ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប៊ីសាអ៊ូឌីត​ច្រានចោល ​និង​ថ្កោលទោស​ការ​ទទួលស្គាល់​របស់​អាមេរិក​លើ​តំបន់ Golan

កាលពី​ថ្ងៃ​ចន្ទ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ច្រានចោល​ការ​ទទួល​ស្គាល់​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump លើ​តំបន់ Golan Heights របស់​ប្រទេស​ស៊ី​រី​ថា​ជា​ទឹកដី​របស់​អ៊ីស្រាអែល​ដោយ​ថ្កោលទោស​វា​ថា​ជាការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែលជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អារ៉ាប៊ីសាអ៊ូឌីត​បានធ្វើ​ខុស​គោលនយោបាយ​ជាច្រើន​ទសវត្សរ៍​របស់​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ទទួលស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​ដែនដី​យុទ្ធសាស្ត្រ​ដែល​ខ្លួន​រឹបអូស​យក​ពី​ប្រទេស​ស៊ី​រី​ក្នុង​សង្គ្រាម​រយៈពេល​ប្រាំ​មួយថ្ងៃ​នៃ​ឆ្នាំ​១៩៦៧​ហើយ​ក្រោយមក​បាន​កាត់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​នៅក្នុង​ទង្វើ​មួយ​ដែល​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។

សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ SPA បាន​និយាយថា “​អារ៉ាប៊ីសាអ៊ូឌីត​បាន​ជំទាស់​យ៉ាងខ្លាំង​និង​ថ្កោលទោស​ចំពោះ​ការប្រកាស​របស់​រដ្ឋបាល​អាមេរិក​ដែលថា ខ្លួន​ទទួលស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​តំបន់ Golan Heights របស់​ស៊ី​រី​” ។​

សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយថា Golan Heights នៅតែ​ជា​ដែនដី​របស់​ស៊ី​រី​ហើយ​ការ​ទទួលស្គាល់ថា​ជា​របស់​អ៊ីស្រាអែល​គឺជា​ការរំលោភ​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និងសេចក្តីសម្រេច​អន្ដរជាតិ។

សេចក្តីថ្លែងការណ៍​នេះ​បន្តថា វា​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ដំណើរការ​សន្តិភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា​និង​សន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​តំបន់​។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​រដ្ឋអំណាច​ជា​បន្តបន្ទាប់​របស់​សហ​រដ្ឋ​អាមេរិក​បានចាត់ទុក​តំបន់ Golan ថា​ជា​ទឹកដី​ដែល​បាន​កាន់កាប់​ហើយ​ការប្រគល់​ឱ្យ​ភាគី​ណាមួយ​ចាំបាច់​ត្រូវមាន​ការចរចា​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ទូលំទូលាយ​រវាង​អ៊ីស្រាអែល​និង​ស៊ី​រី​។​

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ចាប់តាំងពី​ការសម្ពោធ​ចូលកាន់​តំណែង​របស់លោក Trump ក្នុង​ឆ្នាំ ២០១៧៕AFP