ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់​បង្កើន​ការ​ផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់​ត្រូវ​បង្កើន​ការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សកម្ម​ថែមទៀត ​ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០១៩​ របស់​ក្រសួង​មុខងារសាធារណៈ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​មានប្រសាសន៍ថា ​«​ឆ្នាំ​២០១៩​នេះ​យើង​ខិតខំ​ធ្វើ​រឿង​ចំនួន​ពីរ​គឺ​រឿង​ទី​១​ធ្វើ​មិច​ឲ្យ​មន្ត្រីរាជការ​មាន​ស្មារតី​ភ្ញាក់​រលឹក​ដើម្បី​បម្រើសេវា​សាធារណៈ​ ដើម្បី​ជួយ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​និង​ទី​២​បន្ត​ពង្រីក​វប្បធម៌​នៃ​ការ​ទទួល​ល​ការខុសត្រូវ​របស់​មន្ត្រី​រាជការ​ម្នាក់​ឲ្យ​បានល្អ​ប្រសើរ​»​។

​ការជំរុញ​របស់​លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រីរាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​មួយចំនួន​នៅ​មិន​ទាន់​មាន​ការ​យល់ដឹង​ពី​ខ្លឹមសារ​នៃ​ការ​ផ្តល់សេវា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ដូចជា​ទាក់ទង​នឹង​ការ​ដំឡើងឋានៈ​ជូន​មន្ត្រីរាជការ​ដែល​តម្រូវ​ឲ្យ​២​ឆ្នាំ​ឡើង​១​ឋានៈ​ ប៉ុន្តែ​មន្ត្រី​នាយកដ្ឋាន​រដ្ឋបាល​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​សំណើរ​មកកាន់​ក្រសួង​មុខងារសាធារណៈ​។

លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន បាន​បន្ត​ថា ​ការផ្តល់សេវា​សាធារណៈ​បាន​ទាន់​ពេលវេលា​និង​តម្លាភាព​នឹង​ជួយ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ក្នុង​ការ​ខិតខំ​បំពេញ​កិច្ចការ​ងារ​ជូន​ដល់​ក្រសួង​ស្ថាប័ន​របស់​ខ្លួន​ថែមទៀត​ក៏ដូចជា​ទទួល​បាន​នូវ​ទំនុកចិត្ត​ពេញលេញ​ពី​សាធារណជន​ថែម​ទៀត​ផង។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់សេវា​ជូន​ដល់​ប្រជាពលរដ្ឋ ​និង ​មន្ត្រីរាជការ​របស់​ខ្លួន​ឲ្យ​បាន​លឿន​និង​ឆាប់រហ័ស​ពិសេស​ត្រូវ​បញ្ជូន​ឈ្មោះ​មន្ត្រី​ ដែល​ត្រូវ​ឡើង​ឋានៈ​មកកាន់​ក្រសួង​ឲ្យ​បាន​មុន​ថ្ងៃទី​១៣ ​ខែមេសា​ដើម្បី​ឲ្យ​ក្រសួង​បាន​រៀប​ចំ​ឯកសារ​ដំឡើង​ឋានៈ​ ដល់​មន្ត្រី​ឲ្យ​បាន​ទាន់​ពេល​វេលា​ដែល​នឹង​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ទទួល​បាន​ភាព​រីករាយ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។

លោក យង់ គឹមអេង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​បាន​លើក​ឡើង​ថា ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការ​ផ្តល់សេវា​ដល់​ប្រជាពលរដ្ឋ​រាជរដ្ឋាភិបាល​ត្រូវ​លុបបំបាត់​បាតុភាព​ការ​ជ្រើស​រើស​មន្ត្រីរាជការ​ចូល​បម្រើ​តាម​ក្រសួង​ស្ថាប័ន​នានា ត្រូវ​ជ្រើសរើស​មន្ត្រីរាជការ​ដែល​មាន​គុណភាព​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​ទិសដៅ​និង​តម្លាភាព​សំដៅ​បង្កើន​ទំនុកចិត្ត​ដល់​សាធារណជន​ឲ្យ​មក​ទទួល​សេវា​កាន់តែច្រើន​ថែមទៀត​។

ទន្ទឹម​នឹង​នេះ​ លោក​បាន​ជំរុញ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​និង​ពង្រឹង​ធនធានមនុស្ស​នៅ​តាម​ស្ថាប័ន​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​មន្ត្រីរាជការ​មាន​ជំនាញ​ច្បាស់លាស់​និង​មាន​សមត្ថភាព​ខ្ពស់​ទៅតាម​វិស័យ​នីមួយៗ​សម្រាប់​បម្រើសេវា​ដល់​មន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕