ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ ដក​បញ្ជា​ជម្លៀស​នៅ​ទីប្រជុំជន​ ដែលមាន​រោងចក្រ​នុយក្លេអ៊ែរ Fukushima

ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​ជប៉ុន​ នឹង​ដក​បញ្ជា​ជម្លៀស​ជា​លើកដំបូង​នៅ​ទីប្រជុំជន​មួយ​ក្នុងចំណោម​ទីប្រជុំជន​ទាំងពីរ​ ដែលជា​កន្លែង​នៃ​រោងចក្រ​នុយក្លេអ៊ែរ Fukushima​។​

មន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ឈ្មោះ Yohei Ogino បាន​ប្រាប់ AFP ថា រដ្ឋាភិបាល​គ្រោង​នឹង​ដក​ការបញ្ជា​នៅ​ផ្នែក​មួយ​នៃ​ទីប្រជុំជន Okuma នៅ​ថ្ងៃទី​១០​ខែមេសា​។​

វា​នឹង​ក្លាយជា​លើកទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​បាន​លុបចោល​បញ្ជា​ជម្លៀស​នៅ​ទីប្រជុំជន​ទាំងពីរ​គឺ Okuma និង Futaba ដែលជា​កន្លែង​របស់​រោង​ចក្រ Fukushima Daiichi​។​

កាលពី​ខែមីនា​ឆ្នាំ​២០១១ រលក​យក្ស​ស៊ូណាមិ​ដែល​បណ្តាលមកពី​ការរញ្ជួយ​ដី​មួយ​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​ដោយបាន​សម្លាប់​មនុស្ស​ជាង​១៨,០០០​នាក់​និង​បង្កើតជា​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជំនាន់​មួយ​។​

រដ្ឋាភិបាល​ជប៉ុន​បាន​លុបចោល​ការបញ្ជា​ជម្លៀស​នៅ​ទូទាំង​តំបន់​ជាច្រើន​ដែល​រង​ផលប៉ះពាល់​ដោយ​ការ​សាយភាយ​ជាតិ​វិទ្យុសកម្ម​ដែលជា​ហេតុ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វិល​ត្រលប់​ទៅវិញ​ខណៈ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បានដាក់​កម្មវិធី​លុបបំបាត់​ការ​សាយភាយ​វិទ្យុសកម្ម​និង​សម្អាត​តំបន់​ដែល​រង​ផលប៉ះពាល់​។​

ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ជឿជាក់​ទេ ដោយ​ការស្ទង់មតិ​មួយ​បាន​ដែល​ធ្វើឡើង​កាលពី​ខែកុម្ភៈ​ដោយ​កាសែត Asahi Shimbun និង KFB បាន​រកឃើញថា ៦០​ភាគរយ​នៃ​អ្នករស់នៅ​ក្នុង​តំបន់ Fukushima នៅតែមាន​អារម្មណ៍​ខ្វល់ខ្វាយ​អំពី​ជាតិ​វិទ្យុសកម្ម​។​

ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​កត់ត្រា​ជា​ផ្លូវការ​ថា​បាន​ស្លាប់​ដោយសារ​ការ​សាយភាយ​ជាតិ​វិទ្យុសកម្ម​ពី​គ្រោះថ្នាក់​នោះទេ​ប៉ុន្តែ​កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​បានទទួល​ស្គាល់​ជា​លើកដំបូង​នូវ​ការស្លាប់​ដោយសារ​ជំងឺមហារីក​រប​ស់បុរ​សម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោសសម្អាត​។​

យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា មនុស្ស​ច្រើនជាង​៣,៧០០​នាក់​ដែល​ភាគច្រើន​មកពី Fukushima បាន​ស្លាប់​ដោយសារ​ជំងឺ​ឬ​ការធ្វើអត្តឃាត​ដែល​ទាក់ទង​ទៅនឹង​ផលវិបាក​ក្រោយ​សោកនាដកម្ម​នោះ​៕AFP