ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ បុក​គ្រោង​ដែក​និមិត្តសញ្ញា​ខេត្ត​កំពង់ឆ្នាំង​មួយ​កន្លែង ​បាក់​ខ្ទេចខ្ទី ព្រោះ​អត់​បាន​បើកភ្លើង​ពេល​យប់​

​កំពង់ឆ្នាំង​ ៖ គ្រោង​ដែក​រូប​និមិត្តសញ្ញា​ខេត្ត​កំពង់ឆ្នាំង​មួយកន្លែង​ ត្រូវបាន​រថយន្តបុក​បាក់​ខ្ទេចខ្ទី​ព្រោះ​តែ​អត់​បាន​បើកភ្លើង​បំភ្លឺ​នៅ​ពេល​យប់។

ហេតុការណ៍​នេះ ​បានកើត​ឡើង​នៅ​ម៉ោង​៣​និង​៤០​នាទី​យប់​ទៀបភ្លឺ ​ឈានចូល ថ្ងៃទី25 ខែមីនា ឆ្នាំ2019 នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា តាម​ការចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នឹង​ចំណុចកើតហេតុ បាន​ប្រាប់ថា នៅពេល​ទៀបភ្លឺ​ប្រមាណ​ម៉ោង3 និង40នាទី ពួកគាត់​បាន​ឮសូរ​ប្រាវ​យ៉ាងខ្លាំង នៅ​ចំណុច​លើផ្លូវ​ជាតិ​មុខផ្ទះ​របស់​ពួកគាត់ ពេល​គាត់​បាន​ចេញមក​មើលឃើញ​គ្រោង​ដែក​ដែល​ជា​និមិត្តសញ្ញា​ខេត្ត​កំពង់ឆ្នាំង​នោះ​ បាន​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​នោះ​ក៏បាន​គេចខ្លួន​បាត់​ទៅដោយ​សុវត្ថិភាព។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​ ករណី​ដែល​រថយន្ត​បាន​បុក​បាក់​គ្រោង​ដែក​និមិត្តសញ្ញា​នេះ​ក៏ដោយ​សារ​តែ​ គ្រោង​ដែក ​តាំង​លំអ​នេះ ​ពុំបាន​បើកភ្លើង​នៅពេល​យប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ធំៗ​នៅ​ពេល​ជៀស​គ្នា ​ឬ​វ៉ា​គ្នា​ បាន​ប៉ះទង្គិច ទើប​ធ្វើ​ឲ្យ​គ្រោង​និមិត្តសញ្ញា​នេះ​បាក់​ខូចខាត​។​

ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច ស្នើសុំ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ជួយ​បើក​​ភ្លើង​លើ​គ្រោង​ដែក​និមិត្ត​សញ្ញា​ខេត្តកំពង់ឆ្នាំង​នេះ ​នៅពេល​យប់​ ទើប​អ្នកបើកបរ​រថយន្ត​ងាយ​នឹង​មើលឃើញ​ច្បាស់ ដើម្បី​ជៀសវាង​ការបាក់​ខូចខាត​លើ​ករណី​ខាងលើនេះ។

ម្យ៉ាងទៀត​ គ្រោង​ដែក​និមិត្តសញ្ញា​នេះ នៅ​កន្លែង​មួយ​ចំនួន​មាន​ទំហំ​តូច ​និង​ទាប ដែល​ពេល​រថយន្ត​ខ្ពស់ៗ​បើក​ឆ្លងកាត់ ឬ​ពេល​វ៉ា​ជែង​គ្នា ពិតជា​ប៉ះ​បាក់​បែក​ខូចខាត​ជៀស​មិន​រួច​ឡើយ យក​ល្អ​ គួរតែ​រើរុះ​ទុកដាក់​ទៅ។

ដោយឡែក មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ គ្រោង​ដែក​ជា​និមិត្តសញ្ញា​ខេត្តកំពង់ឆ្នាំង​ខាង​លើ​នេះ គណៈកម្មាធិការ​រៀបចំ​បុណ្យ​ទន្លេ​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ចំនួន75 កន្លែង ​នៅក្នុង​ទីក្រុង​កំពង់ឆ្នាំង ដើម្បី​ស្វាគមន៍​បុណ្យ​ទន្លេ​នៅ​ក្នុង​ទីក្រុង​កំពង់ឆ្នាំង ហើយ​មកដល់ពេលនេះ​ អាជ្ញាធរខេត្ត​មិន​ទាន់​បាន​រៀបចំ​រើរុះ​ទុកដាក់​នៅឡើយ​ទេ៕