ព័ត៍មានទាន់​ហេតុការណ៏
Search

ជ្រូក​សៀម​ និង​ជ្រូក​វៀតណាម​ ជែង​គ្នា​នាំ​ចូល​មក​ខ្មែរ​កាន់តែ​ច្រើន​ ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង

បន្ទាយមានជ័យ​ ៖ ស្រប​ពេលដែល​ជំងឺ​ប៉េស្ត​ជ្រូក​ បាន​ផ្ទុះឡើង នៅ​ប្រទេស​មួយចំនួន​លើ​ពិភពលោក និង​តំបន់​ផ្សេង​ផង ដូចជា ​ប្រទេស​វៀតណាម​នោះ​ ក្រសួង​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ នៃ​ខេត្ត​ជាប់​ព្រំដែន​ខាងកើត បាន​ចេញ​សារាចរណែនាំ​ និង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ខ្វះ​ការ​ត្រួតពិនិត្យ​ពី​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្តែ​ការនាំ​ចូល​ជ្រូក​នៅ​ព្រំដែន​ខាងលិច ​និង​ខាង​កើត ពី​សៀម និង​ប្រទេស​វៀតណាម​មក​កម្ពុជា​ មានការ​កើន​ឡើង​ទ្វេ​ដង​ថែមទៀត ​ព្រោះ​ជិត​ចូល​ថ្ងៃ​ឆេងម៉េង​ និង ចូលឆ្នាំ​ខ្មែរ។

ពី​ខាងលិច​ គឺ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ តាម​ច្រក​តំបន់​ចំនួន​២​ ក្នុង​ខេត្តបន្ទាយមានជ័យ រួមមាន ​ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​តំបន់​ម៉ាឡៃ ហើយ​មាន​២​ក្រុមហ៊ុន ដែល​នាំចូល។ សម្រាប់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​ចំនួន​៧៧០​ក្បាល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ការិយាល័យ​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត។

លោក ​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​ជ្រូក​ពី​ថៃ​ មាន​២​ក្រុមហ៊ុន គឺ​ ១-ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ នាំចូល​ជ្រូក​តាម​ច្រក​តំបន់​ម៉ាឡៃ និង ២-​ក្រុមហ៊ុន​អង្គ​រសុខ សារិទ្ធ នាំចូល​ជ្រូក​តាម​ច្រក​តំបន់​បឹង​ត្រកួន។

លោក​ថា កន្លងមក ការ​នាំចូល​ជ្រូក​ពី​ថៃ​មាន​ចំនួន​តិច ទើបតែ​ពេលនេះ ការ​នាំចូល​ជ្រូក​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ ពីព្រោះ​ដល់​រដូវ​កាល​បងប្អូន ជាប់​ខ្សែស្រឡាយ​ចិន​ឆេង​ម៉េង​។

លោក​បាន​បន្ត​ថា ​មន្ត្រី​ជំនាញ​របស់​លោក​បាន​ពិនិត្យមើល​លើ​សុខភាព​សត្វ​យ៉ាង​ត្រឹមត្រូវ ម្យ៉ាង​ទៀត​ក្រុមហ៊ុន​នាំចូល​មាន​វិញ្ញាបនបត្រ នាំចូល​ និង​លក្ខខណ្ឌ នាំចូល​គ្រប់គ្រាន់។​

លោក ​ហ៊ុយ ទូច បញ្ជាក់ថា ការ​នាំចូល​ជ្រូក​ពី​ថៃ សម្រាប់​ថ្ងៃ​ទី​២៥​មីនា​ មាន​ចំនួន​សរុប​៧៧០​ក្បាល គឺ​ជ្រូក​របស់​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ នាំចូល​តាម​ច្រក​តំបន់​ម៉ាឡៃ​មាន​ចំនួន​៣៧០​ក្បាល និង​៤០០​ក្បាល ជា​របស់​ក្រុមហ៊ុន​អង្គ​រសុខ សារិទ្ធ នាំចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន។

​ចំណែក​ជ្រូក​វៀតណាម​វិញ​ គេ​ដឹក​ចេញពី​ប្រទេស​វៀតណាម(​ឌឺរិច​) យក​មក​លក់​តាម​ខេត្ត​បណ្តាក់​ដូច​ខ្យង​ ហៀរ​មកដល់​ខេត្តបន្ទាយមានជ័យ​នេះ​ទៀតផង​៕​