ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ប្រធានាធិបតី Nicolas Maduro បាន​ស្តីបន្ទោស “​ពួក​ភេរ​វករ​” ចំពោះ​ការ​ដាច់​ភ្លើង​ថ្មី​សឹងតែ​ទូទាំងប្រទេស​ដែល​បាន​វាយប្រហារ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា

លោក​ប្រធានាធិបតី Nicolas Maduro បាន​ស្តីបន្ទោស “​ពួក​ភេរ​វករ​” ចំពោះ​ការ​ដាច់​ភ្លើង​ថ្មី​សឹងតែ​ទូទាំងប្រទេស​ដែល​បាន​វាយប្រហារ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ថ្ងៃ​អង្គារ​, ពីរ​សប្តាហ៍​ បន្ទាប់ពី​ការ​ដាច់​ភ្លើង​ស្រដៀង​គ្នា​នេះ​បណ្តាល​ឲ្យ​មានការ​ស្លាប់​និង​ភាពវឹកវរ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​បណ្តាញ​សង្គម Twitter លោក Maduro បាន​និយាយថា ការ​បញ្ឆេះ​ឲ្យ​មាន​អគ្គិភ័យ​ដោយ​ចេតនា​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ចន្ទ​បាន​វាយប្រហារ​ទីតាំង​នានា​នៅ​ជុំវិញ​រោងចក្រ​ទំនប់​វា​រី​អគ្គិសនី Guri នៅ​ភាគខាងត្បូង​ប្រទេស​ដែល​ផ្គត់ផ្គង់​ថាមពល​ដល់​ទៅ​៨០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​៣០​លាន​នាក់​។​

លោក​បាន​និយាយថា “​ស្នាដៃ​ក្រុម​ឧក្រិដ្ឋជន​” បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​ខណៈពេល​ការជួសជុល​កំពុង​បន្ត​។ លោក​បន្តថាការវាយប្រហារ​របស់​ពួក​ភេរវ​ករ​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រទេស​អស្ថិរភាព។

រដ្ឋមន្ត្រី​ទំនាក់ទំនង​របស់លោក​ឈ្មោះ Jorge Rodriguez បាន​បង្ហោះ​រូបភាព​នៃ​រោងចក្រ​អគ្គិសនី​ដែល​ត្រូវបាន​លេប​ត្របាក់​ដោយ​អណ្ដាតភ្លើង​។​

ស្របពេល​ជាមួយគ្នា​នោះ លោកស្រី​អនុ​ប្រធានាធិបតី Delcy Rodriguez បាន​និយាយថា ការបិទ​សាលារៀន​និង​កន្លែងធ្វើការ​រយៈពេល​២៤​ម៉ោង​នឹង​ត្រូវបាន​ពន្យារពេល​២៤​ម៉ោង​ទៀត​ដល់​ល្ងាច​ថ្ងៃ​ពុធ​ដោយសារតែ​ទំហំ​នៃ​ការខូចខាត​។​

ការ​ដាច់​ភ្លើង​លើក​ទី​១​ចន្លោះ​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៤​ខែមីនា​បាន​បណ្តាល​ឲ្យ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ជាង​១០​នាក់​ស្លាប់​ហើយ​ប្រជាពលរដ្ឋ​ដែល​អស់សង្ឃឹម​បាន​ងាក​ទៅរក​ប្រភព​ទឹកលូ​ដើម្បី​ទទួលបាន​ទឹក​។​

កាលពី​ថ្ងៃ​អង្គារ ទីក្រុង Caracas និង​ទីក្រុង​ផ្សេងទៀត​ត្រូវបាន​ជាប់គាំង​ជាថ្មី​ម្តងទៀត​។ ការដឹកជញ្ជូន​ជា​សាធារណៈ​និង​ការផ្គត់ផ្គង់​ទឹក​ត្រូវបាន​រំខាន​។ អគារ​ដែល​គ្មាន​ម៉ាស៊ីនភ្លើង​ដោយ​រួមទាំង​មន្ទីរពេទ្យ​ជាច្រើន​ផងដែរ​នោះបាន​ធ្លាក់ចូល​ទៅក្នុង​ភាព​ងងឹត​។ ផ្លូវ​នៅក្នុង​រដ្ឋធានី​គឺ​ទំនេរ​ហើយ​ហាង​នានា​ត្រូវ​បិទទ្វារ​។​

នៅក្នុង​ការ​ដាច់​ភ្លើង​ចុងក្រោយ​នេះ លោក Maduro ក៏បាន​និយាយ​ផងដែរ​ថា រោងចក្រ Guri ត្រូវបាន​កំណត់​គោលដៅ​។ បន្ទាប់មក លោក​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​បើក​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណិ​ត​ប្រឆាំងនឹង​វា​ហើយ​គណបក្សប្រឆាំង​គឺជា​អ្នក​នៅ​ពីក្រោយ​ទង្វើ​នៃ “​ការបំផ្លិចបំផ្លាញ​” នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114