ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០១៩

ភ្នំពេញ ​៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ លើក​ទី​១៣ ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ​Great Duke។​

សន្និសីទ នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អ្នក​ជំនាញការ​ក្នុងស្រុក និង​ក្នុង​តំបន់ អ្នកសិក្សា​ស្រាវជ្រាវ មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ប្រមាណ ៣៥០​នាក់​។

​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៣ ធ្វើឡើង​ក្រោម​ប្រធានបទ​ ស្ដីពី «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ ឆ្ពោះទៅកាន់​ឧស្សាហកម្ម ៤.០» ដែល​ជា​កិច្ចសហការ​ជា​ដៃគូ​រវាង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear)​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា សន្និសីទ​ចក្ខុវិស័យ​ឆ្នាំនេះ មាន​ប្រធានបទ​ជាប់​ទាក់​ទង​ទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ន​។ ស្របគ្នា​នឹង​ការ​រីកចម្រើន​ នៃ​ឧស្សាហកម្ម​៤.០ ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​អាចជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​ថ្មី​មួយ​ដែល​កម្ពុជា​ត្រូវការ ដើម្បី​សម្រេច​ចក្ខុវិស័យ​រយៈពេល​វែង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សន្និសីទ​នេះ​មាន​ប្រធានបទ​តូចៗ​ជាច្រើន សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មតិ​ត្រង់​ទៅ​ត្រង់​មកពី​វិធី​ចាប់យក​ឱកាសល្អៗ​ នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង និង​មាគ៌ា​អភិវឌ្ឍន៍ និង​ការ​ផ្តល់​គំនិត​ពី​ការ​កសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌីជីថល​ នៅ​កម្ពុជា​។​

​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០១៩ មាន​គោលដៅ​ផ្តល់​ជា​វិភាគទាន​ដល់​ការ​រចនា​តាក់តែង និង​អនុវត្ត​គោលនយោបាយ ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ដំណើរការ​ នៃ​សន្និសីទ និង​ការ​ផ្តល់​មតិ​ផ្នែក​គោលនយោបាយ​ផ្សេងៗ​ទៀត​៕​