ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងយុត្តិធម៌​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​សេចក្តីប្រកាស ខណៈ​លទ្ធផល​បង្ហាញថា ការ​បកស្រាយ​មាន​ភាព​មិន​ច្បាស់លាស់ និង​ការពារ​តុលាការ មិន​គិត​ពី​ភារកិច្ច​របស់​ខ្លួន​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល

ភ្នំពេញ​ ៖ ដោយសារ​តែ​ខាង​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​អះអាងថា ការ​លើកឡើង​របស់​ប្រតិភូ​ក្រសួងយុត្តិធម៌​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២២ ខែមីនា ថា មានការ​បកស្រាយ​មិន​ច្បាស់លាស់ និង​បកស្រាយ​ការពារ​តុលាការ មិនបាន​គិត​ពី​ភារកិច្ច​របស់​ក្រសួងយុត្តិធម៌ ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ភាព​មិនប្រក្រតី​នៃ​ប្រព័ន្ធយុត្តិធម៌​នោះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ចេញ​មក​បញ្ជាក់​ថា ការ​លើកឡើង​នោះ​ខ្វះ​ការពិត ហើយ​មាន​ចំណុច​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពីអ្វី ដែលជា​គោលជំហរ និង​ការបកស្រាយ​របស់​ប្រតិភូ​ក្រសួងយុត្តិធម៌​។

តាមរយៈ​សេចក្តីបំភ្លឺ​ចំនួន​២​ទំព័រ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​ក្រសួង​បាន​ពិនិត្យឃើញ​ថា មាន​ចំណុច​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពីអ្វី ដែលជា​គោលជំហរ និង​ការ​បកស្រាយ​របស់​ក្រសួង​ឡើយ ហើយ​មាន​ចំណុច​ខ្លះ​ជា​រឿង​មិន​ពិត​ផងដែរ​។ អ្នកនាំពាក្យ​បន្ត​ថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏ដូចជា​ប្រតិភូ​ក្រសួង ទទួល​បាន​នូវ​សំណួរ និង​យោបល់​ជាច្រើន​ពី​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ហើយ​ក្រសួង​ក៏បាន​បកស្រាយ​ជា​បន្តបន្ទាប់​ដែល​នាំ​ឲ្យ​កិច្ចប្រជុំ​ដំណើរការ​ទៅ​ក្រោម​កិច្ចពិភាក្សា​យ៉ាង​ផុលផុស​។​

ជាមួយគ្នា​នោះ ក្រសួងយុត្តិធម៌ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វេទិកា​ជំនួប​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ហើយ​យល់​ឃើញ​ថា វេទិកា​នេះ​បាន​ផ្ដល់​នូវ​ឱកាស​ដល់​ក្រសួងយុត្តិធម៌ ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លើ​វិស័យ​យុត្តិធម៌ ដើម្បី​បាន​បញ្ជាក់​នូវ​សកម្មភាព​ការងារ សមិទ្ធផល និង​បញ្ហា​ប្រឈម​របស់​ក្រសួង​។ មិនតែប៉ុណ្ណោះ ឆ្លងតាម​កិច្ចពិភាក្សា​ក្នុង​អង្គប្រជុំ​នោះ ក្រសួងយុត្តិធម៌ ទទួលបាន​យោបល់​នានា ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​ជា​ការ​រួម​ចំណែក ជា​ធាតុ​ចូល​យ៉ាង​សំខាន់ ក្នុងការ​គិតពិចារណា​សម្រាប់​កិច្ចពិភាក្សា កិច្ចការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ឲ្យ​កាន់តែ​ប្រសើរឡើង​។

ទោះជា​យ៉ាងណា នៅក្នុង​ដំណើរការ​នៃ​កិច្ចពិភាក្សា​នោះ ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​ឃើញ​ថា មាន​សំណួរ​ជា​លក្ខណៈ​ទូទៅ​មួយចំនួន រីឯ​សំណួរ​មួយ​ចំនួនទៀត គឺពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ស្ថាប័ន​ផ្សេង ដែល​មិនមែន​ជា​សមត្ថកិច្ច​រប​ស់​ក្រសួងយុត្តិធម៌​ឡើយ ដូចជា​បញ្ហា​អំពី​ពុករលួយ​ជាដើម​។ ក្នុងចំណោម​នោះ មាន​សំណួរ​ខ្លះ​មិន​ច្បាស់លាស់ និង​ពាក់ព័ន្ធ​ដល់​កិច្ច​ដំណើរការ​នីតិវិធី​របស់​តុលាការ សាកសួរ​ទៅលើ​សាលដីកា​របស់​តុលាការ​តែម្តង ដែល​សំណួរ​លើ​បញ្ហា​ជាក់លាក់​ទាក់ទង​ទៅ​នឹង​សំណុំរឿង​បែបនេះ ពុំ​មាន​កំណត់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ឡើយ ហេតុនេះ​ក្រសួង​ពុំ​អាច​មាន​មូលដ្ឋាន​ដឹង​ច្បាស់​អំពី​សំណុំរឿង​ទាំងនេះ​ទេ គឺ​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ច្បាស់លាស់​ទើប​អាច​ឆ្លើយ​តប​បាន​។

ប្រតិភូ​ក្រសួងយុត្តិធម៌​បាន​ពន្យល់​បកស្រាយ​នូវ​រាល់​ចម្ងល់​ជាច្រើន​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស និង​ក្របខ័ណ្ឌ​ច្បាប់​។ ដោយឡែក​សំណួរ ដែល​ទាក់ទង​ទៅ​នឹង​ករណី​សំណុំរឿង​នៅ​ស្ថាប័ន​តុលាការ​មួយចំនួន ប្រតិភូ​ក្រសួងយុត្តិធម៌​បាន​ត្រឹម​បកស្រាយ​ជា​ទិដ្ឋភាព​រួម​នៃ​ច្បាប់​តែប៉ុណ្ណោះ ដោយហេតុថា ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​ក្រសួង​ត្រូវការ​ពេលវេលា​ក្នុង​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ឲ្យ​បានដឹង​អំពី​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​សំណុំរឿង​ជាក់លាក់ ដែល​បាន​លើក​ឡើង​។ ក្នុង​ន័យ​នេះ ក្រសួងយុត្តិធម៌​រីករាយ និង​ស្វាគមន៍ ដើម្បី​ទទួលយក​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណួរ​ទាក់ទង​ទៅនឹង​សំណុំរឿង​ជាក់លាក់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ឆ្លើយតប​ទៅតាម​ពេលវេលា​សមស្រប​ណាមួយ​។

ចំពោះ​អត្ថបទ​ច្បាប់ ដែល​ក្រសួងយុត្តិធម៌ បាន​ចែក​ជួន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នោះ ក្រសួង​គ្មាន​ចេតនា​អ្វី​ក្រៅ​តែ​ពី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​តាក់តែង​ច្បាប់​របស់​ក្រសួងយុត្តិធម៌​នា​ពេល​កន្លងមក​នោះឡើយ​។ ការចែក​ឯកសារ​ច្បាប់​ទាំងនេះ គឺ​ដើម្បី​ផ្ដល់នូវ​ការ​ស្វែងយល់​លើ​ទិដ្ឋភាព​ច្បាប់​មួយចំនួន ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​យុត្តិធម៌​។ ម្យ៉ាង​ដើម្បី​ផ្ដល់​ការ​យល់ដឹង​អំពី​ប្រព័ន្ធ​តុលាការ​កម្ពុជា និង​ទំនាក់ទំនង​រវាង​ស្ថាប័ន​តុលាការ និង​ក្រសួងយុត្តិធម៌​។​ម្យ៉ាងទៀត​ចង់​បង្ហាញ​អំពី​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ច្បាប់​នានា អំពី​ឯករាជ្យ​ភាព​នៃ​អំណាចតុលាការ​ផង​ដែរ​។ ចំពោះ​ការបែងចែក​សៀវភៅ​ច្បាប់ និង​ឯកសារ​ទាំងនេះ ពុំ​មែន​ជា​កិច្ច​ការងារ​របស់​ក្រសួងយុត្តិធម៌​ទេ ហើយ​មន្ត្រី​ក្រសួង​ក៏​ពុំបាន​ចែក​អត្ថបទ​ទាំងនេះ​ទៅ​ឲ្យ​សមាជិក​នៃ​អង្គប្រជុំ​នោះទេ ដូច្នេះ​ការ​លើកឡើង​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នោះ គឺ​មិន​បង្ហាញ​អំពី​ការពិត ហើយ​មាន​ចេតនា​ចង់​ចោទប្រកាន់​លើ​ក្រសួងយុត្តិធម៌​ថា ការចែក​ឯកសារ​ទាំង​នេះ​មាន​លក្ខណៈ​ជា​ការ​បន្ទច់បង្អាក់​ទៅវិញ​។

អ្នកនាំពាក្យ​សម្តែង​ការសោកស្ដាយ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​ទាំងស្រុង​នូវ​ទិដ្ឋភាព​កិច្ចប្រជុំ​។

តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅមុន​កិច្ចប្រជុំ ក្រសួង​បានឃើញ​អំពី​ភាព​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់​របស់​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​បាន​សរសេរ​របៀបវារៈ នៃ​កិច្ចប្រជុំ និង​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ facebook របស់​ខ្លួន ដោយបាន​កំណត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​ស្រាយ​អំពី​ដែន​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ទៅវិញ​។

​ទោះបីជា​យ៉ាងណា​ក្រសួងយុត្តិធម៌ បាន​វាយ​តំលៃ​ចំពោះ​វេទិកា​នៃ​ជំនួប​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជាមួយ​ប្រតិភូ​ក្រសួងយុត្តិធម៌ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២២ ខែមីនា ហើយ​ស្វាគមន៍​ឲ្យ​មាន​ជំនួប​បែបនេះ​ជា​ច្រើនដង​ថែមទៀត ដើម្បី​អាច​ឲ្យ​មាន​ការយល់​កាន់​តែ​ច្បាស់​អំពី​បញ្ហា​ប្រព័ន្ធ​តុលាការ​កម្ពុជា ហើយ​ប្រសិន​ជា​មាន​ចម្ងល់ ឬ ​បញ្ហា​ជាក់លាក់​លើ​ករណី​ណាមួយ សូម​បញ្ជូន​ឯកសារ​ទាំងនោះ​មុខក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ក្រសួង​ឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ ឬ​ឆ្លើយតប​ក្នុង​កិច្ច​ជំនួប​នា​ពេល​ក្រោយ​ទៀត​នូវ​អ្វី ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២២ ខែមីនា មាន​កិច្ចប្រជុំ​មួយ​រវាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជាមួយ​ប្រតិភូ​មកពី​ក្រសួងយុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ហើយ​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ប្រធាន​ប្តូរ​វេន គឺ​លោក ហួង ធៀ​ម​ទៀង ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។

ក្រោយ​កិច្ចប្រជុំ​នោះ លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​លើក​ឡើង​ថា វាគ្មិន​របស់​ក្រសួងយុត្តិធម៌ ដែល​បាន​ចូល​បំភ្លឺ​នោះ មាន​លក្ខណៈ​ជា​ការ​បង្ហាត់បង្រៀន​មេរៀន ទ្រឹស្ដី​ច្បាប់ តួយ៉ាង​ដូចជា​លើកឡើង​ពី​គោលការណ៍​បែងចែក​អំណាច និង​ឯករាជ្យ​ភាព​របស់​តុលាការ ដើម្បី​សំអាង​ថា ក្រសួងយុត្តិធម៌​មិនអាច​លូកដៃ​ចូល​បានទេ ប៉ុន្តែ​បកស្រាយ​ចុះឡើង​បែរជា​ការពារ​តុលាការ​ទៅវិញ ដោយ​ខកខាន​លើកឡើង​ពី​ភារកិច្ច​របស់​ក្រសួងយុត្តិធម៌ ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​រាជ​រដ្ឋាភិបាល ចំពោះ​ការទប់ស្កាត់​ភាព​មិនប្រក្រតី​នៃ​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា​ការ​ការពារ​ដី​របស់​រដ្ឋ ដែល​រង​ការទន្ទ្រាន​យក ដោយ​ខុសច្បាប់​ពី​បុគ្គល​ឯកជន​។ ដូចជា​ករណី​ដី​នៅ​ពយ​ម៉ា​ចូ​វ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាដើម​។ ថែមទាំង​អះអាង​ថា ផ្ដល់​តែ​ចម្លើយ​លើ​ករណី​ទូទៅ​តែប៉ុណ្ណោះ ដោយ​ប្រកាស​បដិសេធ​ក្នុង​ការ​ឆ្លើយ​លើ​បញ្ហា​ពី​ករណី​ចំៗ ដោយឡែក​នីមួយៗ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ទៀតផង​។

ការ​បដិសេធ​នេះ បានធ្វើ​ឲ្យ​មានការ​ប្រតិកម្ម​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ព្រោះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ​នៃ​បទបញ្ញត្តិ​ចែង​ក្នុង​មាត្រា​១០ នៃ​ព្រះរាជក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ឡើយ​។ ទោះជា​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ទទួលស្គាល់​ពី​ភាពមិនប្រក្រតី នៃ​អំពើពុករលួយ​រប​ស់បុ​គ្គល និង​ភាព​អសកម្ម​ក្នុង​ប្រព័ន្ធយុត្តិធម៌​។ ហេតុផល​ខាងលើនេះ ញ៉ាំង​ឲ្យ​កិច្ចប្រជុំ​ពិភាក្សា​ពុំ​សូវ​បាន​ផ្ដោត​ខ្លាំង​ក្នុងការ​ប្រមូល​ធាតុ​ចូល​ជាមួយនឹង​ទស្សនវិស័យ រិះរក​វិធានការ​ពង្រឹង​នីតិរដ្ឋ និង​វិធានការ​កាត់បន្ថយ​នូវ​ភាព​អសកម្ម​ក្នុង​ប្រព័ន្ធយុត្តិធម៌​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បាន​លើក​ឡើង​ទៀត​ថា នៅពេល​កំពុង​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​នោះ មាន​មន្ត្រី​ម្នាក់​របស់​ប្រតិភូ​ក្រសួងយុត្តិធម៌​បាន​យក​ឯកសារ​ថតចម្លង​នៃ​មាត្រា​ចំនួន ស្រង់​ចេញពី​ក្រមព្រហ្មទណ្ឌ មក​ចែក​ជូន​នៅក្នុង​អង្គប្រជុំ​។ មិន​ដឹង​ថា ការ​ស្រង់​មាត្រា​ទាំងនេះ និង​ថតចម្លង​ចែក​ជូន​អង្គប្រជុំ​ក្នុង​ក្របខណ្ឌ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក្នុង​ចេតនា​អ្វី​នោះ​ទេ ព្រោះ​ឯកសារ​នេះ ក្រសួង​ពុំបាន​ប្រគល់​ជូន​លេខាធិការដ្ឋាន​តាម​នីតិវិធី​រដ្ឋបាល​ឡើយ​។ មាន​ករណីនេះ ជា​ដើមចម​ធ្វើ​ឲ្យ​ប្រតិភូ​គណបក្ស​ភ្ញាក់ផ្អើល និង​តាំង​សំណួរ​ភ្លាមៗ​បណ្ដាក់​គ្នា មុននឹង​ចូល​ប្រធានបទ​ពិភាក្សា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114