ព័ត៍មានទាន់​ហេតុការណ៏
Search

ពេទ្យ​កាល់ម៉ែត​បង្ហាញ​ពី​ភាព​រីកចម្រើន​ថ្មី​មួយទៀត​របស់​គ្រូពេទ្យ​ក្នុង​ជំនាញ​ថ្លើម ក្រពះ និង​ពោះវៀន

ភ្នំពេញ ​៖​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បន្ថែម​របស់​វិស័យ សុខាភិបាល ​ដែល​កំពុងតែ​មានការ អភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តម្រូវការ​នាពេល​អនាគត​នោះ ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​ ​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី “​ការផ្សព្វផ្សាយ​តាម​តំបន់​ឥណ្ឌូចិន​របស់​សមាគម​អន្តោទស្សន៍​កោសល្យ​ប្រដាប់​រំលាយ​អាហារ​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី ១៤ នៅ​ប្រទេស​កម្ពុជា​” ដែល​បានរៀបចំ​ធ្វើឡើង​ដោយ​សមាគម អន្តោ​ទស្សន៍​កោសល្យ​ប្រព័ន្ធ​រំលាយ​អាហារ​អាស៊ី​ប៉ាស៊ីហ្វិក (APSDE) , សមាគម​អន្តោ​ទស្សន៍ កោសល្យ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​មន្ទី​rពេទ្យ​កាល់ម៉ែត។

​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទី​រពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍ថា​ ដើម្បី​បង្ហាញឱ្យឃើញ​ពី​ការរីកចម្រើន​ថ្មី​មួយទៀត របស់​ក្រុមគ្រូពេទ្យ​ក្នុង​ជំនាញ​ថ្លើម ក្រពះ ពោះវៀន ដែល​នឹង​ផ្តល់នូវ​បទពិសោធន៍ និង​បច្ចេកវិទ្យា​ថ្មី ដែល​អាចឱ្យ​ក្រុមគ្រូពេទ្យ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា​អាច​តាម​ទាន់​ការរីកចម្រើន​នូវ​បច្ចេកវិទ្យា​អង់​ដូ​ស្កូ​ប​ពី​របស់​ពិភពលោក។

លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្តទៀតថា ​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី វិទ្យាសាស្ត្រ នៃ​សមាគម​អន្តោ​ទស្សន៍​កោសល្យ​ប្រដាប់​រំលាយ​អាហារ អាស៊ី ប៉ាស៊ីហ្វិក ជាមួយ​ប្រទេស​កម្ពុជា ដែលជា​សញ្ញាណ​ល្អប្រសើរ​មួយ បញ្ជាក់ នូវ​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​រវាង​ភាគី មិត្ត ប្រទេស​នៅ​ឥណ្ឌូចិន និង ប្រទេស​កម្ពុជា គោលបំណង​ចម្បង​គឺ​ការផ្សព្វផ្សាយ ព្រមទាំង​ផ្លាស់ប្តូរ​នូវ​វិធីសាស្ត្រ បទពិសោធន៍ ពិនិត្យ​ព្យាបាល និង​ការថែទាំ តាមបែប​វិទ្យាសាស្ត្រ នៃ​ការធ្វើ អង់​ដូ​ស្កូ​ប​ពី ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ធានាបាន​នូវ គុណភាព ទំនុកចិត្ត សម្រាប់​អ្នកជំងឺ​ដែល​មក​ទទួលយក សេវា​សុខុមាលភាព នៅ​មន្ទី​រពេទ្យ នៃ​ប្រទេស​កម្ពុជា​យើង​។ អ្វីដែល​រឹតតែ​ពិសេស​បន្ថែម​ពីលើ​បទ​បង្ហាញ​ជា​ទ្រឹស្តី វគ្គ​នេះ ក៏មាន​ការបង្ហាញ​ជាការ​អនុវត្ត​ផ្ទាល់ ដែល​ត្រូវបាន​ធ្វើឡើង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ឯកទេស​ភាគី​សហប្រតិបត្តិ​ការដែល​សុទ្ធសឹង​ជា​គុណប្រយោជន៍ បញ្ជាក់បន្ថែម​ទៅលើ​ការពន្យល់​ឲ្យ​កាន់តែច្បាស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ​នឹង​នាំមក​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​បន្ថែម របស់​វិស័យ សុខាភិបាល​ដែល​កំពុងតែ​មានការ អភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តម្រូវការ​នាពេល​អនាគត​។​

ជាមួយគ្នា​នោះដែរ​លោក​សាស្ត្រាចារ្យ​សង្ឃឹមថា​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​អត្ថប្រយោជន៍​នេះ នឹង​លើក​បង្ហាញ​នូវ​ប្រធានបទ​ជាច្រើន រួមទាំង​បច្ចេកទេស​និង​បទ ពិសោធន៍​ថ្មីៗ ព្រមទាំង​មានការ​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ផុលផុស ជា​ទុន​មួយ ដែលមាន​តម្លៃ​ធំធេង ជួយ​ដល់​វិស័យ​សុខមាលភាព​នៅ​កម្ពុជា ពិសេស​ជួយ​ដល់​វេជ្ជបណ្ឌិត​ឯកទេស​កាន់​តែមាន​ជំនឿ​ជាក់​ដើម្បី​គោលដៅ​តែមួយ​គឺ​ក្នុងការ​ពិនិត្យ ព្យាបាល ផ្តល់ជូន​អ្នកជំងឺ​របស់​យើង នូវ​សេវា​សុខុមាលភាព កាន់តែ​ប្រសើរ​និង​ផ្តល់នូវ​ទំនុកចិត្ត ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ខ្ពស់ ក្នុងន័យ​ឆ្លើយតបបាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ស្របតាម​គោលនយោបាយ របស់​ក្រសួងសុខាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មុននឹង​បញ្ចប់​តាងនាម​មន្ទីរពេទ្យ​កាល់ម៉ែត និង​ខ្លួន​លោក​ផ្ទាល់ សូម​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់ លោក​សាស្ត្រាចារ្យ ស៊ែ​ហ្គូ គី​តា​ណូ (Siego Kitano)​ប្រធាន​សមាគម​អន្តោ​ទស្សន៍​កោសល្យ​ប្រព័ន្ធ​រំលាយ​អាហារ​អាស៊ី​ប៉ាស៊ីហ្វិក លោក​សាស្ត្រាចារ្យ ហ៊ី​សៅ តាជី​រិ (Hisao Tajiri) ប្រធាន​សមាគម​អន្តោ​ទស្សន៍​កោសល្យ​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​ប្រទេស​ជប៉ុន ព្រមទាំង​ក្រុម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សហ​ភា​តរៈ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ដែល បាន​ចូលរួម យ៉ាងច្រើន​កុះករ​ក្នុងឱកាស​នេះ​។​និង​សូម អរគុណ​អស់លោក​ជំទាវ លោក​-​លោកស្រី នាង​កញ្ញា ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ទាំងអស់ បាន​ប្រកប​តែ​នឹង​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​សន្និសីទ​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​និង​សូម​ប្រកាស​បើក វគ្គ​បណ្តុះបណ្តាល​ស្តីអំពី “​ការផ្សព្វផ្សាយ​តាម​តំបន់​ឥណ្ឌូចិន​របស់​សមាគម​អន្ត​ទស្សន៍​កោសល្យ​ប្រដាប់ រំលាយ​អាហារ​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី ១៤ នៅ​ប្រទេស​កម្ពុជា​ ចាប់ពីពេលនេះតទៅ”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114