ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខេត្ត​កំពង់ឆ្នាំង ​ជួយ​គ្នា​ក្នុង​គ្រា​មាន​ជំងឺ ​ឈឺ ​ស្កាត់ និង​មាន​ទុក្ខ​លំបាក

កំពង់ឆ្នាំង ៖ លោកស្នងការ​រង​នគរបាល​ខេត្ត​ម្នាក់ មាន​ជំងឺ​ប្រចាំ​កាយ បាន​ទទួល​អំណោយ​ពី​លោក​ស្នងការ​នគរបាល​ខេត្ត និង​មិត្តភ័ក្ដិ​នៅ​ក្នុង​អង្គភាព ដែល​នេះ​គឺជា​ការ​យកចិត្តទុកដាក់​ និង​គិតគូរ​ដល់​កូនចៅ ក្នុង​នាម​ជា​ម៉ែ ជា​ឪ និង​ជា​ថ្នាក់​ដឹក​នាំ​ពីសំណាក់​លោក​ឧត្ដមសេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង។

លោក បាន​​ចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ផ្តល់ជូន លោក កែ ប៊ុន​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ដល់​លំនៅដ្ឋាន​​​ នៅក្នុង​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​២៥ ខែ​មីនា ឆ្នាំ​២០១៩។​

នៅក្នុង​ការផ្តល់ជូន​នូវ​អំណោយ​មនុស្សធម៌​ខាងលើនេះ ធ្វើឲ្យ​លោក​ឧត្ដមសេនីយ៍​ត្រី កែ ប៊ុន​រិ​ទ្ធ ដែលមាន​ជំងឺ​ប្រចាំកាយ​កំពុង​ព្យាបាល​នៅក្នុង​លំនៅដ្ឋាន មាន​ក្តីរំភើប​ក្នុង​ចិត្ត​យ៉ាងខ្លាំង រហូតដល់​ស្រក់​ទឹកភ្នែក ក្នុងពេលដែល​បានទទួល​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ ​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រីនគរបាល​ជា​មិត្តភ័ក្ដិ​រួម​ការងារ​នៅក្នុង​អង្គភាព។

លោក​ឧត្ដមសេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ផ្ដាំផ្ញើ​ដល់ ​លោក កែ ប៊ុន​រិ​ទ្ធ សូម​លោក​យកចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺឲ្យ​បាល​ល្អ ដោយ​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បីឲ្យ​​ជំងឺ​ឆាប់​ជាសះស្បើយ ហើយ​មានការ​ខ្វះខាត​អ្វីមួយ​ត្រូវ​រាយការណ៍​ជូន​អង្គភាព ដើម្បី​ជួយ​ដោះស្រាយ​បាន​ទាន់ពេលវេលា ដែល​រឿងនេះ ​គឺជា​ការ​តបស្នង​ នៃ​ការខិតខំ​ធ្វើ​ការងារ​កន្លង​មក និង​ជាការ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​ជួប​ការ​លំបាក និង​ដើម្បី​រឹតចំណង​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ឲ្យ​បាន​រឹងមាំ។​

នៅក្នុងពេល​នោះដែរ លោក កែវ ប៊ុន​រិ​ទ្ធ និង​ភរិយា​ ព្រមទាំង​ក្រុម​គ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោកស្នងការ លោក​ស្នងការ​រង និង​មិត្តភ័ក្ដិ​ក្នុង​អង្គភាព​ដែល​បាន​គិតគូរ យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូបលោក ដោយ​លោក​ នឹង​យក​ថវិកា​មួយ​ចំនួន​នេះ ខំ​ព្យាបាល​ជំងឺ​ឲ្យ​ឆាប់​ជា ដើម្បី​បាន​ធ្វើ​ការងារ​នៅក្នុង​អង្គភាព​ក្នុងពេល​ឆាប់​ៗនេះ​វិញ។​

ដោយឡែក​ អំណោយ​ដែល​លោកស្នងការ លោក​ស្នងការ​រង និង​មន្ត្រី​នគរបាល នាំយកមក​ប្រគល់​ជូន លោក កែ ប៊ុន​រិ​ទ្ធ នៅពេលនេះ រួមមាន​ គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន និង​ថវិកា​ចំនួន​៣​លាន​រៀល​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114