ព័ត៍មានទាន់​ហេតុការណ៏
Search

ប្ដី​ប្រពន្ធ​ហេងស៊យ​១​គូ​ រស់នៅ​ជាមួយគ្នា​ជិត​១០​ឆ្នាំ​ បានកូន​ពីរ​ទៅ​ហើយ​ ខាង​ស្រី​សុំ​បែក ប្ដី​តាម​ទាត់​បាក់​ក្ដោងច្រមុះ​

ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយ​គូ ដែល​គេ​ដឹង​ថា រស់នៅ​ជាមួយគ្នា​ជិត​១០​ឆ្នាំទៅ​ហើយ ដោយ​មិនបាន​រៀប​ការ និង​បាន​បង្កើត​កូន​ជា​ចំណងដៃ​បាន​ពីរ​នាក់ មកដល់ពេលនេះ​ ខាង​ស្រី​ បាន​សុំ​បែក ក្រោម​ហេតុ​ផល​ថា ​បុរស​ជា​ប្ដី​ធ្វើ​បាប​ខ្លាំង​ពេក ​និង​បំផ្លាញ​លុយកាក់​របស់​នាង​អស់​ម៉ឺន​ដុល្លារ​ទៀត​ផង​ ទើប​នាង​សុំ​បែក តែ​ក៏​បែក​ខ្ទង់ច្រមុះ​ខ្លួនឯង​ដែរ​ ដោយសារ​ប្ដី​ទាត់​១​ជើង។​

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ ឈ្មោះ ឈុន លី​មុន្នី​រដ្ឋា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ស៊ុប រស់នៅ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​បុរស​ជា​ប្តី​ ឈ្មោះ កែវ បូរ៉ា​ស៊ី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើក​រថយន្ត ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ។​

តាម​សំដី​នារី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ បានរួម​រស់​ជាមួយគ្នា​ មិនបាន​រៀបការ​ទេ តែមួយ​រយៈ​ចុង​ក្រោយនេះ ​ប្ដី​ហេងស៊យ​របស់​នាង​បាន​ឧស្សាហ៍​ធ្វើបាប​ទាំង​ផ្លូវកាយ ​និង​ផ្លូវចិត្ត​របស់​នាង​ថែមទាំង​ធ្លាប់​បំផ្លាញ​លុយកាក់​អស់​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង ​ទើប​នាង​ស៊ូទ្រាំ​មិនបាន​ ក៏​សុំ​បែកផ្លូវ​គ្នា។​

គួរ​បញ្ជាក់​ថា ​កាល​បាន​គ្នា​ ក៏​ស្រួល​ ដល់ពេល​បែក​គ្នា​ក៏​ស្រួល​ មិន​លំបាក​ដល់​អ្នកណា​ឡើយ ​ទោះ​នាង​ទទួល​បាន​កូនប្រុស​២​នាក់​ ជា​ចំណងដៃ​ទៅហើយ​ក្ដី​ ក៏​នាង​មិន​ខ្វល់​ដែរ​ សំខាន់​នាង​ចង់​បែក តែ​មិន​ស្មានថា​ លោក​ប្ដី​របស់​នាង​ហាក់​មិន​ចង់​បែក​គ្នា​ដោយ​ងាយៗ​ទេ ​ទើប​ខឹង​នាង​យ៉ាងខ្លាំង​ ហើយ​តាម​មករក​រឿង​ឈ្លោះ​ និង​បាន​ទាត់​នាង​១​ជើង​ស្ទើរ​បាក់​ក្ដោងច្រមុះ​ទៅវិញ។​

ពាក់ព័ន្ធ​រឿងនេះ​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី​ភាគី​ខាង​ប្ដី​បានទេ​ ដោយសារ​រត់​គេចខ្លួនបាត់ បន្ទាប់​ពី​ទាត់​នាង​រួច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114