ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ៖ ក្រៅពី​កិច្ចការពារ​ទឹកដី​មាតុភូមិ កងទ័ព​នៅតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​ថា ក្រៅពី​ភារកិច្ច​ជា​ចម្បង​ការពារ​ទឹកដី​មាតុភូមិ​ឲ្យ​នៅ​គង់វង្ស​នោះ ​គឺ​កងទ័ព​នៅ​តែ​មាន​តួនាទី​ឈានមុខ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជា​ប្រជាជន​គ្រប់ពេលវេលា​និង​ប្តូរ​អាយុជីវិត​ដើម្បី​រក្សា​នូវ​សុខសន្តិភាព​ជូន​ប្រទេសជាតិ មិន​ឲ្យ​ជន​ណាមួយ​បំផ្លាញ​ដាច់ខាត​ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​។

សម្តេច​ពិជ័យ​សេនា​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បិទ​សិក្ខាសាលា​ស្តី​ពី​”សម្ព័ន្ធមេត្រីភាព​រវាង អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​”​ ដែល​បាន​ប្រារព្ធ​នៅ​វិមាន​សន្តិភាព​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។

នៅក្នុង​ឱកាស​សិក្ខាសាលា​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មាន​ប្រសាសន៍​បញ្ជាក់​ថា​ , គោល​បំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធភាព​ការងារ​សម្ព័ន្ធ មេត្រី ភាព​រយៈ​ពេក​៣​ឆ្នាំ​កន្លង​មក ដើម្បី​លើក​ទឹកចិត្ត​ដល់ដៃ​គូ​សម្ព័ន្ធ​មេត្រីភាព ឲ្យ​ធ្វើ​សកម្មភាព ពង្រឹង​ការងារ​សម្ព័ន្ធមេត្រី​ភាព ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត​ពង្រឹង​និង​ពង្រីក​សមិទ្ធផល​ការងារ​សម្ព័ន្ធមេត្រី ភាព​និង​តម្រង់​ទិស​ឲ្យ​មានគុណ​ប្រយោជន៍ ជា​យុទ្ធសាស្ត្រ​យូរអង្វែង កៀងគរ​ទាក់ទាញ ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត នូវ​ការ​ចូលរួម​ចំណែក​របស់​កិច្ចការ​សម្ព័ន្ធមេត្រី​ភាព ក្នុង​ការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ ជាពិសេស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​គ្រួសារ​យោធិន ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ ក៏ដូចជា​ការ​ត្រៀម​នៅពេល​ចូលនិវត្តន៍ ទៅ​រស់នៅ ក្នុង​សង្គម​ស៊ីវិល​។

សម្តេច​ពិជ័យ​សេនា​បន្ថែម​ថា ការងារ​សម្ព័ន្ធ​មេត្រីភាព ជានិច្ចកាល​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​យកចិត្ត​ទុក ដាក់​ជំរុញ​អនុវត្ត​ឲ្យ​ស្ថិតនៅ​ជា​ប្រពៃ​ល្អ​ផូរផង់​ជាពិសេស​នៅក្នុង​ដំណាក់កាល​ថ្មី ដែល​កងយោធពល​ខេមរភូមិន្ទ​បាន​ខិតខំ​កសាង​ពង្រឹង​បន្ថែម​ទៀត​នូវ​ខឿន​ការពារ​ជាតិ និង​ត្រៀមខ្លួន​ដើម្បី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ថែរក្សា​សណ្តាប់ធ្នាប់ សាធារណៈ​បំរើ​ឲ្យ​ភូមិ​ឃុំ មាន​សុវត្ថិភាព​។

បច្ចុប្បន្ន​ការងារ​សម្ព័ន្ធ​មេត្រីភាព មាន​ស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុន​ឯកជន​និង​សប្បុរសជន សរុប​ចំនួន​៣២០​ បាន​ចង​សម្ព័ន្ធ​មេត្រីភាព ជាមួយ​៨៩​កង​ឯកភាព​ នៃ​កងយោធពល​ខេមរភូមិន្ទ​។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ក៏​មាន​ប្រសាសន៍​លើក​ឡើង​ថា សិក្ខា​សាលា​ថ្ងៃនេះ​ ក៏​ជា​ឱកាស​ដ៏​វិសេស វិសាល​មួយ ​ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​និង​ជំរុញ​ការ​យកចិត្ត​ទុក​ដាក់​ ដល់​ការ អនុវត្ត​ការងារ សម្ព័ន្ធ មេត្រីភាព ដែល​ជា​កិច្ចការ ដ៏​មាន​សារៈសំខាន់ ហើយក៏​ជា​ឱកាស​មួយ​ដើម្បី​ពិនិត្យ វាយតម្លៃ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ នូវ​អ្វី​ដែល​យើង​អនុវត្ត​បាន​កន្លង​មក អ្វី​ដែល​យើង អនុវត្ត​មិន​ទាន់​បាន​បទ​ពិសោធន៍ ចំណុចខ្លាំង​ ចំណុចខ្សោយ និង ទិសដៅ​ភារកិច្ច សម្រាប់ ​អនុវត្ត នា​ពេល​ខាង​មុខ ប្រកបដោយ​ភាព​រលូន និង​សម្រេច​បាន​ជោគជ័យ តាម​គោលដៅ ដែល​អង្គ​សិក្ខាសាលា​។

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ​ទោះជា​ពេល​ប្រទេស​ជាតិ មាន សន្តិភាព ទាំងស្រុង​ក្តី ក៏​កងកម្លាំង ប្រដាប់​អាវុធ​ទាំង​អស់ មាន​តួនាទី តែង​តែ​ឈានមុខ រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាជន និង ជួយ​ទំនុក​បម្រុង​ប្រជាជន ជួយ​សម្រាល​នូវ​ទុក្ខ​លំបាក​គ្រប់បែបយ៉ាង​របស់​ប្រជាជន ជាពិសេស នៅពេល​ប្រជាជន​ជួប ការ​លំបាក ដូចជា​ពេល​មាន​គ្រោះ រាំងស្ងួត ទឹកជំនន់ និង គ្រោះ​មហន្តរាយ ធម្មជាតិ​ផ្សេងៗ​ទៀត​។ ដូចគ្នា​ដែរ​ប្រជាជន និង​ស្ថាប័ន អង្គភាព ស៊ីវិល ក៏ត្រូវ​មាន​តួនាទី សំខាន់ រួមចំណែក​ក្នុង​ចលនា​ការពារ​ជាតិ​របស់​យើង​ពោល​គឺ ជា​ប្រភព​មិន​ចេះ​រីងស្ងួត​នៃ​ការ​ផ្គត់ផ្គង់​កម្លាំង​ជ្រើសរើស​ទ័ពប្រភព​នៃ កម្លាំង​ធនធាន និង​ការ​លើកទឹកចិត្ត​ដល់​កងទ័ព​ជានិច្ច​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន ចេញ​សេចក្ដី​សម្រេច ស្ដីពី​ការរៀបចំ ការ​ចងសម្ព័ន្ធ មេត្រីភាព រវាង​កងទ័ព កង​នគរបាល​ជាតិ ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត ស្ថាប័ន​អង្គភាព​ស៊ីវិល ឲ្យ​រួមចំណែក​ក្នុង​វិស័យ​ការពារ​ជាតិ និង ជួយ​ដោះស្រាយ​ការ​លំបាក​នានា របស់​អង្គភាព កងកម្លាំង​ប្រដាប់​អាវុធ​យើង​ឲ្យ​បាន​ប្រសើរឡើង​មួយ​កម្រិត​ទៀត ក៏​ដូច​ផ្សារភ្ជាប់ សមរភូមិ​មុខ និង​សមរភូមិ ក្រោយ​ឲ្យ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ ជាមួយ​គ្នា​រួម​ចំណែក​ការ​ពារ​ជាតិ មាតុភូមិ​៕