ព័ត៌មានជាតិ
ប្រមុខការទូតប្រាប់កាកបាទក្រហមអន្តរជាតិពីជំហរកម្ពុជាចង់ឱ្យការប្រយុទ្ធត្រូវបានបញ្ចប់
ជំហរកម្ពុជា គឺចង់ឱ្យថៃបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា ដោយវិលទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ប្រាប់ទៅកាន់លោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា។

លើកឡើងក្នុងជំនួបកាលពីថ្ងៃពុធ ដោយយោងទៅតាមខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានសរសេរថា លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីជំហរកម្ពុជាចង់ឱ្យការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ ដើម្បីអនុញ្ញាតឱ្យប្រជាជនអាចវិលត្រឡប់ទៅលំនៅឋានវិញ ហើយងាកទៅរកការគោរព និងអនុវត្តឱ្យពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ កាលពីខែតុលា ឆ្នាំ២០២៥កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានរាយការណ៍ពីបច្ចុប្បន្នភាព និងការវិវត្តនៃជម្លោះប្រដាប់អាវុធ ដោយផ្ដើមចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលកំពុងបន្តកើត ដោយអះអាងប្រាប់តំណាងកាកបាទក្រហមអន្តរជាតិ ថា ការវាយប្រហារដោយយោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ត្រូវបានពង្រីកកាន់តែខ្លាំង ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ជាមួយនឹងប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង F-16 និងបាញ់ឧស្ម័នពុលជាដើម។
ការវាយប្រហាររបស់យោធាថៃពេលនេះ លោក ប្រាក់ សុខុន បញ្ជាក់ថា បានបណ្ដាលឱ្យបាត់បង់ជីវិត និងរងរបួសដល់ប្រជាជនស្លូតត្រង់ជាច្រើននាក់ ព្រមទាំងជនភៀសសឹករាបសែននាក់ត្រូវបង្ខំឱ្យចាកចេញឆ្ងាយពីលំនៅឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តំបន់បេតិកភណ្ឌរបស់កម្ពុជា រួមទាំងទីតាំងស៊ីវិលផ្សេងទៀត ក៏បានបំផ្លិចបំផ្លាញដោយកម្លាំងអាវុធរបស់ថៃ។

ភ្ជាប់នឹងការជជែកពីបញ្ហាជម្លោះដែលកំពុងកើត លោក Montani ក៏បានគូសបញ្ជាក់ពីដំណើរចុះសួរសុខទុក្ខទាហានកម្ពុជាចំនួន១៨រូប ក្រោយទាហានថៃបានចាប់ខ្លួនទៅរយៈពេលជាង១៤០ថ្ងៃផងដែរ ដោយលោក អះអាងថា អ្នកទាំងនោះមានសុវត្ថិភាព និងមានសុខភាពល្អជាធម្មតា។
លោក ប្រាក់ សុខុន អរគុណ ICRC ដែលបន្តតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់ទាហានកម្ពុជាទាំង១៨រូប៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


