ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​៣​នាក់ រួម​នឹង​ថ្នាំញៀន​១​ថង់​ធំ​

​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៣នាក់ ត្រូវបាន​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​មោងឬស្សី ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ពីបទ​ជួញដូរ​ថ្នាំញៀន រួម​ជាមួយនឹង​វត្ថុតាង​មួយចំនួន​ផងដែរ ខណៈ​ដែល​ពួកគេ​បាន​និង​កំពុង​ ធ្វើ​សកម្មភាព​ជាក់ស្ដែង នៅក្នុង​មូលដ្ឋាន។​

​លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការ​នគរបាល​ស្រុក​មោងឬស្សី​បាន​បញ្ជាក់​ថា កិច្ចប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាលពី ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ២០១៩ នៅវេលា​ម៉ោង១០និង១៥នាទី​យប់ នៅ​ចំណុច​ក្រុម​ទី​៦ ភូមិ​កន្សៃបន្ទាយ ឃុំ​មោង​ស្រុក​មោងឬស្សី ខេត្តបាត់ដំបង។​

​លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​ដែល​ប្រើប្រាស់​ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​មោង​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​០១​ករណី ព្រមទាំង​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៣​នាក់ គឺ ១.​ឈ្មោះ យុង សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង​(​ម្ចាស់​ថ្នាំ​)។ ២.​ឈ្មោះ មាស សុភ​ណ្ឌ័ ហៅ​ស្នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល​(​ប្រើប្រាស់​) និង ៣.​ឈ្មោះ មាស សុ​វ​ណ្ណារិន ហៅ​រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល (​ប្រើប្រាស់​)។​

រីឯ​វត្ថុតាង​ដែល​កម្លាំង​ដកហូត​បានរួម​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ១​ថង់ មាន​ ទម្ងន់​១៤.២៣​ក្រាម ទូរស័ព្ទ​០២​គ្រឿង ឧបករណ៍​ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​០២​គ្រឿង​(​ម៉ាក​ឃ្លិ​ច​២០១៩ ស្លាក​លេខ ប​1AF4528,​ ម៉ាក​ឃ្លិ​ច​២០១៧ ស្លាកលេខ ប​1X2884)​។ បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងអស់ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114