ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ពន្យល់​សមាជិក​ព្រឹទ្ធសភា​អាមេរិក អំពី​វិស័យ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា

​ភ្នំពេញ​ ៖ នៅក្នុង​ជំនួប​ជាមួយ លោក ដុក អេ​រិ​កសិន (Doug Ericksen) សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​លោក ជេ​យ រូដ​នី (Jay Rodne) វីរៈ​សេនីយ៍​ឯក មកពី​រដ្ឋធានី​វ៉ាស៊ីនតោន នា​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែមីនា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ពន្យល់​សមាជិក​ព្រឹទ្ធសភា​អាមេរិក អំពី​វិស័យ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បន្តថា កម្ពុជា គឺជា​ប្រទេស​បើក​ចំហរ ជាមួយ​គោលនយោបាយ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ដែល​វិនិយោគិន​បរទេស អាច​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​លើ​គ្រប់​វិស័យ និង​អាច​កាន់កាប់​ភាគហ៊ុន និង​ប្រាក់ចំណេញ ១០០% ដោយ​មិនបាច់​មាន​ដៃគូ​សហការ​ក្នុងស្រុក ព្រមទាំង​ទទួល​ការលើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ​ធុន​ធ្ងន់ សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ លោក ប៉ាន សូរ​ស័ក្តិ បាន​បកស្រាយ​អំពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​បង្កើន​ជំនាញ និង​ធ្វើ​ពិពិធ​កម្មវិស័យ​កម្មន្តសាល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។

លោក​រដ្ឋមន្ត្រី បានស្នើ លោក ដុក អេ​រិ​កសិន និង​លោក ជេ​យ រូដ​នី ជួយ​កៀងគរ​វិនិយោគិន​អាមេរិក ឲ្យ​ចូល​មក​បណ្តាក់ទុន​ថែមទៀត​នៅ​កម្ពុជា លើ​វិស័យ​ដែល​មាន​សក្តានុពល​សំខាន់ៗ​ដូចជា​៖ ឧស្សាហកម្ម (​គ្រឿងបន្លាស់​រថយន្ត និង​វាយ​ន​ភណ្ឌ​) ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាន និង​កសិកម្ម ដោយសារ​កម្ពុជា មាន​ធនធានធម្មជាតិ​មិនទាន់​កែច្នៃ​ជាច្រើន ដែល​ធុរជន​អាមេរិក អាច​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ ដើម្បី​ទាញ​យក​ប្រាក់ចំណេញ​ខ្ពស់​ពី​ការនាំចេញ​។

ជា​ការ​ឆ្លើយតប លោក ដុក អេ​រិ​កសិន និង​លោក ជេ​យ រូដ​នី បាន​ថ្លែងអំណរគុណ លោក រដ្ឋមន្ត្រី​ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ទាក់ទង​វិស័យ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​នាំ​យក​ដំណឹង​ទាំងអស់​នេះ ទៅ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ធុរកិច្ច​នៅក្នុង​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ការ​វិនិយោគ​ពី​អាមេរិក មកកាន់​កម្ពុជា ឲ្យបាន​កាន់តែច្រើន សំដៅ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។

នៅក្នុង​ឱកាស​នោះ​ដែរ លោក ដុក អេ​រិ​កសិន និង​លោក ជេ​យ រូដ​នី បាន​កោតសរសើរ​អំពី​វឌ្ឍនភាព និង​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា នៅ​ក្រោម​ការដឹកនាំ​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​វប្បធម៌ និង​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ ដែល​បាន​ឆក់​បេះដូង​អ្នកនយោបាយ​ទាំងពីរ ឲ្យ​វិល​ត្រលប់​មក​កម្ពុជា​សាជាថ្មី នៅពេល​ខាងមុខ៕