ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម ជួប​ពិភាក្សា​ជាមួយ​គណៈក​ម្មា​ធិ​ការ​ផលិតភាព​កម្ពុជា ស្វែងយល់​ពី​វិស័យ​ចំបង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នាពេល​អនាគត

ភ្នំពេញ​ ៖ លោក រដ្ឋមន្ត្រី វេ​ង សាខុន​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ បាន​ទទួល​ជួប​គណៈក​ម្មា​ធិ​ការ​ផលិតភាព​កម្ពុជា​អញ្ជើញ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹក​ដោយ​លោក ស៊ី​សុ​វ​ត្ថិ ដួង​ច័ន្ទ​ទោ ដើម្បី​ប្រឹក្សា​យោបល់​ស្តី​ពី “​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​” មួយវិញទៀត​គឺ​ចង់​ស្វែងយល់​បន្ថែម​ពី​លោក រដ្ឋមន្ត្រី​អំពី​ទស្សនវិស័យ​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នាពេល​អនាគត​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ ចំពោះ​លោក​ប្រធាន​លេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ផលិតភាព​កម្ពុជា និង​សហការី​ដែល​បាន​អញ្ជើញ​មក​ក្រសួង​នា​ពេល​នេះ ក្នុង​បំណង​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ប្រធានបទ​ខាង​នេះ​។ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​លោក​ប្រធាន​ជ្រាប​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាក់ស្តែង​កម្ពុជា​បាន​រំដោះខ្លួន​ចេញពី​ប្រទេស​ផលិត​ស្បៀង​សម្រាប់​តែ​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុងស្រុក តែ​បច្ចុប្បន្ន​កម្ពុជា​ផលិត​ស្បៀង​លើស​ពី​តម្រូវការ​ក្នុងស្រុក ឈាន​ទៅជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​កំពុង​នឹង​ពង្រីង​និង​ពង្រីក​ផលិតភាព​ផលិតកម្ម​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​សក្តានុពល​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​សមស្រប​តាម​ស្ថានភាព​នយោបាយ កំណើនសេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន​។

​ទន្ទឹម​នឹង​សមិទ្ធផល​ ដែល​ក្រសួង​សម្រេច​បានជា​វិជ្ជមាន ក្រសួង​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ទេសចរណ៍ និង​ជាពិសេស​ការប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក​។ បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នៅ​ខ្វះខាត ខ្សែ​ច្រវាក់​ផលិតកម្ម​ពី​ដើមទី​ដល់​ចុង​ទី​នៅ​មាន​កម្រិត ការ​ផ្គត់ផ្គង់ និង​តម្លៃ​ថាមពល​អគ្គិសនី​នៅ​មាន​កម្រិត​ខ្ពស់ ធនធាន​ថវិកា​គាំទ្រ​នៅ​មាន​ការ​ខ្វះខាត ប្រព័ន្ធ​ស្រោចស្រព​នៅ​មិនទាន់​ឆ្លើយតប បាន​សមស្រប​តាម​តម្រូវការ​របស់​ប្រជាកសិករ វិស័យ​កសិកម្ម​នៅ​ប្រឈមមុខ​ជាមួយ​បាតុភូត​ធម្មជាតិ (​ទឹកជំនន់ រាំងស្ងួត ជំងឺ និង​សត្វល្អិត​ចង្រៃ​) ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​នៅ​មាន កម្រិត​ដែល​ប៉ះពាល់​ដល់​គុណភាព​ដី សមត្ថភាព​មន្ត្រី​ជំនាញ ការងារ​ស្រាវជ្រាវ និង​មន្ទីរពិសោធន៍​នៅ​មាន​កម្រិត ការ​ផ្សព្វផ្សាយ​និង​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យ​នៅ​មិន​ទាន់​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។ បញ្ហា​ទាំងអស់​នេះ គឺជា​ដើមហេតុ ឬ​ជា​ឧបសគ្គ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ​ធ្វើការ​កែច្នៃ​កសិផល​ដើម្បី​នាំចេញ​។

ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ភ្ញៀវ​ថា ក្រសួង​បាន​នឹង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ និង​ទៅតាម​អាទិភាព សមត្ថ​ភាពជា​បណ្តើរៗ​តាមរយៈ​ការ​ដាក់ចេញ​នូវ​យន្តការ​អនុវត្ត​រវាង​រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍ បង្កើន​ការងារ​ផ្សព្វផ្សាយ និង​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​សមស្រប ជំរុញ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច​សន្យា ការ​បង្កើន​សមត្ថភាព​មន្ទីរពិសោធន៍ និង​មន្ត្រី​ជំនាញ ទាំងអស់​នេះ​គឺ​បាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩ -២០២៣​។ លោក​បាន​បញ្ជាក់​ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម សហការ និង​គាំទ្រ​យ៉ាង​ពេញលេញ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​ជាពិសេស​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។

​លោក ស៊ីសុវត្ថិ ដួង​ច័ន្ទ​ទោ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក រដ្ឋមន្ត្រី​ដែល​បានផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ហើយ​លោក ក៏បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី ហើយ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​នា​ថ្ងៃនេះ លោក​នឹង​រៀបចំ​របាយការណ៍​លំអិត​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ៕