ព័ត៍មានទាន់​ហេតុការណ៏
Search

មាន សូ​នី​តា ទប់ទឹក​ភ្នែក​មិន​ជាប់ ​ពេល​ជួប​គ្រួសារ​ជនរងគ្រោះ​ ដែល​ត្រូវ​ជនជាតិ​ជប៉ុន​ពីរ​នាក់​ប្លន់​សម្លាប់​ នៅ​ខេត្ត​សៀមរាប

ភ្នំពេញ ​៖​ ពិត​ដូចជា​ការសន្យា​មែន​ តារា​សម្តែង​ស្រី​ធ្មេញ​ជំពើស កញ្ញា មាន សូ​នី​តា កាលពី​ថ្ងៃទី​២៦ ខែ​មីនា​ ឆ្នាំ​២០១៩ ​កន្លង​មក​នេះ ​បាន​ធ្វើ​ដំណើរ​ស្កាត់​ពី​ភ្នំពេញ​ដែលមាន​ផ្ទៃដី​រាប់រយ​គីឡូម៉ែត្រ​ ទៅ​ជួយ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ជនជាតិ​ជប៉ុន​មាន​គ្នា​ពីរ​នាក់​ បាន​ប្លន់​សម្លាប់​ នៅ​ឯ​ខេត្ត​សៀមរាប។

ការធ្វើដំណើរ​របស់​ កញ្ញា មាន សូ​នី​តា និង​ក្រុមការងារ​មាន​គ្នា​ប្រមាណ​៥​ ឬ​៦​នាក់​ ចេញទៅ​ទឹកដី​ខេត្តសៀមរាប​នេះ ​គឺ​ក្នុង​គោលបំណង​ ដើម្បី​ជួប​ចូល​រំលែក​ទុក្ខ​ និង​នាំយក​ថវិកា​សប្បុរសជន​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ បន្ទាប់ពី​ស្វាមី​ និង​ឪពុក​របស់​ពួកគាត់​ ត្រូវបាន​ស្លាប់​ដោយសារ​អំពើ​ប្លន់​សម្លាប់​ពី​សំណាក់​បុរស​ជនជាតិ​ជប៉ុន​២​នាក់​ កាលពី​ថ្មីៗ​កន្លងមកនេះ​។​

បើ​តាម​ការ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព ​និង​វីដេអូ​រន្ធត់​រហូត​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​របស់​កញ្ញា មាន សូ​នី​តា បាន​និយាយ​ទាំង​ខ្សឹកខ្សួល​ថា រន្ធត់​ពេក មាន​ពាក្យ​ជាច្រើន​និយាយ​ចង់​រំលែក​ទុក្ខ​ តែ​អារម្មណ៍​អួល​ដើមក​ពេក​ គ្រាន់តែ​បាន​ឃើញ​ស្ថានភាព​គ្រួសារ​គាត់​..​។​ តើ​កូន​ៗ​មាន​អ្នក​ណា​រំពឹង​ទៅ​ កូន​បង​អាយុ​១៩​ឆ្នាំ​ មិនសូវ​ប្រក្រតី​ ចំណែក​៣​នាក់​ទៀត​តូចៗ​នៅ​រៀន។

តារា​សម្ដែង​ស្រី​ស្រស់​ស្អាត​ចិត្តធម៌ ​កញ្ញា មាន សូ​នី​តា បាន​និយាយ​បន្តទៀតថា ​នេះ​ជា​ជីវិត​ដែល​អាសូរ​ណាស់ ជា​ពិសេស​ក្មេងៗ នៅក្នុង​បន្ទុក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទប់​អារម្មណ៍​មិន​ជា​ប់​។ អរគុណ​បងៗ​ដែល​បាន​ចូល​ថវិកា​តាម​ខ្ញុំ​ផង​ដែរ​។ ​បន្ថែម​ពីលើ​នេះ​ កញ្ញា មាន សូ​នី​តា បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នា​រសៀល ​ថ្ងៃទី​២៧​មីនា​នេះ​ ថា​ចំនួន​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ដែល​បាន​ប្រគល់​ជូន​គ្រួសារ​ជនរងគ្រោះ​សរុប​ទាំងអស់​មាន​១.៦១៥​ដុល្លារ​៕