹងត្រូវ​បើកប្រាក់​អតីតភាព​រៀងរាល់​៦​ខែម្ដង​។ ក្នុង​នោះ​ដែរ​បញ្ហា​អូស​បន្លាយ​មកដល់ពេលនេះ គឺ​ក្នុងចំណោម​អ្នក​តវ៉ា​១.៨០០​នាក់ ​នៅ​សល់​តែ​ជាង​១០០​នាក់​ទៀត​ ដែល​ថៅកែ​រោងចក្រ​មិន​ទទួលយក​ធ្វើការ​វិញ​។

នៅក្នុង​ពិធី​ដដែល​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​អំពាវនាវ​ជាថ្មី​ទៅដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ទាំងអស់​ ត្រូវ​បន្ត​ចុះ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ជូន​ប្រជាពលរដ្ឋ​បើ​ទោះបី​ជា​បច្ចុប្បន្ន​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយចំនួន​ក៏ដោយ​។

​ត្រង់​ចំណុច​នេះ​ សម្ដេច​តេ​ជោ​ក៏បាន​លើកឡើង​ពី​របាយការណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ផងដែរ​ថា ​នៅ​វេលា​យប់មិញ​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចំណែកឯ​ខេត្ត​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​គេ​មាននៅ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ​។ សម្តេច​បន្ត​ថា ស្ថានភាព​នេះ​អាច​មាន​ទឹក​ហូរ​ទៅ​ចូល​អាង​វា​រី​អគ្គិសនី​នៅ​តំបន់​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ​ផងដែរ​។

​ជាមួយគ្នា​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​បន្ត​ថា ​ភ្លៀង​នេះ​ក៏​ប្រហែល​មិន​ច្រើន​ទេ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​ភ្លៀង​ត្រូវ​ខិតខំ​ត្រងទឹក​រក្សាទុក ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​។

សម្ដេច​បាន​បញ្ជាក់​ថា​ បញ្ហា​អាកាសធាតុ​ក្ដៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ (​ឥទ្ធិពល​អ៊ែ​ល​នី​ណូ​) មិនមែន​បណ្ដាលមកពី​ការដឹកនាំ​របស់​សម្ដេច​ដូច​ការ​លាប​ពណ៌​នោះ​ទេ វា​គឺជា​គ្រោះធម្មជាតិ​ដែល​អ្នកណាៗ​ក៏​មិនអាច​ប្រកែក​បាន​ឡើយ​ គឺ​មាន​តែ​ការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នោះ​ទេ​តួយ៉ាង​ដូចជា​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114