ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី លើក​បង្ហាញ​ពី​អត្ថប្រយោជន៍ និង ផល​អវិជ្ជមាន​បច្ចេក​វិទ្យា​ឌីជីថល

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ធ្វើ​ការ​កត់​«​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅកាន់​ឧស្សាហកម្ម ៤.០»​និង «​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ជិតស្និទ្ធ​ក្នុង​ការ​ប្រែក្លាយ​ឌីជីថល​នៅ​កម្ពុជា​»​គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​ដែល​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​សំខាន់ៗ។ សម្តេច​តេ​ជោ​បាន​ថ្លែង​កត់សំគាល់​បែបនេះ​បន្ទាប់ពី​ត្រូវ​បាន​ស្វាគមន៍​ដ៏​កក់ក្តៅ​ជាមួយនឹង​សារ​ដ៏​ច្បាស់លាស់​របស់​កញ្ញា​សិប្ប​និមិត្ត​គឺ​កញ្ញា​រ៉ូ​បូ សូ​ហ្វៀ នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៩ នា​ព្រឹក​ថ្ងៃទី ២៦ ខែមីនា នៅ​សណ្ឋាគារ ហ្គ្រេ​ត​ឌ្យូ​ក ភ្នំពេញ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​តាមរយៈ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ជាមួយនឹង​សារ​ដ៏​ច្បាស់លាស់​របស់​កញ្ញា​សិប្ប​និមិត្ត​គឺ​កញ្ញា​រ៉ូ​បូ សូ​ហ្វៀ ចំពោះ​រូប​ខ្ញុំ​អម្បាញ់មិញ​ស្តីពី «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​ឧស្សាហកម្ម ៤.០»​និង «​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​ជិតស្និទ្ធ​ក្នុង​ការ​ប្រែក្លាយ​ឌីជីថល​នៅ​កម្ពុជា​»​គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែល​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន​»​។

អត្ថប្រយោជន៍​សំខាន់ៗ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លើកឡើង​នៅក្នុង​សន្និសីទ​នោះ​រួមមាន​៖​ទី​១.​បច្ចេកវិទ្យា​ឌីជីថល​អាចជួយ​ជំរុញ​កំណើន​និង​ប្រសិទ្ធភាព​។​បច្ចេកវិទ្យា​ឌីជីថល​រួមមាន​ទូរស័ព្ទ​វៃឆ្លាត (smart phone) បច្ចេកវិទ្យា​ក្លោដ (cloud computing) បច្ចេកវិទ្យា​ប្រើ​រ៉ូ​បូ (robotics) បច្ចេកវិទ្យា​ប្លុក​ឆេន (block chain) និង អី​ន​ធើ​ណិ​តនៃ​បរិក្ខារ (internet of things) ជាដើម​បាន​កំពុងផ្តល់​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើន​ការតភ្ជាប់​រវាង​មនុស្ស​និង​មនុស្ស​បង្កើត​ឡើង​នូវ​ធុរកិច្ច​ថ្មីៗ​ជាមួយនឹង​គំនិត​ថ្មីៗ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម កាត់បន្ថយ​របាំង​ចូល​ទីផ្សារ​បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃប្រឌិត​ថ្មីៗ​និង​បង្កើត​សកម្មភាព​សហគ្រិន​។ ទី​២.​បច្ចេកវិទ្យា​ឌីជីថល​អាច​ជួយ​រដ្ឋាភិបាល​បង្កើន​សមត្ថភាព​វិស័យ​សាធារណៈ​បាន​ល្អ​ប្រសើរ​ជួយ​បង្កើន​គណនេយ្យភាព និង​តម្លាភាព ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​នៅ​តាម​មូលដ្ឋាន ជួយ​ឲ្យ​អាជ្ញាធរ​នៅ​គ្រប់​កម្រិត​អាច​ផ្តល់​សេវា​ដល់​ប្រជាជន​បាន​កាន់តែច្រើន​ថែមទៀត​។ ទន្ទឹម​នេះ​បច្ចេកវិទ្យា​ឌីជីថល អាចជួយ​ពង្រឹង​កិច្ចសហការ ភាពជា​ដៃគូ និង​នវានុវត្តន៍​រវាង​ក្រសួង និង​ផ្ទៃក្នុង​ក្រសួង ព្រម​ទាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំងប្រទេស​។

តែ​ទោះបី​យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​ធ្វើការ​កត់សំគាល់​ផង​ដែរ​អំពី​ផល​អវិជ្ជមាន​បច្ចេកវិទ្យា​ឌីជីថល​ដែល​បាន​ផ្តល់នូវ​គុណវិបត្តិ​ផ្សេងៗ រួមមាន​៖ ១. រ៉ូ​បូ (Robot) បាននឹងកំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការងារ​,២.​ទាមទារ​កម្រិត​ជំនាញ​ខ្ពស់​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​និង​ព័ត៌មានវិទ្យា​,៣.​វិសមភាព​នៃ​ការទទួល​ផលប្រយោជន៍ ដោយសារ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួល​បាន​នូវ​ចំណេះដឹង​និង​បច្ចេកវិទ្យា​, ៤. ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​នឹង​បង្កើន​ភាព​ងាយ​រងគ្រោះ​ដែល​បណ្តាល​មក​ពី​ឧក្រិដ្ឋកម្ម ឬ បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សង្គម​។

​ដើម្បី​ឲ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែល​ជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្តល់នូវ​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​រំលេច​នូវ​គំនិត​ផ្តួចផ្តើម​និង​ការងារ​អាទិភាព​មួយចំនួន​ដូចខាងក្រោម​៖ ទី​១. ការរៀបចំ​និង​ដាក់​ឲ្យ​អនុវត្ត​រដ្ឋាភិបាល​ឌីជីថល​(Digital Government)​មួយ​ឱ្យបាន​ពេញលេញ​និង​គ្រប់​ជ្រុងជ្រោយ​នេះ​គឺជា​បុ​រេ​លក្ខខណ្ឌ​នៃ​ការ​កសាង​សេដ្ឋកិច្ច​ឌីជីថល​ដែល​ម្ខាង​សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​ប្រកបដោយ​គណនេយ្យភាព​និង​តម្លាភាព​ក្នុង​ការ​ផ្តល់សេវា​នៅ​តាម​មូលដ្ឋាន​។ ម្ខាង​ទៀត​ដើរតួ​ជា​អ្នក​ជំរុញ (Enabler) តាមរយៈ​ការរៀបចំ​និង​ដាក់​ឲ្យ​អនុវត្ត​ឧបករណ៍​ឌីជីថល​សំខាន់ៗ​ដូចជា​អាសយដ្ឋាន ឌីជីថល​ហត្ថលេខា​ឌីជីថល​អត្តសញ្ញាណប័ណ្ណ​ឌីជីថល​ដើម្បី​បង្កើត​ឱកាស​ឲ្យ​វិស័យ​ឯកជន និង​សហគ្រិន​មានលទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរកិច្ច​ថ្មីៗ​។​ ទី​២. ការជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​ ៖ ត្រូវ​បន្ត​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្អឹងខ្នង​ដូចជា​ខ្សែកាប​អុ​ប​ទិ​ក ខ្សែកាប​អុ​ប​ទិ​ក​បាតសមុទ្រ ការចែក​ចាយ និង​ការ​តភ្ជាប់​ដល់​ផ្ទះ និង​ទីតាំង​ធុរកិច្ច និង​មជ្ឈមណ្ឌល ទិន្នន័យ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត​មាន​ល្បឿន​លឿន តម្លៃ​សមរម្យ និង​ទៅដល់​គ្រប់​ទីកន្លែង​ទូទាំងប្រទេស។

ទី​៣. ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ឲ្យ​បានជា​អតិបរមា​៖ ការ​អភិវឌ្ឍ​មូលធន​មនុស្ស គឺជា​កត្តាចាំបាច់​។ ទន្ទឹម​នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ ជំរុញ​ការអប់រំ​ផ្នែក ស្តេ​ម (STEM) ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ និង​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​។

​ទី​៤. ការកសាង និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​បទប្បញ្ញត្តិ​ច្បាប់ និង​ស្តង់ដារ​ពាក់ព័ន្ធ​៖ សុវត្ថិភាព ឌីជីថល គឺជា​កត្តាចាំបាច់​ក្នុង​ការ​កសាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។ កម្ពុជា​នឹង​រៀបចំ​ក្របខណ្ឌ​គតិ​យុ​តិ្ត និង​បទ​ប្បញ្ញត្តិ​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ (Data Security) និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ (Data Privacy) និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត (Cyber Security) ការ​ការពារ និង​រក្សាទុក​ព័ត៌មាន​សម្ងាត់ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទូទាត់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​បទប្បញ្ញត្តិ​ផ្សេងទៀត ដើម្បី​ការពារ​អ្នកប្រើប្រាស់​។

ទី​៥. ការ​លើក​កម្ពស់​ការ​រៀប​ចំ​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី ៖ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌីជីថល ដែលជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​តាមរយៈ​ការរៀបចំ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​មួយ​ជា​កញ្ចប់​ដោយ​គិតគូរ​ពី​បច្ចេកវិទ្យា ធនធាន​ហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល​។​ល​។ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មីៗ​ក្នុង​វិស័យ​ឌីជីថល តាមរយៈ​ការបង្កើត​មូលនិធិ​សហគ្រិនភាព ដែលមាន​ថវិកា​ចំនួន​៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​នឹង​អាចជួយ​ជា​ធនធាន​ហិរញ្ញវត្ថុ និង​ការ​ប្រឹក្សា​យោបល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាពិសេស​ក្រុមហ៊ុន​តូចៗ ដែល​ទើប​បង្កើតឡើង (Startup)​។ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែលជា​ចរន្ត​នៃ​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បាន​នឹងកំពុង​ក្លាយជា​កាតាលីករ​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។

សន្និសីទ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អ្នកជំនាញការ​ក្នុងស្រុក និង​ក្នុង​តំបន់ អ្នក​សិក្សា​ស្រាវជ្រាវ​មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ប្រមាណ ៣៥០​នាក់​។ សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៣ ធ្វើឡើង​ក្រោម​ប្រធានបទ​ស្តី​ពី «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​ឧស្សាហកម្ម ៤.០»​ដែល​ជា​កិច្ចសហការ​ជា​ដៃគូ​រវាង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear)​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​សន្និសីទ​ចក្ខុវិស័យ​ឆ្នាំនេះ​មាន​ប្រធានបទ​ជាប់​ទាក់ទង​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​។ ស្របគ្នា​នឹង​ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​៤.០ ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​អាច​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​ថ្មី​មួយ​ដែល​កម្ពុជា​ត្រូវការ ដើម្បី​សម្រេច​ចក្ខុវិស័យ​រយៈពេល​វែង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

សន្និសីទ​នេះ​មាន​ប្រធានបទ​តូចៗ​ជាច្រើន​សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់ប្តូ​រមតិ​ត្រង់​ទៅ​ត្រង់​មកពី​វិធី​ចាប់​យក​ឱកាសល្អៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង​និង​មាគ៌ា​អភិវឌ្ឍន៍ និង​ការផ្តល់​គំនិត​ពី​ការ​កសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​។

​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​មាន​គោលដៅ​ផ្តល់​ជា​វិភាគទាន​ដល់​ការ​រចនា​តាក់តែង​និង​អនុវត្ត​គោលនយោបាយ​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ដំណើរការ​នៃ​សន្និសីទ និង​ការផ្តល់​មតិ​ផ្នែក​គោលនយោបាយ​ផ្សេងៗ​ទៀត​៕