ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ៖ អ្នកមាន​សិទ្ធិ​ធ្វើ​នយោបាយ​អាច​ជួបជុំ​ក្រុម​អ្នកគាំទ្រ តែ​មិន​អាចធ្វើ​សកម្មភាព​ក្រោមរូបភាព​គណបក្ស​ដែល​ងាប់​ទៅហើយ​នោះទេ

ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នេះ​បានប្រកាស​ថា ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ទទួល​សម្បទាន​នយោបាយ​ឡើងវិញ​អាច​ជួបជុំ​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន ​ប៉ុន្តែ​មិនអាច​ក្រោម​រូប​ភាព​គណបក្ស​ដែល​ស្លាប់​ទៅ​ហើយ​នោះទេ​។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នក​ទាំងនោះ​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​សមាជិក​របស់ខ្លួន​នៅតាម​មូលដ្ឋាន​។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ព្រមាន​ចំពោះ​អ្នក​មិនទាន់​ទទួលបាន​នីតិ​សម្បទាន​មិនអាច​ធ្វើ​សកម្មភាព​បានឡើយ បើ​ហ៊ាន​តែ​ធ្វើ​សកម្មភាព​នឹង​ប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា «​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដទៃទៀត​គេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ជួបជុំ​ក្រុម​អ្នកគាំទ្រ ប៉ុន្ដែ​សូម​បញ្ជាក់​អា​បក្ស​មួយ​ដែល​ស្លាប់​ទៅហើយ គេ​មិន​ត្រូវធ្វើ​សកម្មភាព​តាម​រូបភាព​បក្ស​នេះ​ទេ​អត់​បានទេ​។ ប៉ុន្ដែ​គេ​អាច​ជួប​ជាមួយ​អតីត​អ្នកគាំទ្រ​បក្ស​ហ្នឹង ក្នុង​ទម្រង់​ណាមួយ​រឿង​របស់​គេ​ ប៉ុន្ដែ​ទម្រង់​ងាប់​ទៅ​ហើយ​នេះ​វា​អត់​រស់​ឡើងវិញ​ទេ​អញ្ចឹង​សូម​បង្ក​លក្ខណៈ​លើ​បញ្ហា​នេះ​»​។

សម្ដេច​តេ​ជោ​បាន​បន្ដ​ទៀត​ថា «​ប៉ុន្ដែ​សូម​ជម្រាប​ដែរ​អ្នក​ដែល​មិនបាន​ទទួល​នីតិ​សម្បទាន​ខាង​នយោបាយ​ទេ​អ្នកឯង​ធ្វើ​សកម្មភាព​គឺ​ខុសច្បាប់ ខ្ញុំ​ត្រូវតែ​ចាត់ការ​អ្នកឯង​ហើយ​។ ពីរ​ចែក​ឲ្យ​ដាច់ពីគ្នា មួយ​អ្នក​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ មួយទៀត​អ្នក​ដែល​មិន​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ តាម​សាលដីកា​តុលាការ​កំពូល​ ហើយ​បើ​អ្នកធ្វើ​ឲ្យ​ចលនា​ខុសច្បាប់ និង​បក្ស​ខុសច្បាប់ អាហ្នឹង​ទោស​កាន់តែ​ធ្ងន់ធ្ងរ គឺ​ការប្រឆាំង​សាលដីកា​តុលាការ​កំពូល​»​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ​រាល់​បុគ្គល​ជាប់​បំរាម​ទាំងឡាយ​ណា ដែល​មិន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ​នោះ​ ត្រូវតែ​រង់ចាំ​រហូតដល់​ខែវិច្ឆិកា ​ឆ្នាំ​២០២២ បាន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

​ក្នុង​ឱកាស​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក៏បាន​ធ្វើការ​ប្រៀបធៀប​បញ្ហា​មួយចំនួន​នៅក្នុង​បរិបថ​នយោបាយ​ខុសៗ​គ្នា​របស់​ប្រទេស​នីមួយៗ ដោយ​សម្តេច​បាន​លើកឡើង​ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្ស​នយោបាយ​មួយ​ ដែល​បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​មុន​ពេល​បោះឆ្នោត​មួយឆ្នាំ ប៉ុន្ដែ​ប្រទេស​ថៃ​វិញ​បាន​រំលាយ​គណបក្ស​នយោបាយ​ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​តែម្ដង ​ដូច្នេះហើយ​ប្រទេស​ដទៃ​ដែល​ពូកែ​វាយតម្លៃ​លើ​បញ្ហា​នេះ គិត​យ៉ាងដូចម្ដេច​ដែរ​? នៅ​ពេល​ដែល​យើង​មានការ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេង​គេ​បែរជា​លើក​ឡើង​ថា​ នេះ​ជា​បរិបថ​នយោបាយ​រប​ស់​ប្រទេស​នីមួយៗ ចុះ​កម្ពុជា​ធ្វើ​ក៏​ជា​បរិបថ នយោបាយ​របស់​កម្ពុជា ហេតុ​អី​ត្រូវ​ខុស ? តើ​វា​មាន​ស្តង់ដារ​ប៉ុន្មាន​?

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​ទីកន្លែង​ទាំងអស់​ជួយ​សម្រួល​ដល់​អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មានឱកាស​ធ្វើ​នយោបាយ​ពិតប្រាកដ​តាមរយៈ​ការ​ជួបជុំ​នៃ​អ្នកគាំទ្រ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត ដែល​ត្រូវ​ទៅតាម​ច្បាប់​។ ក៏ប៉ុន្តែ​សម្តេច​ក៏បាន​ព្រមាន ជាថ្មីទៀត​ចំពោះ​គណកម្មការ​ចំពោះ​កិច្ច​ដែល​បង្កើត​ឡើង​ដើម្បី​រើស​មនុស្ស​តាម​ឃុំ ទៅ​ទទួល អតីត​មេបក្ស ប្រឆាំង​ថា​ប្រសិន​នៅតែ​ធ្វើ​នឹង​ត្រូវ​វ៉ៃខ្នោះ ព្រោះ​វា​ខុស​នឹង​ច្បាប់​។

​ជា​មួយ​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សារ​ទៅកាន់​អតីត​មេគណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស នៅក្រៅ​ប្រទេស​ថា បើ​ទណ្ឌិត សម រង្ស៊ី ចូល​មក​កម្ពុជា​ក៏​មិនដឹងថា​ចូល​មក​តាម​ច្រកព្រំដែន​នៃ​ប្រទេស​ណា​នោះ​ទេ ព្រោះ​ទណ្ឌិត​រូបនេះ មិន​ត្រូវ​គ្នា​ជាមួយ​វៀតណាម និង​ឡាវ​។ សម្តេច​បន្ត​ថា ចូល​កម្ពុជា​តាម​ព្រំដែន​ថៃ​នោះ​រឹតតែ​មិនអាច​ឡើយ​ព្រោះ​ថៃ​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ជន​ក្បត់ជាតិ​នៃ​ប្រទេស​ផ្សេង ប្រើប្រាស់​ទឹកដី​គេ​ដើម្បី​ឲ្យ​ជន​នោះ​ធ្វើ​រឿង​ខុសច្បាប់​ឡើយ អញ្ចឹង​កុំ​សង្ឃឹម​។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ចំពោះ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ ដែល​បាន​ព្យាយាម​រារាំង​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សំដៅ​ទៅ​លោក កឹម សុខា ថា «​មាន​អ្នកខ្លះ ជាប់ឃុំ​ក្នុងផ្ទះ​នៅឡើយ​ទេ​ តែ​ព្រមាន​គេ​មិន​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​។ ចាំតែ​រួចខ្លួន​តើ​ខ្ញុំ​មិន​ឲ្យ​រួចខ្លួន​ទេ​។ ឲ្យ​តែ​តុលាការ​កាត់ [​ទោស​] ហើយ​គ្មាន​រញ៉េរញ៉ៃ​ទេ​»​។

​សូមបញ្ជាក់​ថា ​មកទល់​ពេលនេះ គឺ​មាន​អ្នកនយោបាយ​បក្សប្រឆាំង​ចំនួន​៩​រូប​ហើយ​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅក្នុង​ចំណោម​អ្នកនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប ដែល​ត្រូវ​បាន​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​ បន្ទាប់ពី​ច្បាប់​ស្តី​ពី​ការផ្តល់​សិទ្ធិ​នយោបាយ​ដល់​ក្រុមប្រឆាំង​ឡើងវិញ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ខែមករា​កន្លង​ទៅ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114