ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​យោធា​បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ នៅ​ស្រុក​ស្អាង

កណ្តាល​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង បណ្តាល​ឲ្យ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​ម្នាក់ ​បើកបរ​ក្នុង​ល្បឿន​លឿន​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នៅ​ ថ្ងៃចន្ទ​០៥​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩,២៥​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១២១០ ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល។

​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​០១​គ្រឿង ម៉ាក​លុច​ស៊ី​ស​៣៥០ ពណ៍ ត្រី​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 2-2416​បើកបរ​ដោយ​ឈ្មោះ ឌិន ស៊ីដេ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ត្នោត​មួយ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួ ខេត្ត​កណ្ដាល បានធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាកលេខ កណ្ដាល​1P-8626 បើកបរ​ដោយ ឈ្មោះ​ម៉ុ​ន វីរៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួលជុល​រថយន្ត​(​បណ្ដាល​ឲ្យ​ដួល​ស្លាប់​នៅ​នឹងកន្លែង​) មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពុង​ជិះ​ម៉ូតូ នៅក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​(​ពី​កើ​តទៅ​លិច​)​បណ្ដាល​ឲ្យ​ដួល​រង​របួស​រហូតដល់​ស្លាប់​តែម្ដង។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ចុះទៅ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​ និង ​យក​វត្ថុ​តាង​ទាំងពីរ​ និង​ ឃាត់ខ្លួន​អ្នក​បើករថយន្ត យក​មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់។ ​ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ សូម​បញ្ជាក់ថា នៅ​ជាប់​ខ្លួន​ជនសង្ស័យ​មាន​អាវុធ​ខ្លី ម៉ាក​NP34 លេខ​BO-18287​និង​បង់​០១(​គ្មាន​គ្រាប់​) មាន​គ្រាប់​ចំនួន​០២​គ្រាប់​បាន​បាញ់​នៅ​រណ្ដៅ​ដី​អស់​យូរ​ហើយ នៅក្នុង​ឃុំ​ក្រាំង​យ៉ូ​វ​៕