ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​ACE នឹង​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​លើក​ទី​៥​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​កសាង​បង្គន់​អនាម័យ​និង​អណ្ដូងទឹក​ស្អា​ត​ដល់​សាលារៀន​តាម​ជនបទ

ភ្នំពេញ ​៖ ​គណៈកម្មការ​សង្គមរ​បស់ IDP និង​ACE និង​ចូលរួម​ដឹកនាំ​ដោយ​អគ្គរាជទូត​សុ​ឆន្ទៈ​សិស្ស និង​បុគ្គលិក ​របស់​សាលា​ACE ទាំងអស់​នឹង​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​លើក​ទី​៥​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩​នៅ​សា លា ACE ទីតាំង​ទួល​ទំពូង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​កសាង​បង្គន់​អនាម័យ​និង​អណ្ដូងទឹក​ស្អា​តដល់​សាលារៀន​តាម​ជនបទនិង​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​ដ៏​សំបូរបែប និង​ផ្សារភ្ជាប់​យុវជន​គ្រប់​វ័យ​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ សម្រាប់​ព្រឹ​ត្ដិ​ការណ៍​ឆ្នាំនេះ​នឹងមាន​លក្ខណៈ​ប្លែក​ជាង​បណ្ដា​ឆ្នាំមុនៗ​បន្តិច​ដោយ​សិស្សានុសិស្ស និង​អាណាព្យាបាល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​សូត្រមន្ដ​និង​រាប់បាត្រ​នៅពេល​ព្រឹក​ចាប់ពី​ម៉ោង ៨:៣០ ដល់ ១០:២០ ដោយ​សេរី​។
​សម្រាប់​កម្មវិធី​នៅពេល​ព្រឹក​នេះដែរ នឹង​មានការ​ទេសនា​ផ្ដល់​ឱវាទ​ដោយ ព្រះ​ភិក្ខុ សត្យ​មុនី​បុ​ត្តោ ជា សុ​មាលា (​ព្រះ​អគ្គនាយក​វិទ្យុ​មាលា​) និង​ពិធី​ប្រគេន​ទេយ្យទាន​និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៧០ អង្គ​ផងដែរ​។ ដោយ​ទ្បែ​ក​សម្រាប់​កម្មវិធី​នៅពេល​រសៀល (​តម្រូវ​ឲ្យ​មាន​សំបុត្រ​ចូលរួម​) អ្នកចូលរួម​ទាំងអស់​អាច​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​បែប​ខ្មែរ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ជុំគ្នា​។

លើសពីនេះ​ទៀត​អ្នកចូលរួម​នឹងមាន​ឱកាស​បាន​ទស្សនា​នូវ​ម៉ូត​សំលៀកបំពាក់​របស់​ខ្មែរ​យើង ទៅតាម​សម័យកាល នីមួយៗ (​ចាប់ពី​សម័យមុន​អង្គរ រហូតដល់​សម័យ​ឧ​ដ្តុ​ង្គ​) និង​ឧបករណ៍​តន្ដ្រីបុរាណ​ផងដែរ​ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​អ្នកចូលរួម​ទាំងអស់​ក៏​អាច​ទទួលបាន​នូវ​អារម្មណ៍​មួយ​ដែល​ពួកគេ​ហាក់ដូចជា​កំពុង​ស្ថិតនៅ​ក្នុងសម័យ​កាលណា​មួយ ដោយ​ពួកគេ​អាច​ស្លៀក​សំលៀកបំពាក់ របស់​សម័យកាល​នីមួយៗ​ដែល​ខ្លួន​ពេញចិត្ត​។ លើសពីនេះទៅទៀត​អ្នកចូលរួម​នឹងមាន​ឱកាស រាំលេង​កំសាន្ដ​ទៅតាម​ចង្វាក់​ប្រពៃណី និង​លេងល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត​។

មួយវិញទៀត សំរាប់​អ្នក​ដែល​ចូលចិត្ត ឬ​អ្នក​ដែល​ចង់​ហាត់ Yoga អាច​អញ្ជើញ​ចូលរួមបាន​ព្រោះ​យើង​ក៏មាន​បន្ទប់​សំរាប់​ហាត់ Yoga ដែល​បង្រៀន​ដោយ​គ្រូ​ជំនាញ​ផងដែរ​។

ជា​ចុងក្រោយ ក៏​នឹងមាន​ការតាំងពិព័រណ៍​ស្ដង់​ជាច្រើន រួមមាន​ស្តង់​មកពី​ស្ថាប័ន​ដែល​បាន​ឧបត្ថម្ភ​កម្មវិធី ស្តង់​លក់​ម្ហូបអាហារ​បែប​ខ្មែរ ភេសជ្ជៈ និង​វត្ថុ​អនុស្សា​រី​យ៍ ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​នេះ​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា​សំបុត្រ​ចូលរួម​កម្មវិធី​មាន​លក់​នៅ​គ្រប់​ទីតាំង​សាលា ACE ទាំងអស់​នៅ​ភ្នំពេញ​រួមមាន​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង និង​ទីតាំង​ទួលគោក​ឬ​ទំនាក់ទំនង​តាមរយៈ ០២៣ ២២២ ៣២៥ / ០៩៦ ៧៣០០ ៩២១ ឬ Facebook page: ACE Charity​ដោយ​សំបុត្រ​ចូល​រួមមួយ​តម្លៃ​តែ ២០ ០០០​រៀល ប៉ុណ្ណោះ​ដោយមាន​ផ្តល់​អាហារ​ថ្ងៃត្រង់​ជូន​ហើយ​ចំពោះ​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​នឹង​យក​ជួយ​កសាង​បង្គន់​អនាម័យ និង​អណ្ដូងទឹក​ដល់​សាលារៀន​តាម​ជនបទ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114