ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ប្រធានរដ្ឋសភា ស្នើ និង​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់ ​ចុះ​តាម​មូលដ្ឋាន​ភូមិ​ស្រុក​សួរ​សុខទុក្ខ និង​ជួយ​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ​ ក្នុង​រដូវប្រាំង​រាំងស្ងួត​នេះ​

​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ និង​ជំរុញ​ឲ្យ​អ្នកតំណាងរាស្ត្រ​ទាំងអស់​ យកចិត្តទុកដាក់​ចុះ​តាម​មូលដ្ឋាន​ភូមិ/​ស្រុក ​សួរ​សុខ​ទុក្ខ និង​ជួយ​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ ​ក្នុង​រដូវប្រាំង​រាំងស្ងួត​នេះ ដែល​បានចាប់ផ្តើម​ជាង​មួយខែ​មកហើយ​នោះ​។​ នេះ​បើតាម​ប្រសាសន៍​ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានលើកឡើង​ពី​កង្វល់​ខ្វល់ខ្វាយ​របស់ ​សម្ដេច​ប្រធានរដ្ឋសភា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​រដ្ឋសភា​។

លោក​អគ្គលេខាធិការ​រដ្ឋសភា​បាន​បន្តថា បញ្ហា​ប្រឈម​នេះ​ សម្ដេច​ប្រធានរដ្ឋសភា​ បាន​ជំរុញ​ឲ្យ​អ្នក​តំណាងរាស្ត្រ​ទាំងអស់ ចុះ​តាម​ភូមិ/​ស្រុក​ក្នុង​មណ្ឌល​របស់​ខ្លួន ដើម្បី​សួរសុខទុក្ខ និង​ជួយ​ដោះ​ស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​រដូវប្រាំង​រាំងស្ងួត​នេះ ដោយ​ សម្តេច​ប្រធាន​បាន​បញ្ជាក់​ថា ភាព​រាំងស្ងួត ដែលមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​ជាង​មួយខែ​មកហើយ ហើយ​ភាព​រាំងស្ងួត​នេះ ​នឹង​បន្តទៅទៀត ធ្វើ​ឲ្យ​ធាតុអាកាស​ឡើង​កម្ដៅ​ខ្លាំង​។

សម្តេច​ បាន​ផ្ដាំផ្ញើ ​ហើយ​ផ្ដាំផ្ញើ​ទៀ​ត ទៅ​គណៈកម្មាធិការ សមាជិក សមាជិកា​រដ្ឋសភា​ទាំងអស់ សុំ​ឲ្យ​​មានឱកាស​ចុះទៅ​មូលដ្ឋាន​របស់ខ្លួន ដើម្បី​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ចំពោះ​បញ្ហា​ខ្វះ​អគ្គិសនី រាជរដ្ឋាភិបាល​ លោក ​បាន​សុំ​អភ័យទោស​ហើយ ​ចំពោះ​ការ​ដាច់​អគ្គិសនី​ម្តងៗ ដោយសារ​យើង​មិនទាន់បាន​មាន​អគ្គិសនី​គ្រប់គ្រាន់​។

សម្ដេច​ប្រធាន ​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អត់ធ្មត់ និង​សូម​អភ័យទោស​ផង​ដែរ ដោយ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ដែល​អាច​កើតមាន​នៅ​ក្នុង​រដូវ​រាំងស្ងួត​នេះ ទាំង​ភ្លើង​ដាំបាយ ភ្លើង​អុច​ធូប ភ្លើង​ដុត​នៅក្នុង​ព្រៃ ក្នុង​ចម្ការ ដែល​បង្ក​ការ​ឆាបឆេះ​កើតមានឡើង នាំ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​យើង ដែល​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​។

បញ្ហា​មួយទៀត​ សម្តេច​ក៏​សូមឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ចំពោះ​បញ្ហា​ខ្យល់​កន្ត្រាក់ ហើយ​សុំឲ្យ​ចេះ​សន្សំ​ទឹក​ទុក ដើម្បី​ជីវិត​មនុស្ស សត្វ​។ ព្រោះ​ទឹក​សំខាន់​ណាស់ ជាពិសេស​ទឹក​សម្រាប់​ទទួល​ទាន ដែលជា​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​សម្រាប់​សត្វ​ពាហនៈ និង​សម្រាប់​ស្រោច​ដំណាំ​ដាំ​ដុះ ដែល​យើង​ត្រូវការ​គ្រប់គ្រង​ទឹក​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​បរិភោគ​ទឹក​ស្អាត​មាន​អនាម័យ ដើម្បី​កុំឲ្យ​មាន​ជំងឺ​ឈឺ​ស្កាត់​ នៅក្នុង​រដូវ​រាំងស្ងួត​នេះ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114