ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​នឹង​ខិតខំ​កសាង​អគារសិក្សា​ថ្មីៗ​ជាច្រើន​ទៀត​នៅ​គ្រប់​ច្រកល្ហក​នៅ​ទូទាំងប្រទេស

ភ្នំពេញ​ ៖​ កម្ពុជា​ប្តេជ្ញា​ខិតខំ​កសាង​អគារសិក្សា​ថ្មីៗ​ជាច្រើន​ទៀត​នៅ​គ្រប់​ច្រកល្ហក​នៅ​ទូទាំងប្រទេស​ពិសេស​នៅតាម​តំបន់​ព្រំដែន​និង​តំបន់​ជួប​ការលំបាក​ដើម្បី​បង្ខិត​សាលារៀន​ឲ្យ​ទៅ​ជិត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។

​លោក បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​មានប្រសាសន៍ថា ​ការ​កសាង​អគារ​សិក្សា​ថ្មីៗ​បន្ថែម​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំនួន​សិស្ស​ដែល​មាន​ការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ខណៈ​បច្ចុប្បន្ន​មាន​សិស្ស​ចំនួន​៣ ៥៦៧ ១០៥ នាក់ ស្រី ១ ៧៦៦ ៣៧៩ នាក់ ស្មើនឹង ៤៩,៥ ភាគរយ នៅ​គ្រប់​ភូមិ​សិក្សា​សាធារណៈ​និង​ឯកជន​ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា​។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​សិក្សា​២០១៧ ២០១៨​និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១៨ ២០១៩​នៅ​ព្រឹក​ថ្ងៃទី​២៥​មីនា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្រោម​អធិបតីភាព​លោក​កិ​តិ្ត​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​បន្ត​ថា ​ការ​មាន​សាលារៀន​គ្រប់គ្រាន់​នឹង​ជួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​អាចមាន​លទ្ធភាព​ទទួលបាន​នូវ​ការសិក្សា​គ្រប់ៗ​គ្នា​និង​ពេញ​មួយជីវិត​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ប្រទេស​មាន​សា​លាម​ត្តេ​យ្យ​សិក្សា​និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ​និង​ឯកជន​សរុប​ជាង​១​ម៉ឺន​៤​ពាន់​ក្នុងនោះ​មាន​សាលាម​ត្តេ​យ្យ​សិក្សា​ជិត​៥​ពាន់​សាលាបឋមសិក្សា​ជាង​៧​ពាន់​៧​រយ​សាលា អនុវិទ្យាល័យ​ជាង​១​ពាន់​៣​រយ​សាលា​និង វិទ្យាល័យ​មាន​ជិត​៧​រយ​សាលា​។ ចំណែក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទូទាំង​ប្រទេស​មាន ១២៥ ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​និង​ឯកជន​៧​ដែលមាន​និស្សិត​សរុប​ចំនួន​២១១ ៤៨៤ នាក់ ស្រី ៩៨ ៦៣០ នាក់ ស្មើ​៤៦,៣ ភាគរយ ក្នុងនោះ​និស្សិត​បរទេស​អាហារូបករណ៍ ១៤៨ នាក់ ស្រី ៦០ នាក់ ស្មើ ៣៧,៩៧​។

ដោយឡែក​គិត​មកដល់​ខែ កញ្ញា ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​សំណង់​អគារសិក្សា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន សរុប ចំនួន ៨ ៣១០​ខ្នង ស្មើ ២៦ ៥៣៨ បន្ទប់​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ តាមរយៈ​ការធ្វើ​យុទ្ធនា​ការប្រមូល​កុមារ​ដល់​វ័យ​សិក្សា ការ​សាងសង់​អគារសិក្សា ការ​ផ្តល់​គ្រូបង្រៀន ការផ្តល់​ថវិកា​ដំណើរ​ការ​សាលារៀន ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​ជាពិសេស សិស្ស​នា ជាដើម បាន​បង្កលក្ខណៈ​ឲ្យ​កុមារ​មានលទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បានការ​អប់រំ​។

ជាក់ស្តែង​បច្ចុប្បន្ន កុមារ​អាយុ​៥​ឆ្នាំ​បាន​ចូលរៀន​នៅ​ម​ត្តេ​យ្យ​សិក្សា​គ្រប់​រូបភាព ៦៣,១ ភាគរយ កុមារី​៦៣.៦ ភាគរយ​។ អត្រា​ពិត​នៃ​ការសិក្សា​នៅ​បឋមសិក្សា​សាធារណៈ​និង​ឯកជន​មាន ៩៨,០ ភាគរយ (​ស្រី៩៨,៨ ភាគរយ​) ស្ថិតក្នុង​ស្តង់ដា​និង​ក្នុង​កម្រិត​ប្រហាក់ប្រហែល​ប្រទេស​ក្នុង​តំបន់​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រៅពី​ការ​សាងសង់​អគារសិក្សា​ក្រសួង​ក៏​មាន​ការផ្តល់​គ្រូបង្រៀន ការ​ផ្តល់​ថវិកា​ដំណើរ​ការ​សាលារៀន ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កុមារ​មា​នលទ្ធ​ភាព​កាន់តែច្រើន​ក្នុង​ការទទួល​បានការ​អប់រំ​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា ​សន្និបាត​អប់រំ​យុវជន និង​កីឡា​ដែល​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​យុ​ជន​និង​កីឡា​ក្នុងនោះ​រួមមាន ការគ្រប់គ្រង​តាម​សាលារៀន ការ​លើកកម្ពស់​ប្រសិទ្ធភាព​គុណភាព​អប់រំ វិធានការ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ក្នុង​បរិបទ​ថ្មី ការ​ប្រែក្លាយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទៅ​ជា​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត យុវជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​និង​ការ​ឈាន​ឆ្ពោះទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខនេះ​៕