ព័ត៍មានទាន់​ហេតុការណ៏
Search

សហគមន៍​កសិករ​ ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី ​​បង្កើត​ទីផ្សារ​លក់ដូរ​ក្នុង​ផ្សារ​ទួល​ក្រឡាញ់ ​​ ដោយមាន​អតិថិជន​គាំទ្រ​ច្រើន

កំពង់ឆ្នាំង ៖ សហគមន៍​កសិករ​ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី បាន​រួម​គ្នា​ប្រមូល​ផលិតផល​របស់​ខ្លួន​មក​ដាក់​លក់​នៅ​ទីផ្សារ​សហគមន៍​កសិកម្ម នៅ​ក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង រយៈពេល​៤​ខែ​ហើយ ដោយ​ក្នុង​១​សប្ដាហ៍​មាន​លក់​តែ​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ សៅរ៍ និង ​អាទិត្យ តែប៉ុណ្ណោះ និង​មាន​អ្នកគាំទ្រ​ច្រើន បើ​ចង់​មាន​សុខភាព​ល្អ​សូម​មក​ទិញ​បន្លែ​សរីរាង្គ គ្មាន​សារធាតុ​គីមី ពិតជា​មិន​ខុស​បំណង​ឡើយ។​

លោកស្រី មាស សូ​ភី តំណាង​ឲ្យ​សហគមន៍ អ្នក​ដាំ​បន្លែ​សរីរាង្គ ឬ​បន្លែ​គ្មាន​សារធាតុ​គីមី បាន​និយាយ​ឲ្យ​ដឹង​ថា​ សមាជិក​សហគមន៍​ដាំ​ដំណាំ គឺ​ប្រើ​តែ​ជី លាមក​គោ ជីកំប៉ុស​ទឹក ជីកំប៉ុស​គោក​តែប៉ុណ្ណោះ មិន​ប្រើ​សារធាតុ​គីមី​នោះ​ទេ ចំពោះ​ថ្នាំ​សម្លាប់​សត្វល្អិត ក៏​ប្រើ​តែ​ថ្នាំ​បែប​បុរាណ​ដែរ។

ដូច្នេះ​ បើ​យើង​បរិភោគ​អាហារ​គ្មាន​សារជាតិ​គីមី នឹង​ធ្វើ​ឲ្យ​មិន​ប៉ះពាល់​ដល់​សុខភាព គ្មាន​រាករូស និង​ជំងឺ​ផ្សេង​ផ្សេង​នោះ​ឡើយ។ ដោយឡែក សហគមន៍​កសិករ ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី បាន​បង្កើត​ទីផ្សារ​របស់​ខ្លួន​ ដើម្បី​ប្រមូល​ផលិតផល​មក​លក់​នៅ​ភូមិ​ទួល​ក្រឡាញ់​នេះ មាន​រយៈពេល៤​ខែ​ហើយ ដែល​មកដល់ពេលនេះ ​គឺមាន​អតិថិជន ស្គាល់​ និង​ដឹងឮ​ច្រើន និង​នាំគ្នា​មកកាន់​ទីផ្សារ​នេះ ទិញ​បន្លែ និង​ត្រី​សាច់ គ្មាន​គីមី​មិនសូវ​សល់​សល់​ឡើយ។ សហគមន៍​ដែល​នាំគ្នា​យក​ផលិតផល​របស់ខ្លួន​គ្មាន​សារធាតុ​គីមី​មក​លក់​នៅក្នុង​ទីផ្សារ​សហគមន៍​នេះ មាន​មកពី​ឃុំ​ក្រាំង​លាវ ឃុំ​ច្រ​ណូ​ក ឃុំ​ពង្រ ឃុំ​អញ្ចាញ​រូង និង​ឃុំ​នានា មួយចំនួនទៀត នៅក្នុង​ខេត្ត​កំពង់ឆ្នាំង។

លោកស្រី មាស សូ​ភី បាន​បញ្ជាក់​ទៀត​ថា ខាងមុខនេះ​ សហគមន៍​ ​ នឹង​បង្កើត ផ្សារ​ម៉ា​ត​មួយ​កន្លែង​ទៀត នៅទីនេះ ដោយ​ដាក់​លក់​បន្លែ ត្រី សាច់ ដែល​គ្មាន​សារធាតុ​គីមី ដោយមាន​ទូ​ទឹកកក​ក្លាសេ​ទុក​ត្រឹមត្រូវ ដើម្បី​ដាក់លក់​ឲ្យ​បាន​រៀងរាល់ថ្ងៃ។ ដូចនេះ​សមាគម​កសិករ​សំណូមពរ​ដល់​អតិថិជន​ទាំងអស់​ សូម​ចូលរួម​គាំទ្រ​ផលិតផល​កសិករ​គ្មាន​សារធាតុ​គីមី ដើម្បី​លើកស្ទួយ​សុខភាព​ឲ្យ​បាន​ល្អ​ទាំងអស់គ្នា​។

ដោយឡែក ម៉ូ​វ សុភាព ដែលជា​អ្នកទិញ​បន្លែ​ជាប្រចាំ​នៅ​ទី​នោះបាន​និយាយថា​ ផ្សារ​ផលិតផល​នេះ​មាន​លក់​តែ​ថ្ងៃ​សុក្រ​-​សៅរ៍​-​ និង​អាទិត្យ តែប៉ុណ្ណោះ ដោយ​គាត់​មក​ទិញ​ជា​រៀងរាល់​សប្ដាហ៍ ព្រោះថា​បន្លែ​នៅទីនេះ​ គឺ​ពិតជា​ល្អ​គ្មាន​សារធាតុ​គីមី ព្រោះ​ពេល​គាត់​ទិញ​យកទៅ​បរិភោគ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ឡើយ ដោយ​គាត់​ទិញ​មាន​ស្ពៃ សាឡាត់ ត្រសក់ និង​ត្រកួន​ជាដើម យក​ទៅ​ក្លាស្សេ​ទុក​សម្រាប់​មួយ​សប្ដាហ៍​ទើប​មក​ទិញ​នៅ​ទី​នេះ​ម្ដងទៀត៕

​ ​