ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​ថ្ងៃកំណើត​អង្គការ ILO និង​ខួប ៥០​ឆ្នាំ​ដែល​កម្ពុជា​ក្លាយជា​សមាជិក ILO

ភ្នំពេញ ​៖ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ ទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១០០​ឆ្នាំ​ថ្ងៃ​បង្កើត​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ខួប ៥០​ឆ្នាំ ដែល​កម្ពុជា​ក្លាយជា​សមាជិក​អង្គការ ILO​។

​អង្គការ​អន្តរជាតិ​ខាង​ការងារ គឺជា​ទីភ្នាក់ងារ​ត្រីភាគី​ឯកទេស​ផ្នែក​ពិភព​ការងារ​នៃ​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩១៩ ដើម្បី​កំណត់​បទដ្ឋាន​ការងារ និង​រៀបចំ​គោលនយោបាយ​នានា​ក្នុង​គោលបំណង​បង្កើន​យុត្តិធម៌​សង្គម និង​លើក កម្ពស់​ការងារ​សមរម្យ​សម្រាប់​ស្ត្រី និង​បុរស​។​

ក្នុង​រយៈពេល ១០០​ឆ្នាំ​កន្លងមកនេះ អង្គការ​អន្តរជាតិ​ខាង​ការងារ​ បានអនុម័ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៨៩ ពិធីសារ​ចំនួន​៦ និង​អនុសាសន៍​ចំនួន​២០៥ ដើម្បី​ជា​បទដ្ឋាន​រួម​សម្រាប់​ប្រទេស​ជា​សមាជិក​ក្នុងការ​អភិវឌ្ឍ​ពិភព​ការងារ​ប្រកបដោយ​សុខដុមរមនា និង​ចីរភាព​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៦៩​។ លោក​រដ្ឋមន្ត្រី​បន្តថា ក្នុង​រយៈពេល ៥០​ឆ្នាំ​មកនេះ កម្ពុជា​បានផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៣ ក្នុងនោះ​មាន​អនុសញ្ញា​ស្នូល​ទាំង​៨ គឺ​អនុសញ្ញា​លេខ​២៩, លេខ​៨៧, លេខ​៩៨, លេខ​១០០, លេខ​១០៥, លេខ​១១១, លេខ​១៣៨, លេខ​១៨២, និង​អនុសញ្ញា​បច្ចេកទេស​ចំនួន​៤ គឺ​អនុសញ្ញា​លេខ​៤, លេខ​៦, លេខ​១៣, លេខ​១៥០ ព្រមទាំង​អនុសញ្ញា​អាទិភាព​ចំនួន​១ គឺ​អនុសញ្ញា​លេខ​១២២​។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ឲ្យ​ដឹង​ដែរ​ថា ខ្លឹមសារ​នៃ​អនុសញ្ញា​អន្តរជាតិ​ទាំងនេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​កម្ពុជា​។ ក្នុងនោះ​កម្ពុជា​ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (Governing Body) ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ ហើយ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យន្តការ​នេះ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​បាន​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ទៅតាម​អនុសញ្ញា​ដែល​បានផ្តល់​សច្ចាប័ន ព្រមទាំង​បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ដល់​ប្រ by​ទេស​ជា​មិត្ត​មួយចំនួន​។​

​កាលពី​ថ្ងៃទី​២៥ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចេញ​សារា​ចរណ៍​ណែនាំ​មួយ​ស្តីពី​ការរៀបចំ​ខួប ១០០​ឆ្នាំ របស់​អង្គការ ILO និង​ខួប ៥០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់ ILO ផងដែរ​។ ក្នុង​សារាចរណ៍​នោះ​សម្តេច​តេ​ជោ បាន​ណែនាំ​ឲ្យ​តាម​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ និង​នៅតាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ការងារ​រួមគ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ និង​ការយល់ដឹង​ពី​សិទ្ធិ​ការងារ​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114