ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​មូលដ្ឋាន អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ធ្លា​ប់​យក​សំរាម​មក​ចោល មេត្តា​បញ្ឈប់​សកម្មភាព ​

​ប៉ៃលិន ​៖ គំនរ​សំរាម ដែល​ប្រជាពលរដ្ឋ​មួយចំនួន​តូច បាន​យកមក​ចោល​តាម​បណ្ដោយ​ផ្លូវលំ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ ស្នើសុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​សុខភាព​ពួកគាត់ ជាពិសេស ​គឺ​សោភ័ណភាព​ភូមិ របស់​ពួកគាត់​ផងដែរ។​

បើតាម ​លោក នាង មាឃ មេភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​ គំនរ​សំរាម ដែល​រាយប៉ាយ នៅតាម​ដងផ្លូវ​ក្នុងភូមិ​របស់គាត់ វា​មិនមែន​អ្នកភូមិ​គាត់​យកទៅ​ចោល​នោះទេ គឺ​អ្នក​ដែល​មកពី​ភូមិ​ឆ្ងាយ​យកមក​ចោល ដែល​ពួកគេ​តែង​វេច​ខ្ចប់​ទាំង​បាវៗ​ធំៗ ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​យកមក​ចោល​ជា​បន្តបន្ទាប់ ទើប​កក​ កើត​ឲ្យ​មាន​សំរាម​បែបនេះ ដែល​ភាគច្រើន​គឺ​សំបក​ពងមាន់ ពង​ទា កាកសំណល់​ផ្ទះបាយ ស្រកាត្រី សំបក​ផ្លែឈើ សំបក​ថង់ និង​សំណល់​កញ្ចប់​អាហារ​ចម្រុះ​ពណ៌​តែម្តង។​

លោក​មេភូមិបាន​បន្តថា​ កន្លងមក លោក​ក៏​ធ្លាប់​កាយ​ដុត​ជា​ច្រើនលើកច្រើនសា​ណា​ស់​មក​ហើយ រហូត​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ដែរ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្លាក​សញ្ញា​ហាមឃាត់​នោះ ត្រូវបាន​គេ​យក​ចោល​បាត់ ហើយ​មានពេលខ្លះ នៅពេល​លោក​ធ្វើដំណើរ​កាត់ ក៏​ជួបប្រទះ​អ្នកយក​សំរាម​មក​ចោល ដោយ​ធ្វើការ​ពន្យល់ និង​ណែនាំ ដល់​ប្រជាពលរដ្ឋ​នោះ​ថែមទៀត តែ​ជា​លទ្ធផល ដែល​ទទួលបាន គឺ​កា​រ​ខឹងសម្បា​មក​លើ​រូបលោក​វិញ​តែម្តង។

លោក​ក៏បាន​បញ្ជាក់ដែរថា​ ពេល​សំរាម​ទាំងនោះ​ក្លាយ​ទៅ​ជា​ស្អុយរលួយ ពេល​ខ្យល់​បក់​មកពី​ទិស​ខាង​លិច​ម្តងៗ បណ្ដាលឲ្យ​ជះ​ក្លិន​ស្អុយ​ស្ទើរ​ដកដង្ហើម​មិន​រួច ហើយ​ខាង​លោក​ធ្លាប់​លើក​ក្នុង​អង្គ​ប្រជុំ​ជា​ញឹកញាប់ រហូតដល់​ធ្វើ​ឲ្យ​សង្កៀរត្រចៀក​អ្នកដទៃ តែ​មិនមាន​ចំណាត់ការ​ពី​ថ្នាក់លើ​នោះ​ឡើយ ហើយ​លោក​ក៏​ខ្ជិល​និយាយ​បន្តទៀត ទ្រាំ​ជិះ​ម៉ូតូ​ឆ្លងកាត់ និង​រស់នៅ​ដកដង្ហើម​ស្រូប​យក​ក្លិន​ស្អុយ​ទាំងនោះ​ប៉ុណ្ណោះ។​

ជាមួយគ្នានេះ ​លោក​មេភូមិ ក៏​ធ្វើការ​សំណូមពរ​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​ធ្លា​ប់យក​សំរាម​មក​ចោល មេត្តា​បញ្ឈប់​សកម្មភាព​នេះ​បន្តទៀត​ទៅ គួរ​ណាស់​បងប្អូន​ត្រូវ​ប្រមូល​វេច​ខ្ចប់​ទុក​នៅ​ខាងមុខផ្ទះ​របស់​ខ្លួន​ឯង ដើម្បី​អាច​ឲ្យ​ក្រុម​រថយន្ត​អនាម័យ​ខេត្ត បាន​ទៅ​ដឹក​ជញ្ជូន ជៀសវាង​ការ​យក​សំរាម​ទៅ​ចោល​នៅតាម​ចិញ្ចើម​ផ្លូវ យ៉ាង​អនាធិបតេយ្យ រហូត​ច្រើន​ហៀរ ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​បរិស្ថាន​អនាម័យ និង​សណ្ដាប់ធ្នាប់​លើ​ដងផ្លូវ​សាធារណៈ​ផងដែរ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ត្រូវបាន ​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​ឲ្យ​ដឹងថា ខាង​លោក​អត់​ដឹង​ថា ខាង​ណា​គេ​យក​សំរាម​ទៅ​បោះចោល​នៅ​ទី​នោះ​ទេ ហើយ​នៅពេលនេះ លោក​កំពុង​ជាប់រវល់​ប្រជុំ។

លោក​បន្តទៀតថា ចំពោះ​បញ្ហា​ចាក់ចោល​សំរាម​អនាធិបតេយ្យ​បង្ក​ទៅជា​ក្លិន​ស្អុយ​ប៉ះពាល់ ដល់​បរិស្ថាន​នេះ ទាល់តែ​ខាង​ក្រុង ជា​អ្នកមើលការខុសត្រូវ ព្រោះ​នៅ​ជិត​ផ្ទះ​លោក​អភិបាល​ក្រុងប៉ៃលិន​តែម្តង៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114