ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​បុរស​៤​នាក់​ បញ្ជូន​ទៅ​តុលាការ ខណៈ​កំពុង​ដោះ​ខោអាវ​មក​ឃ្លុំ​ស្បង់​ចីវ​បន្លំ​ធ្វើ​សង្ឃ​ក្លែងក្លាយ​ដើរ​បិណ្ឌបាត​បំពុល​សាសនា

ភ្នំពេញ ៖ សមត្ថកិច្ច​របស់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​បុរស​៤​នាក់ ពី​បទ​ក្លែងបន្លំ​ធ្វើជា​សង្ឃ ដើរ​បិណ្ឌបាត​រៃអង្គាស​រកលុយ​តាមផ្លូវ​សាធារណៈ​ដែល​ប្រព្រឹត្ត​ជាក់ស្តែង​ កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០១៩​ នៅ​ផ្លូវ​លេខ​១៩៧៤ ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណៈ​ដែល​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ដើរ​រៀបចំ​សណ្តាប់​ធ្នាប់ តាម​ដងផ្លូវ​។

​សង្ឃ​ក្លែងក្លាយ​ទាំង​៣​នាក់​នោះ ១.​ឈ្មោះ គង់ ឆែត អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។ ២.​ឈ្មោះ ភិន​ ភារ​ម្យ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ឧកញ៉ា​វាំង ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ៣.​ឈ្មោះ ប៉រ ញៀត អាយុ​៤៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ឧកញ៉ា វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ៤.​ឈ្មោះ រុន ភារ​ម្យ អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សី​កែវ​។ ក្រុម​ជន​ទាំង​៤​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​ខ្លួន មាន​ស្រុកកំណើត នៅ​ភូមិ​ស្រម៉រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង។

ពាក់​ព័​ន្ធ​ដល់​ការ​ឃាត់ខ្លួន​ពួកគេ​ទាំង​៤​នាក់​នេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សណ្តាប់ធ្នាប់​របស់​សាលាសង្កាត់​ភ្នំពេញ​ថ្មី​បាន នាំគ្នា​ជិះ​ម៉ូតូ​ត្រួត​ពិនិត្យ​មើល​ក្នុង​មូលដ្ឋាន លុះ​មកដល់​គោលដៅ​ខាងលើ​ត្រង់​ផ្លូវ​លេខ​១៩៧៤ ក៏បាន​ប្រទះឃើញ​រ៉ឺម៉ក​កង់​បី​១​គ្រឿង​ខាងលើ​ទម្លាក់​វាំងនន​ជិត​ឈឹង ដោយមាន​ការសង្ស័យ​ក៏​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ ជន​ទាំង​៣​នាក់​នោះ​កំពុង​ប្តូរ​សម្លៀកបំពាក់​ធ្វើជា​សង្ឃ​ក្លែងក្លាយ ទើប​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​នាំខ្លួន​យកទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​។

នៅ​សមត្ថកិច្ច​សួរនាំ​ពួកគេ​ថា បួស​នៅ​វត្ត​ណា មាន​ប័ណ្ណ​សម្គាល់ខ្លួន​ជា​សង្ឃ​ដែរ​ឬ​ទេ ក្រុម​ជន​ខាងលើ​ក៏បាន​និយាយ​សារភាព​ថា ពួក​ខ្លួន​មិនមែន​ព្រះសង្ឃ​ពិត​ប្រាកដ​ទេ ជាង​សង្ឃ​ក្លែង​ក្លាយជា​ប្រជាពលរដ្ឋ​ធម្មតា ដោយសារតែ​ធ្វើការ​សំណង់​រកលុយ​មិនបាន​ក៏​មាន​គំនិត​ក្លែង​ជា​សង្ឃ ហើយ​ដើរ​បិណ្ឌបាត​តាម​ផ្សារ​និង​តាម​ទី​សាធារណៈ ដោយមាន​រ៉ឺម៉ក​សម្រាប់​ដឹក​ចេញពី​បន្ទប់​ជួល​ទៅ​ធ្វើ​សកម្មភាព​នៅពេល​ព្រឹកៗ គ្រង​ស្បង់​ចីវ​តាម​ដងផ្លូវ រួច​ចុះ​ដើរ​បិណ្ឌបាត ព្រោះ​ធ្វើ​បែប​នេះ​ងាយស្រួល​រកលុយ​។

លោក វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខ​ណ្ឌ​សែន​សុខ បាន​មាន​ប្រ​សាសន៍​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​កំពុង​កសាង​ឯកសារ​បញ្ជូនទៅ​តុលាការ​តាម​បញ្ជា​របស់​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114