ព័ត៍មានទាន់​ហេតុការណ៏
Search

AFC U23 ៖​ ម្ចាស់ផ្ទះ​U-23 កម្ពុជា ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី​

ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) របស់​ម្ចាស់ផ្ទះ​ពូ​ល H គឺ​កម្ពុជា បាន​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី 2020 AFC U-23 Championship ក្រោយ​ប្រកួត​ចាញ់​២​លើក​ជាប់ៗ​គ្នា កាលពីពេល​ថ្មី ទោះបីជា​នៅសល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏ដោយ ខណៈ​លោក​Felix Dalmas ដែលជា​គ្រូបង្វឹក​សម្លឹង​ឃើញ​ចំណុច​រីកចម្រើន​របស់​កូនក្រុម​ជាច្រើន​។

​ប្រកួត​២​លើក​មកនេះ​ក្រុម U23 កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​អូស្ត្រាលី ៦​ទល់​០ និង​បន្ត​ចាញ់​ក្រុម​កូរ៉េខាងត្បូង ៦​ទល់​១​។ សម្រាប់​ប្រកួត​បន្ត​បិទ​ពូ​ល​ដែល​នៅសល់​គឺ​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​បាត​តារាង​តៃវ៉ាន់ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​ក្រុម​កូរ៉េខាងត្បូង ត្រូវ​ប៉ះ​ក្រុម​អូស្ត្រាលី នៅ​វេលា​ម៉ោង​៥​ល្ងាច​ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​។

​លោក Felix Dalmas គ្រូបង្វឹក​របស់​ក្រុម​U23​កម្ពុជា បាន​លើកឡើងថា «​យើង​ជឿជាក់​យ៉ាង​ច្បាស់​ថា​វា​គឺជា​ដំណើរការ និង​ការ​រីកចម្រើន ហើយ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ការប្រកួត​អ្នក​អាច​ឃើញ​នូវ​ឧត្ត​ម​គតិ និង​ភាព​ជឿជាក់ របៀប​ដែល​កីឡាករ​ជឿជាក់​ទៅលើ​ការរៀបចំ​ប្រព័ន្ធ និង​ការយល់​អំពី​ប្រព័ន្ធ ជាពិសេស​ទោះបីជា​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​មិន​អនុគ្រោះ ដំណាក់​កាលដែល​ពិបាក តែ​នៅ​ពេល​ដែល​យើង​បង្ហាញ​យើង​នៅតែ​ជឿជាក់​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ ដែល​នេះ​ហើយ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​»​។

​គ្រូបង្វឹក​ខាងលើ​បាន​បន្ត​ថា «​ខ្ញុំ​តែងតែ​និយាយ​ថា នេះ​គឺជា​ការប្រកួត​មួយទៀត​ដើម្បី​ភាព​រីកចម្រើន និង​ការ​កែលម្អ ហើយ​ខ្ញុំ​គិតថា​ យើង​អាច​ទទួល​បាន​នូវ​រឿង​ជាច្រើន ដើម្បី​រៀនសូត្រ​ពី​វា​។ ដូច្នេះ​ជា​រួម យើង​អាច​រក​គ្រាប់​បាល់​បាន ខ្ញុំ​គិតថា​វា​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​កីឡាករ ក៏ដូចជា​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ក្រៅតែពី​លទ្ធផល​»​។

វគ្គ​ជម្រុះ​តាម​ពូ​ល​បឋម ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ប្រទេស​ថៃ នា​ឆ្នាំ ២០២០ ខាងមុខ​មាន​ពូ​ល A​មាន​កាតា​,​អូ​ម៉​ង់​,​នេ​ប៉ាល់​,​អា​ហ្វ​ហ្គា​នី​ស្ថាន ពូ​ល B មាន​ប៉ា​ឡេ​ស្ទី​ន​,​បា​រ៉ែ​ន​,​បង់​ក្លា​ដេ​ស​,​ស្រីលង្កា ពូ​ល C មាន​អ៊ីរ៉ាក់​,​អ៊ីរ៉ង់​,​តួរ​មេ​នី​ស្ថាន​,​យេ​ម៉ែន ពូ​ល D មាន​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​,​អារ៉ាប់​រួម​,​លី​ប៉ង់​,​ម៉ា​ល់​ឌី​វ ពូ​ល E​មាន​ហ្សកដានី​,​ស៊ី​រី​,​គី​ជី​ស្ថាន​,​គុយ​វ៉ែត ពូ​ល F មាន​អ៊ូ​ប៊ែ​គី​ស្ថាន​,​តាជី​គី​ស្ថាន​,​ឥណ្ឌា​,​ប៉ា​គី​ស្ថាន ពូ​ល G មាន​កូរ៉េខាងជើង​,​ហុងកុង​,​សឹង្ហ​បុរី​,​ម៉ុង​ហ្គូ​លី ពូ​ល H កូរ៉េខាងត្បូង​,​អូស្ត្រាលី​,​កម្ពុជា​,​តៃវ៉ាន់ ពូ​ល I ជប៉ុន​,​មី​យ៉ាន់​ម៉ា​,​ទី​ម័​រ​ខាងកើត​,​ម៉ា​កាវ ពូ​ល J ម៉ាឡេស៊ី​,​ចិន​,​ឡាវ​,​ហ្វីលីពីន និង​ពូ​ល K​មាន​វៀតណាម​,​ថៃ​,​ឥណ្ឌូណេស៊ី​និង​ប្រ៊ុយណេ​។

គួរ​ដឹង​ដែរ​ថា វគ្គ​ជម្រុះ AFC-U23 មាន​ចំនួន​១០​ពូ​ល ហើយ​ក្រុម​ជម្រើសជាតិ​ចំនួន​១៥ ត្រូវ​ឆ្លងទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ឆ្នាំ​២០២០ បូក​ជាមួយនឹង​ម្ចាស់ផ្ទះ​ថៃ​។​ ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺ​វគ្គ​ចុងក្រោយ​នឹង​ប្រព្រឹត្តទៅ ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114