ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កង្វល់​របស់​អ្នកដទៃ​មិនមែនជា​បន្ទាត់​ឬ​ច្បាប់​ដែល​កម្ពុជា​ត្រូវអនុវត្ត​ទេ​

​ ​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ដោយ​ម៉ឺងម៉ាត់​ថា កង្វល់​របស់​អ្នកដទៃ​មិនមែន​ជា​បន្ទាត់​ ឬ​ ច្បាប់​ដែល​កម្ពុជា​ត្រូវអនុវត្ត​ទេ កម្ពុជា មានច្បាប់​របស់​ខ្លួន​មួយ​ដោយឡែក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​បែប​នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​កម្ពុ​ជា​ឆ្នាំ ២០១៩ កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមីនា ដែល​សន្និសីទ​នេះ​មាន​អង្គទូត​បរទេស​និង​អ្នកជំនាញ​បរទេស​ចូលរួម​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា នៅ​លើ​ពិភពលោក​នេះ​ប្រទេស​ទាំងអស់​មិនមាន​ស្តង់ដារ​ដូចគ្នា​ទេ​ព្រោះ​ពិភពលោក​មាន​ស្តង់ដារ​ច្រើន​ខុសប្លែក​ពីគ្នា​ហើយ​បរិបទ​នៅ​កម្ពុជា​ក៏​មិន​ដូច​ប្រទេស​ដទៃ​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​កង្វល់​របស់​អ្នកដទៃ មិនមែន​ជា​បន្ទាត់ ឬ​ច្បាប់​ដែល​កម្ពុជា​ត្រូវ​អនុវត្ត​ទេ កម្ពុជា​ត្រូវ​មានច្បាប់​របស់ខ្លួន​មួយ​ដោយឡែក​ប្រទេស​ដទៃ​សុទ្ធ​តែមាន​ស្ថាន​ភាពខុសៗ​គ្នា​អ្នក​ទទួល​ស្គាល់​ថា ប្រទេស​ដទៃ​មាន​ស្ថានភាព​ខុសគ្នា ម៉េច​ក៏​មិន​ទទួល​ស្គាល់​ថា​កម្ពុ​ជាមាន​ស្ថានភាព​ខុសគេ​ដែរ​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​សំណួរ​ថា​ នៅ​លើ​ពិភពលោក​នេះ​ក្នុង​សតវត្សរ៍​ទី​២០​នេះ តើ​មាន​របប​ប៉ុល ពត កើតឡើង​ដូច​កម្ពុជា​ឬទេ​តើ​ទទួលស្គាល់​បញ្ហា​នេះ​ទេ​…? សម្តេច​បញ្ជាក់​ថា «​អ្នកចេះ​ទទួល​ស្គាល់​ថា ​ប្រទេស​មួយ​មាន​បរិបទ​មួយ​ប៉ុន្តែ​មិន​ព្រម​ទទួលស្គាល់​ថា ​កម្ពុជា​មាន​បរិបទ​របស់​កម្ពុជា​មួយ​ដែរ​ទេ​»​។

សម្តេច​បាន​បន្ត​ទៀត​ថា ​ពិភពលោក​នេះ​វា​មិន​មាន Single Standard នោះ​ទេ វា​មាន Double Standard និង មាន​រហូតដល់ Tritple Standard ប៉ុន្តែ​ត្រូវតែ​គោរព​ដល់​ភាព​យុត្តិធម៌​គោរព​ទៅដល់​អ្វីដែល​ជាគោលការណ៍​គឺ​ប្រទេស​នេះ​មាន​គោលការណ៍​បែបនេះ ប្រទេស​នោះ​មាន​គោលការណ៍​បែប​នោះ ដូច្នេះ​វា​អត់​មាន​ស្តង់ដារ​មួយ​ឯកភាព នេះហើយ​ជា​កន្លែង​ដែល​យើង​ពិបាក​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ទៀត​ថា ប្រទេស​មួយ​ចាប់បង្ខំ​ឲ្យ​ប្រទេស​មួយ​ធ្វើតាម​ខ្លួន​តើ​គេ​ធ្វើបាន​ឬ​អត់​? អ្នកឯង​ស៊ី​នំប៉័ង ខ្ញុំ​ស៊ី​បាយ ធ្វើ​ម្តេច​ដូចគ្នា រឿង​តែ​អញ្ចឹង គេ​ធ្វើបាន​យើង​ធ្វើ​មិនបាន​អាហ្នឹង​យ៉ាងម៉េច សង្ឃឹមថា យើង​អាច​យល់​គ្នា​ដើម្បី​រួម​ដំណើរ​ជាមួយគ្នា​ពិសេស​យក​អង្គ​ឯកភាព​នៃ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​បច្ចេកទេស​នេះ ដើម្បី​ចេញដំណើរ​ទៅ​រួមគ្នា យើង​អាច​បំព្រួញ​ការ​ខុស​គ្នា​។

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃទី ២៥ ខែមីនា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សាកលវិទ្យាល័យ IUPP សម្តេច​តេ ជោ​ហ៊ុនសែន ក៏បាន​ធ្វើការ​ដាស់តឿន​ទៅ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ម្តង​រួច​មក​ហើយ​ថា​ក្រោយពី​បាន​អាន របាយការណ៍​របស់ លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ការព្រួយបារម្ភ​របស់​ប​ណ្តា​ប្រទេស​មួយចំនួន​ពាក់ព័ន្ធ​បញ្ហា​កម្ពុជា សម្ដេច​បាន​ចារ​អក្សរ​ធំៗ ត្រឡប់​ទៅវិញ​ថា​កង្វល់​របស់​អន្តរជាតិ មិនមែនជា​ច្បាប់​តម្រូវ​ឲ្យ​កម្ពុជា​អនុវត្ត​នោះទេ ខណៈ​ប្រទេស​មួយចំនួន​ខ្វល់​ពី​កម្ពុជា លើ​បញ្ហា​នេះ​បញ្ហា​នោះ តែ​មិនដែល​ស្ដាប់​ពី​កង្វល់​និង​តម្រូវការ របស់​កម្ពុជា​នោះទេ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កង្វល់​របស់គេ​មិនមែនជា​ច្បាប់​តម្រូវ​ឲ្យ​យើង​អនុវត្ត​ទេ​។ សម្ដេច​តេ​ជោ​ថ្លែង​ទៀតថា ​កម្ពុជា​រំលាយ​គណបក្សនយោបាយ​មួយ​ដែល​ធ្វើ​ខុសច្បាប់​មុនពេល​បោះឆ្នោត​មួយឆ្នាំ ប៉ុន្តែ​ក្នុងប្រទេស​ថៃ​គេ​រំលាយ​គណបក្សនយោបាយ​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​តែម្ដង​តើ​អ្នកឯង​គិត​យ៉ាងម៉េច​? ប្រទេស​ដទៃ​គិត​យ៉ាងម៉េច​?

សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​ចោទសួរ​ទៅកាន់​អន្តរជាតិ​ថា​ តើ​ចង់​ឲ្យ​កម្ពុជា​យក​គំរូ​តាម​ប្រទេស​ថៃ និង​មី​យ៉ាន់​ម៉ា​ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​មាន​កូតា​២៥%​ក្នុង​សំឡេងឆ្នោត​ឬ​យ៉ាងណា​ខណៈ​កម្ពុជា​ក៏​អាចធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​កងទ័ព​មាន​សិទ្ធិ​ដូច​នៅ​ថៃ ​ឬ ​មី​យ៉ាន់​ម៉ា​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114